ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

អនុក្រឹត្យ​​ថ្មី៖ ជន​បរទេស​អាច​កាន់កាប់​ផ្ទះ​៧០%

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

សំណង់​អគារ​ផ្ទះ​ល្វែង​ថ្មី​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​នៅ​​កំពុង​សាងសង់។
(រូបថត៖ Juil Jeate)
ក្រុមហ៊ុន​អភិវឌ្ឍន៍​ការ​សាងសង់​​បាន​ទទួល​តម្រុយ​ខ្លះៗ​ទាក់ទង​នឹង​អនុក្រឹត្យ​ថ្មី​ ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ មាន​សិទ្ធិ​កាន់កាប់​អគារ​ខុនដូ​ប្រហែល​ ៧០ភាគរយ​ ដើម្បី​លើក​កម្ពស់​វិស័យ​អចលនវត្ថុ​ និង​សំណង់​នៅ​កម្ពុជា។

អនុក្រឹត្យ​ដែល​អនុម័ត​ដោយ​ទី​​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ ចែង​ថា​ ជនបរទេស​នៅ​កម្ពុជា​ អាច​មាន​សិទ្ធិ​កាន់កាប់​ផ្ទះ​ប្រហែល​​ ៧០ភាគរយ។

តួលេខ​នេះ​ មាន​ចំនួន​​ទាប​ជាង​​តួ​លេខ​​ដែល​បាន​​កំណត់​នៅ​ក្នុង​​សេចក្ដី​ព្រាង​ច្បាប់​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​​ កាល​ពី​​ខែ​មុន​ ដែល​បាន​កំណត់​ថា​ ជនបរទេស​អាច​មាន​សិទ្ធិ​កាន់កាប់​​ផ្ទះ​ចំនួន​ ៨០ភាគរយ។ ទោះ​បី​ជា​យ៉ាង​​ណា​ក៏​ដោយ​​ តួ​លេខ​នេះ​​នៅ​តែ​​មាន​ចំនួន​ខ្ពស់​ជាង​​សេចក្ដី​ព្រាង​​ច្បាប់​លើក​ដំបូង​​ស្ដី​ពី​កម្មសិទ្ធិ​របស់​ជនបរទេស​កាល​ពី​ចុង​ឆ្នាំ​​២០០៩​ដែល​មាន​តែ​​៤៩ភាគរយ។

លោកស្រី​ នន់ ភានី​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា​ «ការ​សម្រេច​ចិត្ត​ដូច្នេះ​​គឺ​ដើម្បី​ឲ្យ​ជនជាតិ​កម្ពុជា​​ អាច​មាន​ចំណែក​កាន់កាប់​អចលនវត្ថុ​បាន​​កាន់​តែ​ច្រើន​ដោយ​មិន​ឲ្យ​ជនបរទេស​កាន់កាប់​ច្រើន​ពេក​នោះ​ទេ»។

ទោះ​បី​តួ​លេខ​កាន់កាប់​អចលនវត្ថុ​របស់​ជនបរទេស​​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ ប៉ុន្តែ​​អនុក្រឹត្យ​នេះ​ជា​ចំណុច​​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​វិនិយោគិន​បរទេស​ ជួយ​ជំរុញ​ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​ ឲ្យ​មាន​ការ​អភិវឌ្ឍន៍។

លោកស្រី​ ភានី​ ជឿ​ជាក់​ថា​ ការ​​អភិវឌ្ឍ​វិស័យ​នេះ​ មិន​អាច​ពឹង​ផ្អែក​តែ​​លើ​អ្នក​ទិញ​​ក្នុង​ស្រុក​ឡើយ។

អ្នក​វិភាគ​ បាន​ឯកភាព​ថា​ ការ​​អនុម័ត​របស់​រដ្ឋាភិបាល​ លើ​សិទ្ធិ​ជា​កម្មសិទ្ធិ​របស់​ជនបរទេស​ អាច​ជួយ​ដល់​រដ្ឋាភិបាល​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

