យ៉ាងហោចណាស់ក៏មានក្រុមនារីៗនៅតាមបណ្ដាស្ថាប័នមួយចំនួននៅប្រទេសកម្ពុជា បាននឹងកំពុងគ្រោងរៀបចំបង្កើតឲ្យមានក្លឹបអ្នកកាសែតស្ត្រី ខណៈដែលអ្នកកាសែតស្ត្រី នៅកម្ពុជាកំពុងមានចំនួនតិចតួចនៅឡើយនោះ។ ការគ្រោងនឹងបង្កើតឲ្យមានក្លឹបអ្នកកាសែតនេះ ក្រុមនារីៗនៅតាមស្ថាប័នមួយចំនួន មានបំណងធ្វើការទាមទារឲ្យនារីៗដែលជាអ្នកសារព័ត៌មាននៅកម្ពុជា ត្រូវបានទទួលការលើកកម្ពស់នៅក្នុងការងារ និងការបណ្ដុះបណ្ដាលបន្ថែមទៀតលើជំនាញវិជ្ជាជីវៈរបស់ខ្លួន និងដើម្បីឲ្យអាជីពជាអ្នកសារព័ត៌មានត្រូវបាននារីចូលរួមឲ្យបានកាន់តែច្រើនឡើងទៅលើវិស័យនេះ។ នៅក្នុងនោះដែរ រដ្ឋាភិបាលកម្ពុជាក៏បានសម្ដែងនូវសុឆន្ទៈ និងការគាំទ្ររបស់ខ្លួនចំពោះការគ្រោង និងបង្កើតឲ្យមានក្លឹបអ្នកកាសែតស្ត្រីដែរ។
លោកស្រី ភួង ធីតា អនុប្រធាននាយកដ្ឋានព័ត៌មានសម្រាប់ការផ្សាយទៅបរទេសនៃទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា សព្វថ្ងៃនេះ អ្នកកាសែតស្ត្រីពិតជាមានហើយនៅប្រទេសកម្ពុជាយើង ប៉ុន្តែក្នុងនោះយើងគួរគិតថា តើអ្នកកាសែតស្ត្រីមានចំនួនប៉ុន្មាននាក់នៅកម្ពុជា ហើយអ្នកកាសែតស្ត្រីនៅកម្ពុជានេះមានសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួនបានដល់កម្រិតណាហើយ។ លោកស្រីបានគូសបញ្ជាក់ថា៖ "គម្រោងនេះអាចនឹងត្រូវចាប់ផ្ដើមពិតប្រាកដ បន្ទាប់ពីការបោះឆ្នោតអាណត្តិទី៤ចប់ជាស្ថាពរ"។ លោកស្រីបានបន្ថែមថា៖ "ភាគច្រើននៅក្នុងសង្គមគ្រួសារ បុរសដែលជាស្វាមីមិនសូវចូលចិត្តឲ្យស្ត្រីជាភរិយារបស់ខ្លួនទៅបម្រើការងារជាអ្នកកាសែតស្ត្រីនោះទេ ព្រោះគាត់យល់ថា ស្ត្រីជាអ្នកសារព័ត៌មានអាចនឹងចេញពីផ្ទះនៅពេលយប់ព្រលប់ ប្រសិនបើមានហេតុការណ៍មួយកើតឡើងជាចាំបាច់ ដូច្នេះកត្តាសង្គមត្រូវបានកំណត់ឲ្យស្ត្រីមិនអាចចូលរួមបានច្រើននៅក្នុងវិស័យព័ត៌មាន និងវិស័យមួយចំនួនទៀតផងដែរ"។
ចំណែកលោកស្រី ហូយ សុជីវណ្ណី មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការប្រឆាំងការរើសអើងនារីភេទ ស៊ី-ដ មានប្រសាសន៍ឲ្យដឹងផងដែរថា ខ្ញុំមានគំនិតចង់ឲ្យប្រទេសកម្ពុជាបានបង្កើតឲ្យមានក្លឹបអ្នកកាសែតស្ត្រីជាយូរមកហើយ។ លោកស្រីបានបន្តថា៖ "ក្នុងនាមខ្ញុំជាគណៈកម្មាធិការប្រឆាំងការរើសអើងនារីភេទនេះ គឺយើងចង់ឲ្យមានការបង្កើតក្លឹបអ្នកកាសែតស្ត្រី ដើម្បីចង់ទទួលសំឡេងពីនារីដែលជាអ្នកកាសែត