ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

វិបត្តិ​ហិរញ្ញវត្ថុ​អាច​ឲ្យ​កម្ពុជា​ប្រឈម​មុខ​ នឹង​បញ្ហា​ជួញដូរ​មនុស្ស​

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ​៖ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឲ្យ​​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ងាយ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​ជួញដូរ​មនុស្ស​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

លោក​ លឹម​ ទិត្យ​​ អ្នក​សម្របសម្រួល​​នៃ​គម្រោង​​អន្តរ​ភ្នាក់ងារ​​អង្គការ​​សហប្រជាជាតិ​​ស្ដី​អំពី​អំពើ​រត់​ពន្ធ​មនុស្ស​ បាន​អះអាង​​កាល​ពី​ថ្ងៃ​​ទី​២៧​ ខែ​មករា​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​អាច​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​ និង​នៅ​ជនបទ​​ប្រឈម​មុខ​ខ្លាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូប​ភាព​​ប្រសិន​បើ​កម្ពុជា​​មិន​មាន​វិធាន​ការ​ទប់ទល់​ទេ​នោះ។

លោក​បាន​អះអាង​ថា​ ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ​ គឺ​មក​ទី​ក្រុង​​ដើម្បី​រក​ការងារ​ធ្វើ​ ប៉ុន្តែ​​ប្រសិន​បើ​ការងារ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​​ ប៉ុន្តែ​ប្រសិន​បើ​ការងារ​ដែល​ពួក​គេ​កំពុង​​តែ​ធ្វើ​​ត្រូវ​បាត់បង់​ ដោយ​សារ​តែ​ការ​រីក​រាលដាល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​ត្រូវ​តែ​បង្ខំ​ចិត្ត​ស្វែង​រក​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​សម្រាប់​​ចិញ្ចឹម​គ្រួសារ​​ និង​ជីវិត​របស់​ពួក​គេ​ ដូច្នេះ​​វា​ងាយ​បំផុត​នៅ​ក្នុង​ការ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស។

លោក​ លឹម​ ទិត្យ​ បាន​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​របស់​លោក​ខ្លាំង​​មែនទែន​​នៅ​ពេល​ដែល​​ផល​ប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កំពុង​​តែ​ធ្វើ​ដំណើរ​សន្សឹមៗ​មក​ដល់​ប្រទេស​កម្ពុជា។

វិបត្តិ​ហិរញ្ញវត្ថុ​បាន​រីក​រាលដាល​ខ្លាំង​នៅ​លើ​ពិភពលោក​​ កាល​ពី​ចុង​ឆ្នាំ​២០០៨​ ដោយ​ចេញ​ដំណើរ​ពី​អាមេរិក​មក​កាន់​អឺរ៉ុប​ ហើយ​នឹង​មក​ដល់​អាស៊ី​ហើយ​វា​កំពុង​តែ​មក​ដល់​ប្រទេស​កម្ពុជា​បើ​ទោះ​បី​ជា​អ្នក​សេដ្ឋកិច្ច​​បាន​អះអាង​ថា​ វា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​​ប៉ះពាល់​ចំ​ និង​ប្រឈម​មុខ​ធ្ងន់ធ្ងរ​នឹង​វិបត្តិ​នេះ​ក៏​ដោយ។

នៅ​ក្នុង​របាយការណ៍​ខែ​មករា​​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ទោះ​បី​ជា​កម្ពុជា​​បច្ចុប្បន្ន​នេះ​មិន​រង​ផល​ប៉ះពាល់​ច្រើន​ពី​វិបត្តិ​នេះ​ តែ​កម្ពុជា​​ក៏​មិន​អាច​ជៀស​ផុត​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​នេះ​បាន​ឡើយ។

លោក​ ហួត​ អេងតុង​ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា​ ការ​រីក​រាលដាល​​នៃ​វិបត្តិ​នោះ​កំពុង​​តែ​ធ្វើ​ឲ្យ​បណ្ដា​ស្ថាប័ន​ឥណទាន​ខ្នាត​តូច​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទុន​នៅ​ក្នុង​ការ​គាំទ្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ពេល​​ដែល​ឥណទាន​​នេះ​កំពុង​តែ​ដើរ​តួនាទី​ យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​​នៅ​តំបន់​ជនបទ។

