បទវិចារណកថានេះ ត្រូវបានដាក់លើវិបផតថលអំពីស្ត្រីកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០០៨
វិស័យទេសចរណ៍បានក្លាយទៅជាឧស្សាហកម្ម ដ៏ធំបំផុតនៅលើពិភពលោក នេះបើតាមអង្គការទេសចរណ៍ពិភពលោក។ ទេសចរណ៍គឺជាវិស័យសំខាន់មួយក្នុងការជំរុញដល់ការឈានទៅរកគោលគំនិតអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើវិស័យបរិស្ថាន សង្គមនិងសេដ្ឋកិច្ច។ ឧស្សាហកម្មទេសចរណ៍គឺជាកត្តាសេដ្ឋកិច្ចប្រកបដោយសក្ដានុពលដ៏ធំមួយនិងជានិយោជកដ៏សំខាន់របស់ស្ត្រី។ ការរីកចម្រើននៃវិស័យនេះបានផ្ដល់នូវឱកាសការងារជាច្រើន សម្រាប់ការរកចំណូលដោយឯករាជនិងបានជះឥទ្ធិពលដល់ជីវិតរបស់ស្ត្រីដែលរស់នៅនៅទីកន្លែងដែលជាគោលដៅទេសចរណ៍ ។ ពួកគេអាចក្លាយជាអ្នកទេសចរណ៍ឬជាអ្នកផ្ដល់សេវាទេសចរណ៍ដូចជា ជាម្ចាស់ឬជាអ្នកធ្វើការនៅក្រុមហ៊ុនទេសចរណ៍ឬសណ្ឋាគារ អាជីវកម្មផ្សេងៗជាអ្នកលក់ដូរតូចតាច ជាដើម។ ប្រការនេះ បង្កើតជាមាគ៌ាមួយឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រលើស្ត្រីនិងសហគមន៍នៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
នៅប្រទេសកម្ពុជាវិញក៏ដូចគ្នានេះដែរ " រដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ក្នុងយុទ្ធសាស្ត្រជាតិដើម្បីលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស សហគមន៍មូលដ្ឋានក្រីក្រតាមតំបន់គោលដៅទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធទិវាទេសចរណ៍ ពិភពលោកលើកទី២៨ ដែលកម្ពុជាប្រារព្ធក្រោមប្រធានបទ "ទេសចរណ៍ ផ្ដល់ឱកាសសម្រាប់ស្ត្រី" កាលពីឆ្នាំ២០០៧កន្លងទៅនេះ..." ដោយបាន "គូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍មូលដ្ឋាន មានសារសំខាន់ណាស់ ក្នុងការកំណត់យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែង ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ស្ត្រី ក្នុងការប្រកបរបរ នៅក្នុងសហគមន៍មូលដ្ឋាន ដោយទទួលបានប្រាក់កម្រៃសមរម្យ និងទទួលបានការបណ្ដុះបណ្ដាល ជំនាញអាជីព និងបង្កើនការអប់រំ។ ដើម្បីឈានទៅដល់គោលដៅនេះ ប្រកបដោយជោគជ័យ តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ផ្នែក ទាំងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ជាតិ និងអន្តរជាតិ ពិសេសវិស័យឯកជន ដែលប្រកបអាជីវកម្មផ្ទាល់ ក្នុងឧស្សាហកម្មទេសចរណ៍។"
