មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកម្ពុជានឹងភ្ជាប់ការហោះហើរផ្លូវអាកាស ជាមួយប្រទេសឥណ្ឌនេស៊ី និងប្រ៊ុយណេ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងស្រូបយកអ្នកទេសចរ ពីប្រទេសទាំងពីរនេះ។
លោក ទិត ចន្ថា អគ្គនាយកក្រសួងទេសចរណ៍ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកម្ពុជានឹងភ្ជាប់ការហោះហើររវាងទីក្រុងបូរូបូឌូរបស់ឥណ្ឌូនេស៊ីជាមួយខេត្តសៀមរាប នៅក្នុងខែមេសាឆ្នាំនេះ ហើយបន្ទាប់មកនឹងធ្វើការភ្ជាប់ការហោះហើរ ជាមួយប្រទេសប្រ៊ុយណេបន្ថែមទៀត។
លោក ទិត ចន្ថា ថ្លែងថា "យើងកំពុងតែធ្វើការចរាចរផ្នែកបច្ចេកទេសដើម្បីដាក់ឲ្យមានការហោះហើរត្រង់ទៅត្រង់មកជាមួយប្រទេសទាំងពីរហើយយើងសង្ឃឹមថា បើសិនជាផែនការនេះអាចដំណើរការបានដូចការគ្រោងទុកនោះវានឹងជួយធ្វើឲ្យមានកំណើនភ្ញៀវទេសចរមកក្នុងប្រទេសកាន់តែច្រើនថែមទៀត"។
ប្រទេសកម្ពុជាមានបំណងចង់ភ្ជាប់ការហោះហើរផ្នែកផ្លូវអាកាសជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ឲ្យបានទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ ប៉ុន្តែសព្វថ្ងៃនេះគេទើបតែធ្វើការភ្ជាប់ការហោះហើរបានជាមួយប្រទេសចំនួន៥ប៉ុណ្ណោះ ក្នុងនោះមានប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។
កាលពីចុងឆ្នាំ២០០៩ ក្រសួងទេសចរណ៍បានប្រកាសថា ប្រទេសកម្ពុជានឹងភ្ជាប់ការហោះហើរ ផ្លូវអាកាសជាមួយប្រទេសហ្វីលីពីននៅឆ្នាំនេះ ប៉ុន្តែកាលពីថ្ងៃអាទិត្យមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ជើងហោះហើរដំបូងពីហ្វីលីពីននៅមិនទាន់អាចចាប់ផ្ដើមបាននៅឡើយទេ ពីព្រោះនៅមានការរៀបចំផ្នែកបច្ចេកទេសបន្ត។ លោក ទិត ចន្ថា បាននិយាយថា ប្រទេសកម្ពុជានឹងភ្ជាប់ ការហោះហើរ ជាមួយប្រទេសហ្វីលីពីន នៅក្នុងពេលឆាប់ៗខាងមុខនេះនៅក្រោយពេលការរៀបចំផ្នែកបច្ចេកទេសត្រូវបានធ្វើចប់សព្វគ្រប់។
ទិត ចន្ថា និយាយថា "យើងមានគោលបំណងភ្ជាប់ការហោះហើរជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរមកក្នុងប្រទេសពីព្រោះថា ទេសចរណ៍គឺជាប្រភពនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ"។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយកាល ពីថ្ងៃអាទិត្យថា សព្វថ្ងៃប្រទេសកម្ពុជា គឺជាប្រទេសដែលមានការទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតនៅក្នុងតំបន់ពីព្រោះប្រទេសនេះសម្បូរដោយសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ ប៉ុន្តែជាការគួរឲ្យសោកស្ដាយដោយសារប្រទេសនេះភ្ជាប់ការហោះហើរផ្នែកផ្លូវអាកាសជាមួយប្រទេសក្នុងតំបន់បានតិចទើបធ្វើឲ្យចំនួនភ្ញៀវដែលមកកម្សាន្តមានចំនួនតិចតួច។
លោក គឹម អៀង "យើងគាំទ្រគ្រប់សកម្មភាពភ្ជាប់ការហោះហើរទាំងអស់របស់ប្រទេសកម្ពុជាជាមួយប្រទេសនៅក្នុងតំបន់ និងពិភពលោកពីព្រោះយើងជឿថា មានជើងហោះហើរច្រើនទើបមានទេសចរចូលមកកម្សាន្តច្រើន"។
ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៩ កន្លងទៅនេះក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ១ ១៦១ ៥៧៧នាក់ ដែលចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាមានអ្នកទេសចរចំនួន ១ ១១១ ៧២៩ នាក់ដែលចូលមកតាមផ្លូវអាកាសក្រៅពីនោះ គឺចូលមកតាមផ្លូវគោក និងផ្លូវទឹក។
លោក ទិត ចន្ថា បាននិយាយថា នៅឆ្នាំខាងមុខប្រទេសកម្ពុជានឹងមានចំនួនភ្ញៀវទេសចរកើនឡើងច្រើនថែមទៀតបើសិនជាផែនការភ្ជាប់ការហោះហើរផ្នែកផ្លូវអាកាសជាមួយប្រទេសជាច្រើនត្រូវបានរដ្ឋាភិបាលធ្វើការចរាចរទទួលបានជោគជ័យ។ លោកបន្តថា "យើងសង្ឃឹមថា ប្រទេសកម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរក្នុងរង្វង់ប្រមាណជា ១០ភាគរយនៅក្នុងឆ្នាំខាងមុខនេះ"៕





