ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ក្មេង​ស្រី​ត្រូវ​គេ​រំលោភ​ អំពាវនាវ​​រក​យុត្តិធម៌​ នៅ​ពេល​បុរស​រំលោភ​នាង​ ត្រូវ​តុលាការ​ដោះលែង​

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ពោធិ៍សាត់៖ ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​រំលោភ​បាន​និយាយ​ថា​ តុលាការ​ខេត្ត​ពោធិ៍សាត់​ពុករលួយ​ និង​អយុត្តិធម៌​ខ្លាំង​ណាស់​ ពី​ព្រោះ​តែ​បាន​ដោះលែង​ជន​ល្មើស​ឲ្យ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ជាប់​​គុក​បាន​ជាង​​បី​ខែ​ ដោយ​គ្មាន​ធ្វើ​ការ​ជំនុំ​ជម្រះ​ ហើយ​មិន​បាន​សង​ជំងឺ​ចិត្ត​ដល់​រូប​នាង​ទៀត​ នាង​បាន​អំពាវនាវ​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ផង។

ក្មេង​ស្រី​រងគ្រោះ​បាន​និយាយ​រៀប​រាប់​ប្រាប់​រស្មី​កម្ពុជា​កាល​ពី​ចុង​​សប្ដាហ៍​មុន​នេះ​​នៅ​ឯ​ស្នាក់​ការ​អង្គការ​​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់​នៅ​ក្នុង​ខណៈ​ពេល​​ដែល​នាង​​មក​កាន់​អង្គការ​​នេះ​ និង​​អង្គការ​អាដហុក​ ដើម្បី​ឲ្យ​អង្គការ​​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ពោធិ៍សាត់​ដោយ​ធ្វើ​យ៉ាង​ណា​​ត្រូវ​ចាប់​ជនល្មើស​មក​ដាក់​គុក​កាត់​ក្ដី​តាម​ច្បាប់។

ក្មេង​ស្រី​រងគ្រោះ​អាយុ​១៨​ឆ្នាំ​​រស់នៅ​ភូមិ​តាណៃ​ ឃុំ​អូរតាប៉ោង​ ស្រុក​បាកាន​ ត្រូវ​បាន​យុវជន​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ឈ្មោះ​ នៅប៉ី​​ អាយុ​២៤​ឆ្នាំ​ ចាប់​រំលោភ​បាន​សម្រេច​កាល​ពី​វេលា​យប់​ក្នុង​ខណៈ​នាង​ និង​មិត្ត​ភក្ដិ​ពីរ​បី​នាក់​ទៀត​​នាំ​គ្នា​ទៅ​ជួល​រឿង​ (ឌីស)មើល​ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​ផ្ទះ។ នាង​រងគ្រោះ​បាន​និយាយ​ថា​​ ពេល​នោះ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០០៨​ នាង​និង​មិត្ត​ភក្ដិ​ស្រីៗ​ពីរ​ទៅ​បី​នាក់​ទៀត​ បាន​ត្រូវ​ឈ្មោះ​ ប៉ី ​ស្ទះ​មក​ចាប់​នាង​ខ្ទប់​មាត់​ ហើយ​អូស​​ទៅ​លើ​ពំនូក​ចំបើង​ចំណុច​ទួល​​អង្គ​ហើយ​ចាប់​​នាង​រំលោភ។ ពេល​រំលោភ​ហើយ​ ជន​ល្មើស​បាន​គំរាម​ថា​ បើ​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​គេ​វា​នឹង​សម្លាប់​ចោល។ នាង​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង។

ការ​សង្ស័យ​ក៏​កើត​ឡើង​នៅ​ពេល​មិត្ត​ភកិ្ដ​ទៅ​ជួល​ឌីស​គេ​នោះ​មិន​ឃើញ​នាង។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ ពួក​គេ​ក៏​ប្រាប់​ម្ដាយ​នាង​ ពេល​នោះ​នាង​បាន​រៀបរាប់​ថា​ ឈ្មោះ​ ប៉ី​បាន​ចាប់​រំលោភ​នាង​នៅ​ពេល​នាង​ដើរក្រោយ​គេ។ ឮ​ដូច្នេះ​ ម្ដាយ​នាង​ក៏​​បាន​ទៅ​ប្ដឹង​ប្រធាន​ភូមិ​ និង​ប៉ូលិស​ប៉ុស្តិ៍​ទាំង​យប់។ ព្រឹក​ស្អែក​ឡើង​ថ្ងៃ​ទី​៣​ ខែ​តុលា​ ឆ្នាំ​២០០៨​ ប៉ូលិស​​ប៉ុស្តិ៍​ក៏​ទៅ​ចាប់​ជន​ល្មើស​ ហើយ​កសាង​​សំណុំ​រឿង​បញ្ជូន​មក​តុលាការ។ នៅ​ថ្ងៃ​ទី​៦​ ខែ​តុលា​ ឆ្នាំ​២០០៨​ តុលាការ​​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ប្រកាន់​រំលោភ​សេពសន្ថវៈ​បាន​សម្រេច។