និងអាចដឹងឮនូវបញ្ហាស្ត្រីដូចគ្នាតាមរយៈក្លឹបនារីនេះ"។ លោកស្រីបានគូសបញ្ជាក់ថា៖ "សព្វថ្ងៃនេះ បើយើងនិយាយអំពីស្ត្រីក្នុងវិស័យព័ត៌មាន គឺមានច្រើន ដូចជា ពិធីការិនី នៅស្ថាប័នខ្លះអាចមានដល់ទៅ ៥០-៦០% ឯណោះ ប៉ុន្តែបើយើងនិយាយអំពីស្ត្រីជាអ្នកសរសេរព័ត៌មានវិញ គឺមានតិចតួចណាស់ ដូច្នេះបើយើងអាចបង្កើតក្លឹបអ្នកកាសែតស្រីបានទទួលជោគជ័យនាពេលខាងមុខនេះមែន ទោះបីជាឆាប់ ឬក៏យូរក្ដី ក៏ខ្ញុំសូមសម្ដែងការអបអរសាទរចំពោះអ្នកកាសែតនារី ដែលត្រូវបានលើកទឹកចិត្តយ៉ាងនេះផងដែរ"។
យោងតាមប្រសាសន៍របស់លោក ជេត សន មន្ត្រីរដ្ឋបាលក្លឹបអ្នកកាសែតកម្ពុជា ចាប់តាំងពីបង្កើតក្លឹបអ្នកសារព័ត៌មានពីឆ្នាំ ២០០០-២០០៨ នេះ សមាជិកក្លឹបអ្នកកាសែតមានចំនួនដល់ទៅ ១៨១ នាក់ ក្នុងនោះអ្នកកាសែតជាស្ត្រីមានចំនួនត្រឹមតែ ១៧ នាក់ប៉ុណ្ណោះ។
ទាក់ទងនឹងគម្រោងបង្កើតក្លឹបអ្នកកាសែតស្ត្រីនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងឲ្យដឹងថា៖ "បើសិនក្រុមនារីៗមានបំណងចង់បង្កើតឲ្យមានជាក្លឹបអ្នកកាសែតនារីមែន គឺខ្ញុំសូមធ្វើការស្វាគមន៍ ដោយជួយចូលរួមគាំទ្រជាសម្ភារៈ និងថវិកាមួយចំនួន"។ លោកបានគូសបញ្ជាក់ថា៖ "ស្របជាមួយ និងការបង្កើតឲ្យមានក្លឹបអ្នកកាសែតស្ត្រី យើងគួរតែបញ្ចូលនូវកម្មវិធីមួយចំនួនដូចជា ក្នុង ១ឆ្នាំៗ ប្រសិនបើអ្នកកាសែតស្រីណាម្នាក់ បានសរសេរនូវអត្ថបទល្អៗដែលយើងអាចគិតថា ជាប់ជាចំណាត់ថ្នាក់នោះ យើងគួរតែបញ្ជូនអ្នកកាសែតនោះទៅកម្សាន្តនៅតាមបណ្ដាប្រទេសអាស៊ី ឬនៅលើពិភពលោក"។ លោកបានបន្តថា៖ "វាគឺជាគំនិតល្អណាស់ចំពោះអ្នកដែលបង្កើតនូវគម្រោងនេះ ព្រោះដើម្បីឲ្យនារីដែលជាអ្នកកាសែតបានទទួលនូវភាពថ្លៃថ្នូរ។ ហើយខ្ញុំក៏សូមជូនពរដល់ការចូលរួមបង្កើតនូវគម្រោងនេះ ហើយខ្ញុំក៏មានការជឿជាក់ថា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក៏លោកមានការជួយគាំទ្រដែរ"។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាលសារព័ត៌មាននៅកម្ពុជា បានឲ្យដឹងថា នៅឆ្នាំសិក្សា ២០០៧ - ២០០៨ នេះដោយគិតចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៤ និស្សិតដែលកំពុងសិក្សានាពេលសព្វថ្ងៃមានចំនួនសរុបដល់ទៅ ៧៩នាក់ ក្នុងនោះនិស្សិតស្ត្រីមានចំនួនតែ ២៧នាក់ ប៉ុណ្ណោះដែលកំពុងសិក្សាផ្នែកព័ត៌មាននាពេលបច្ចុប្បន្ននេះ៕