តម្លៃ​​ដីធ្លី​​ និង​ផ្ទះ​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​៤០​ទៅ​៦០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាល​​ឆ្នាំ​២០០៨ ​​ខណៈ​ដីធ្លី​ និង​ផ្ទះ​នៅ​កម្ពុជា​ ឡើង​​ថ្លៃ​​កប់ពពក។

លោក Bretton G Sciaroni ជា​ដៃ​គូ​​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Sciaroni & Associates និង​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ដល់​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ អនុក្រឹត្យ​នេះ​បាន​ផ្ដល់​ឱកាស​ថ្មី​ដល់​សេដ្ឋកិច្ច​​​កម្ពុជា។ លោក​បាន​លើក​ឡើង​​ថា​ «វា​អាច​ជួយ​កម្ពុជា​តាម​មធ្យោបាយ​ច្រើន​ ដោយ​មិន​​ត្រឹម​តែ​​​​បង្កើត​អាជីវកម្ម​យូរ​អង្វែង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ មក​ពី​ក្រៅ​ប្រទេស​ទៀត​ផង»។ លោក​បាន​ផ្ដល់​តម្រុយ​ថា​ អនុក្រឹត្យ​នេះ​នឹង​​អាច​​ជួយ​ប្រែ​ក្លាយ​​កម្ពុជា​ទៅ​ជា​កន្លែង​ទាក់ទាញ​ប្រចាំ​តំបន់​ ដោយសារ​អនុក្រឹត្យ​នេះ​មិន​សូវ​តឹងរ៉ឹង​ដូច​នៅ​ប្រទេស​ជិត​ខាង។

លោក​បាន​លើក​ឡើង​ថា​ «យើង​កាន់​តែ​បើក​ចំហ​ និង​មាន​​បរិយាកាស​កាន់​តែ​សេរី​ជាង​នៅ​ប្រទេស​ថៃ»។ នៅ​ប្រទេស​ថៃ​​ជនបរទេស​អាច​កាន់​កាប់​ផ្ទះ​បាន​តែ​​៤៩ភាគរយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​​អភិវឌ្ឍន៍​សាងសង់​ទី​ក្រុង​​រណប​នៅ​រាជធានី​ ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ វា​នឹង​ជួយ​អភិវឌ្ឍ​ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​មាន​កំណើន​ នៅ​ពេល​​វិនិយោគិន​ អាច​ទិញ​អចលនវត្ថុ​កាន់​តែ​​ប្រសើរ។

លោក​ ទូច​ សំណាង​ ប្រធាន​គ្រប់គ្រង​គម្រោង​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ «អនុក្រឹត្យ​នេះ​ ល្អ​សម្រាប់​​ការ​អភិវឌ្ឍ​ទីផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន។ យើង​រំពឹង​ថា​ តាមរយៈ​ការ​ផ្ដល់​សិទ្ធិ​កាន់កាប់​​នេះ​ជនបរទេស​កាន់​តែ​ច្រើន​ នឹង​ពិចារណា​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា»។

ក្រុមហ៊ុន​លោក​ កំពុង​អភិវឌ្ឍ​សាងសង់​ផ្ទះ​ និង​វិទ្យា​ ១៦៨ល្វែង​នៅ​កោះពេជ្រ។ មក​ទល់​នឹង​​ពេល​បច្ចុប្បន្ន​នេះ​ការ​សាងសង់​នោះ​បាន​បញ្ចប់​៤០ភាគរយ។

លោក​ ស៊ឹង​ ប៊ុណ្ណា​ ប្រធាន​​ និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប៊ុណ្ណារៀល​ធីគ្រូប​ យល់​ឃើញ​ថា​ អនុក្រឹត្យ​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​​ ក្លាយ​​ទៅ​ជា​កន្លែង​​កាន់​តែ​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស។ តែ​លោក​ព្រមាន​ថា​ អនុក្រឹត្យ​នោះ​​មិន​គ្រប់គ្រាន់​សម្រាប់​ទាក់ទាញ​វិនិយោគិន​ ឲ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ទេ​ «កម្ពុជា​ចាំបាច់​ត្រូវ​មាន​គ្រឿង​ជំរុញ​ទឹក​ចិត្ត​​ផ្សេង​ទៀត»៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 19 Jul 2010