ភ្នំពេញ៖ ការិយាល័យស្រុកប្រតិបត្តិចំនួនពីរ ក្នុងស្រុកចម្ការលើ និងស្ទឹងត្រែងក្នុងខេត្តកំពង់ចាមបានធ្វើការជាមួយយុវវ័យទាក់ទងសុខភាពបន្តពូជ និងភាពជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់។
លោកវេជ្ជបណ្ឌិត សេង សុផារុន នាយករងមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ៨០ភាគរយ នៃភូមិក្នុងតំបន់គ្រប់ដណ្ដប់របស់មណ្ឌលសុខភាពត្រូវជ្រើសរើសយុវវ័យ២នាក់ក្នុងមួយភូមិដើម្បីអប់រំ និងទាក់ទាញយុវជនឲ្យចូលរួមក្នុងកម្មវិធីសុខភាពបន្តពូជ នៅដំណាច់ឆ្នាំ២០០៩។ ៦០ភាគរយនៃយុវជនដែលបានជ្រើសរើសនៅក្នុងភូមិនឹងមកប្រើប្រាស់សេវានៅមណ្ឌលសុខភាពនៅដំណាច់ឆ្នាំ២០០៩។
សំដៅដល់ស្ថានភាពបច្ចុប្បន្នលោកវេជ្ជបណ្ឌិត សេងសុផារុន បានបន្តថា មណ្ឌលសុខភាពទាំង១៣របស់ស្រុកប្រតិបត្តិទាំងពីរមិនទាន់បានគណនាភាគរយនៃយុវវ័យមកប្រើប្រាស់សេវានៅមណ្ឌលសុខភាពត្រឹមត្រូវនៅឡើយទេ។
តើក្រសួងសុខាភិបាលឆ្លើយតបយ៉ាងដូចម្ដេចចំពោះបញ្ហាសុខភាពបន្តពូជលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ វួចឆេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា "ក្រសួងសុខាភិបាលបានចាត់ទុកសុខភាពបន្តពូជមាតានិងទារក និងកុមារជាអាទិភាពខ្ពស់បំផុតក្នុងនោះសុខភាពបន្តពូជយុវវ័យជាផ្នែកមួយនៃសុខភាពបន្តពូជមាតា ទារក និងកុមារ"។ លោកស្រីសាស្ត្រាចារ្យបានបន្តថា សេវាកម្មសុខភាពយុវវ័យបានចាប់ផ្ដើមដំណើរការនៅក្នុងស្រុកប្រតិបត្តិមួយចំនួននិងកំពុងបន្តពង្រីកការគ្របដណ្ដប់ឲ្យបានច្រើនទៅតាមទិសដៅដែលបានកំណត់។
លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង បានបន្តថា ការងារនេះនឹងចូលរួមកាត់បន្ថយការប្រព្រឹត្តខុស និងការប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខភាពយុវវ័យដូចជាការជួញដូរមនុស្ស ការបំពានរាងកាយ និងផ្លូវភេទ ការសេពគ្រឿងញៀន ការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ និងបញ្ហាសុខភាពបន្តពូជដទៃទៀត៕