ក្មេង​ស្រី​រងគ្រោះ​និយាយ​ថា​ ចៅ​ក្រម​ដែល​កាន់​សំណុំ​រឿង​ក្ដី​របស់​នាង​ ឈ្មោះ​ អ៊ិន​ បូផា។ នាង​និយាយ​ថា​ នៅ​ក្នុង​ដំណាក់កាល​ជន​ល្មើស​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នោះ​ ចៅ​ក្រម​បាន​ហៅ​នាង​មក​សាកសួរ​តែ​ម្ដង​ប៉ុណ្ណោះ​ ហើយ​បាន​និយាយ​ថា​ សូម​ឲ្យ​សម្របសម្រួល​​គ្នា​ដក​បណ្ដឹង​ ហើយ​ទទួល​យក​សំណង​រដ្ឋប្បវេណី​ទៅ។ តែ​នាង​បាន​បដិសេធន៍​ដោយ​សុំ​ឲ្យ​ធ្វើ​យ៉ាង​ណា​កាត់​ទោស​ជនល្មើស​ដាក់​គុក​តាម​កំណត់​ច្បាប់។

នាង​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០០៩​ ស្រាប់​តែ​​ឃើញ​ជន​ល្មើស​មាន​មុខ​ក្រឡឺម​ឯ​ផ្ទះ​របស់​ខ្លួន​វិញ​ហើយ​ពេល​រសៀល​គេ​ជប់​លៀង​ផឹក​ស៊ី​រាំរែក​ ព្រម​ទាំង​ប្រើ​ពាក្យ​ឌឺដង​ដាក់​នាង​​ និង​ក្រុម​គ្រួសារ​នាង​ទៀត​ផង​ ធ្វើ​ឲ្យ​​នាង​ភ័យ​មិន​ហ៊ាន​ដេក​ផ្ទះ។ នាង​និយាយ​ថា​ បណ្ដឹង​របស់​នាង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​​ចិត្ត​ចំនួន​៨​លាន​រៀល​ និង​ផ្ដន្ទាទោស​ជន​ល្មើស​តាម​ច្បាប់​ តែ​ឥឡូវ​នេះ​សំណង​មួយ​រៀល​ក៏​គ្មាន​ផង។

លោក​ អ៊ិន​ បូផា​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាការ​ដំបូង​ខេត្ត​ពោធិ៍សាត់​ដែល​កាត់ក្ដី​រឿង​នេះ​មិន​អាច​ធ្វើការ​​ទាក់ទង​ទូរស័ព្ទ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០០៩​នេះ​ ដើម្បី​ចង់​បញ្ជាក់​ពី​បញ្ហា​ខាង​លើ។ ប៉ុន្តែ​ក្រឡា​​បញ្ជី​របស់​លោក​ម្នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ដដែល​នេះ​ថា​ ជន​ជាប់​សង្ស័យ​គ្រាន់​តែ​​ដោះលែង​​ឲ្យ​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ផ្លាស់ប្ដូរ​បទ​ចោទ​ប្រកាន់​ទេ។ យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី​ ក៏​មិន​មាន​​មាត្រា​ណា​មួយ​ហាមឃាត់​​មិន​ឲ្យ​ជន​ជាប់​សង្ស័យ​ថា​ មិន​អាច​​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ដែរ។​ មន្ត្រី​ក្រឡាបញ្ជី​ដដែល​និយាយ​ថា​ ជន​សង្ស័យ​អាច​នៅ​ក្រៅ​ឃុំ​បាន​ ដោយ​បង់​តម្កល់​ប្រាក់​ធានា។

ក្រុម​មន្ត្រី​អង្គការ​អាដហុក​ និង​អង្គការ​លីកាដូ​និយាយ​ថា​ ករណី​​ខាង​លើ​នេះ​ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ ដែល​មិន​អាច​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ឡើយ។ បើ​បទ​ឧក្រិដ្ឋ​សុទ្ធ​តែ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​យ៉ាង​នេះ​ នោះ​និទណ្ឌភាព​នៅ​តែ​​អាច​កើត​មាន​ ហើយ​តុលាការ​មិន​អាច​​ឯករាជ្យ​ ឬ​យុត្តិធម៌​បាន​ឡើយ។

ក្មេង​ស្រី​​រងគ្រោះ​បាន​និយាយ​​ពាក្យ​យ៉ាង​មុត​មាំ​ចុង​ក្រោយ​ថា​​ នាង​សូម​អំពាវនាវ​​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​ ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ខ្លួន​ផង​ និង​សូម​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​ធ្វើ​​កំណែ​ទម្រង់​ឲ្យ​ខ្លាំង​មែនទែន​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​អាណត្តិ​ទី​៤​ នៃ​រាជរដ្ឋាភិបាល​នេះ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 28 Jan 2009