ក្រៅ​ពី​នេះ​​ផល​ប៉ះពាល់​មក​លើ​វិស័យ​ឥណទាន​ ហើយ​វិបត្តិ​នេះ​ក៏​កំពុង​​តែ​មក​ដល់​វិស័យ​កាត់ដេរ​ ដែល​ជា​វិស័យ​មួយ​កំពុង​​តែ​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​ការងារ​ធ្វើ​ និង​ប្រាក់​ចូល​ជាតិ​ និង​កម្មករ​ប្រមាណ​ជា​៤០០.០០០​នាក់​ហើយ។

កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​នេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ ការ​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​​របស់​កម្ពុជា​គឺ​ធ្លាក់​ចុះ​ ហើយ​រោងចក្រ​មួយ​ចំនួន​ខ្លះ​បាន​បិទទ្វារ។

លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​កាល​ពី​ពេល​ថ្មី​នេះ​ថា​ ប្រសិន​បើ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នៅ​តែ​មិន​​អាច​​ទទួល​បញ្ជា​ទិញ​បាន​ច្រើន​ទៀត​នោះ​ នៅ​ខែ​​ឧសភា​ខាង​មុខ​នេះ​ រោងចក្រ​ជា​ច្រើន​នឹង​ត្រូវ​បិទទ្វារ​ ហើយ​កម្មករ​មាន​រហូត​ដល់​ទៅ​៧​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ។

ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ​ លោក​ លឹម​ ទិត្យ​ បាន​អះអាង​ថា​ ប្រសិន​បើ​ពួក​គេ​ពិត​ជា​ត្រូវ​បាត់បង់​ការងារ​ធ្វើ​មែន​នោះ​ពួក​គេ​អាច​ជា​ក្រុម​ដែល​ងាយ​រងគ្រោះ​មួយ​នៅ​ក្នុង​ការ​ជួញដូរ​មនុស្ស​បាន។

លោក​បាន​បន្ត​ទៀត​ថា​ "ខ្ញុំ​ជឿជាក់​ថា​ មួយ​ចំនួន​នៃ​កម្មករ​ទាំងអស់​នោះ​នឹង​មិន​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​គេ​ឡើយ​ដោយសារ​តែ​តម្រូវការ​​ប្រាក់​ចំណូល​ និង​កិត្តិយស"។

លោក​​បាន​បញ្ជាក់​ថា​ "ការ​ស្វែងរក​ប្រាក់​ចំណូល​ និង​ការ​កែលំអ​ជីវភាព​ គឺ​ជា​​អន្ទាក់​មួយ​របស់​ជន​ដែល​ងាយ​រងគ្រោះ​ធ្លាក់​ទៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស"។

លោក​បាន​បន្ត​ទៀត​ថា​ ពួក​គេ​អាច​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​​ផ្លូវ​ភេទ​​នៅ​តាម​ទី​ក្រុង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ហើយ​ក៏​អាច​​ក្លាយ​ខ្លួន​ជា​ជន​រងគ្រោះ​ដោយសារ​តែ​​អំពើ​ជួញដូរ​មនុស្ស​លក់​កម្លាំង​ពលកម្ម​ អ្នក​សុំ​ទាន​នៅ​ប្រទេស​ជិត​​ខាង​ជា​ដើម។

លោក​បាន​បន្ត​ទៀត​ថា​ តាម​បទ​ពិសោធន៍​កន្លង​មក​ យើង​ធ្លាប់​រក​ឃើញ​​មាន​ករណី​ជួញដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីត​ ហើយ​ក៏​សង្ស័យ​ពី​ការ​ជួញដូរ​​មនុស្ស​ទៅ​រហូត​ដល់​សូម៉ាលីជា​ដើម​ ជាក់ស្ដែង​ដូច​ជា​ករណី​កង​ទ័ព​ឥណ្ឌា​បាញ់​ច្រឡំ​ទូក​នេសាទ​ថៃ​មួយ​គ្រឿង​ថា​ ជា​ទូក​ចោរ​សមុទ្រ​ ដោយ​នៅ​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប​នៅ​រស់​រាន​មាន​ជីវិត។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 29 Jan 2009