សំខាន់ជាងនេះទៅទៀត នាឱកាសទិវាទេសចរណ៍ ពិភពលោកកាលពីខែកញ្ញាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុនសែនបានមានប្រសាសន៍ថា វិស័យទេសចរណ៍មានលក្ខណៈនិងសមត្ថភាពពិសេសក្នុងការផ្ដល់ការងារផ្នែកទេសចរណ៍និងជំនួញដល់ស្ត្រីប្រហែល៥៥ ភាគរយ ដែលជាកត្តាគន្លឹះឆ្លើយតបទៅនិងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក្ដី ការចូលរួមរវាងស្ត្រីនិងបុរសនៅក្នុងឧស្សាហកម្មគ្មានផ្សែងនេះ មានលក្ខណៈមិនស្មើភាពគ្នាឡើយ។ តាមរបាយការណ៍មួយស្ដីពី "យេនឌ័រនិងទេសចរណ៍ស្ត្រីនិងការងារនិងការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍"ដែលយើងអាចមើលឃើញក្នុងគេហ៍ទំព័រhttp://www.earthsummit2002.org/toolkits/women/current/gendertourismrep.html បានបង្ហាញរូបភាពរួមថា ឧស្សាហកម្មទេសចរណ៍ហាក់ដូចជាវិស័យមួយដ៏សំខាន់សម្រាប់ស្ត្រី ដោយអត្រានៃស្ត្រីដែលមានការងារធ្វើលើវិស័យនេះខ្ពស់ជាងវិស័យផ្សេងៗឯទៀត (ពី ៣៤% ទៅ៤០% គឺជាស្ត្រី)។ តួលេខនៃកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ តែ ទោះជាយ៉ាងដូច្នេះក្ដី នៅប្រទេសដែលមានខឿនឧស្សាហកម្មយូរអង្វែង ស្ត្រីមានចំនួន ៥០ ភាគរយ នៃកម្លាំងពលកម្ម។ ចំនួនម៉ោងដែលស្ត្រីធ្វើការគឺ៨៩ ភាគរយបើប្រៀបធៀបជាមួយបុរស មានន័យថាស្ត្រីធ្វើការ៨៩ម៉ោង ក្នុងពេលបុរសធ្វើការ ១០០ ម៉ោង។ តែស្ត្រីក៏ទទួលប្រាក់បៀវត្សរ៍តិចជាងបុរសដែរ គឺបានតែ ៧៩ ភាគរយ តែប៉ុណ្ណោះបើប្រៀបធៀបជាមួយបុរស។ តែគេមិនដឹងច្បាស់ថា មកពីហេតុអ្វី បានជាស្ត្រីធ្វើការតិចម៉ោងជាងបុរសនោះទេ អាចមកពីស្ត្រីភាគច្រើនត្រូវបានគេជ្រើសរើសជាអ្នកធ្វើការពាក់កណ្ដាលពេល ឬជាអ្នកធ្វើការបណ្ដោះអាសន្ន។ល។ ឬយ៉ាងណានោះ។
ទាក់ទងទៅនិងទំនាក់ទំនងអំពីចំនួនម៉ោងធ្វើការ និងប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រី នោះ របាយការណ៍ខាងលើបានឲ្យដឹងថាវាមានភាពខុសគ្នារវាងប្រទេសអភិវឌ្ឍនិងប្រទេសដែលមិនសូវអភិវឌ្ឍ។ ចំពោះប្រទេសអភិវឌ្ឍ និយោជិកដែលជាស្ត្រីទទួលបានប្រាក់ឈ្នួលក្នុងមួយសប្ដាហ៍ស្មើនិង ៨០ ភាគរយនៃប្រាក់ឈ្នួលរបស់មនុស្សប្រុស។ រីឯ ប្រទេសដែលមិនសូវអភិវឌ្ឍវិញ ប្រាក់ឈ្នួលរបស់ស្ត្រីត្រូវធ្លាក់ទៅចន្លោះពី ១០ ទៅ ៧០ ភាគរយ នៃប្រាក់ឈ្នួលរបស់បុរស។
របាយការណ៍ដដែលនោះក៏បានបង្ហាញតួលេខចន្លោះឆ្នាំ ១៩៨៨ និងឆ្នាំ ១៩៩៧ ថាមានការកើនឡើងយ៉ាងខ្លាំងពីការចូលរួមរបស់ស្ត្រីក្នុងវិស័យឧស្សាហកម្មទេសចរណ៍ក្នុងកម្រិតទូទាំងពិភពលោក។ តែការចូលរួមរវាងបុរសនិងស្ត្រីមិនបានស្មើភាពគ្នាឡើយ។ តាមខ្សែបណ្ដោយ គេសង្កេតឃើញស្ត្រីត្រូវបានគេជួលឲ្យធ្វើការងារនៅលំដាប់ថ្នាក់ប្រហាក់ប្រហែលបុរស តែស្ថានភាពនេះមានការផ្លាស់ប្ដូរនៅខ្សែបន្ទាត់ពីលើចុះក្រោម ។ គេនិយាយថា "Gender pyramid " ជារឿងទូទៅនៅក្នុងវិស័យទេសចរណ៍ មានន័យថាស្ត្រីភាគច្រើនត្រូវស្ថិតនៅក្នុងលំដាប់ថ្នាក់ទាបនិងមានឱកាសការងារតិចតួច ក្នុងពេលដែលការងារគ្រប់គ្រងភាគច្រើនត្រូវបុរសកាន់កាប់ ។ ជាមួយគ្នានេះដែរ ស្ត្រីមានឱកាសជោគជ័យតិចតួចណាស់ក្នុងការបំបែករចនាសម្ព័ន្ធការងារដែលការសម្រេចចិត្តភាគច្រើនស្ថិតនៅលើបុរស ដែលជារបាំងមួយមើលមិនឃើញ ហើយត្រូវបានគេហៅថា"ពិដានកញ្ចក់"(glass ceiling)។
របាយការណ៍បន្តទៀតថា ទេសចរណ៍ផ្លូវភេទក៏ជាចំណុចអវិជ្ជមានដ៏ចម្បងដែលជះឥទ្ធិពលដល់ស្ត្រីដែលធ្វើការក្នុងវិស័យឧស្សាហកម្មទេសចរណ៍នេះដែរ។ ស្ត្រីទាំងនោះត្រូវក្លាយទៅជាគោលដៅសិចស៊ីសំខាន់ ដូចជាពួកគេត្រូវស្លៀកពាក់យ៉ាងណាដើម្បីកន្ត្រាក់អារម្មណ៍ភ្ញៀវ ត្រូវតែជាស្ត្រីដែលស្អាតនិងក្មេង។ រូបភាពរបស់ស្ត្រីគ្របដណ្ដប់ភាគច្រើនទៅលើការផ្សាយពាណិជ្ជកម្ម ដោយមានស្នាមញញឹមស្រស់ ទាក់ទាញអារម្មណ៍ និងហាក់ដូចជាមិនមានជំទាស់អ្វីទៅនិងសំណូមពរភ្ញៀវឡើយ។
ទោះជាយ៉ាងណាក្ដី យើងឃើញថា ការចូលរួមរបស់ស្ត្រីនៅក្នុងអាជីវកម្មទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្ររបស់បុគ្គលតែប៉ុណ្ណោះទេ តែថែមទាំងកែប្រែរចនាសម្ព័ន្ធយេនឌ័រក្នុងការងារ និងក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងសហគមន៍។ សមត្ថភាពរបស់ស្ត្រីដែលគេមិនសូវប្រើ គួរត្រូវបានអនុវត្តនៅក្នុងទ្រង់ទ្រាយជាក្រុមហ៊ុនឬស្ថាប័នធំៗជាង។ យើងទាំងអស់គ្នា គួរជួយលើកទឹកចិត្តដល់ស្ត្រី ដើម្បីស្ត្រីអាចទទួលស្គាល់នូវសក្ដានុពលរបស់ខ្លួន ពេលនោះផលប្រយោជន៍មិនមែនមានតែស្ត្រីនោះទេដែលទទួលបាន តែផលប្រយោជន៍ទាំងនោះក៏ទៅដល់សហគមន៍ទាំងមូលផងដែរ។
ដូច្នេះ បញ្ហាយេនឌ័រនិងទេសចរណ៍មិនគួរត្រូវគេផាត់ចេញពីការបញ្ជ្រាបទៅក្នុងគោលនយោបាយនានាឡើយ។ ជោគជ័យនៃការផ្ដួចផ្ដើមគំនិតរបស់ស្ត្រីក្នុងវិស័យទេសចរណ៍គួរត្រូវគេមើលឃើញថាជាផ្នែកមួយនៃជោគជ័យថ្នាក់មាក្រូសេដ្ឋកិច្ចផងដែរ។
មានលក្ខខណ្ឌជាច្រើន ដែលយើងអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវសក្ដានុពលវិស័យទេសចរណ៍។ ការងារនេះទាមទារនូវកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន រួមមានស្ថាប័នរដ្ឋ អន្តរក្រសួង អាជ្ញាធរមូលដ្ឋាន សហជីព អង្គការមិនមែនរដ្ឋាភិបាល សហគមន៍។ល។ ទន្ទឹមនិងនោះ ជាមួយនិងការកើនឡើងនៃការប្រើប្រាស់សក្ដានុពលទេសចរណ៍ គេក៏ត្រូវកំណត់គោលដៅសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នាពេលអនាគត ដោយត្រូវធានានូវបរិស្ថានធម្មជាតិ និងកេរដំណែលវប្បធម៌ ការទប់ស្កាត់ការជួញដូរមនុស្ស ព្រមទាំងធានានូវការកើនឡើងនៃយុត្តិធម៌និងសេដ្ឋកិច្ចសង្គមផងដែរ។
ភ្នំពេញ ១០ មករា ២០០៨
ជឹម ម៉ាណាវី

