ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ឪពុក​បង្កើត​ និង​ម្ដាយ​ចុង​លក់​កូន​ស្រី​អាយុ​១៥​ឆ្នាំ​ ជាប់​គុក​ក្នុង​ម្នាក់ៗ​២​ឆ្នាំ

ភ្នំពេញ​៖ ឪពុក​បង្កើត​ និង​ម្ដាយ​ចុង​ដែល​រួម​គំនិត​គ្នា​យក​កូន​ស្រី​អាយុ​១៥​ឆ្នាំ​ទៅ​លក់​ឲ្យ​ធ្វើ​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​ ក្រុង​ភ្នំពេញ​​ បាន​ត្រូវ​តុលាការ​សម្រេច​តម្កល់​សាលក្រម​ចុះ​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៧​ឲ្យ​នៅ​ដដែល​ ពោល​គឺ​ត្រូវ​ជាប់​គុក​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ​ពី​បទ​ជួញដូរ​មនុស្ស។ ជន​ជាប់​ចោទ​ជា​ឪពុក​បង្កើត​ឈ្មោះ​ ចាន់ធី​ ហៅ​ ថន​ វុទ្ធី​ អាយុ​៣៧​ឆ្នាំ​ និង​ម្ដាយ​ចុង​ឈ្មោះ​ សារ៉ន​ រិន​ ហៅ​ នៅរិន​ អាយុ​៣៥​ឆ្នាំ​ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​នៅ​ខែ​មករា​ ឆ្នាំ​២០០៨​ ក្រោយ​ពេល​ដែល​​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០០៧​ ដោយ​សម្រេច​​កំបាំង​​មុខ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ​ពី​បទ​ជួញដូរ​មនុស្ស​​ប្រព្រឹត្ត​នៅ​សង្កាត់​ចាក់​​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​ ក្រុងភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០០៣។

អង្គហេតុ​នៃ​រឿង​ក្ដី​នេះ​ គឺ​ផ្ដើម​ចេញ​ពី​ជន​ជាប់​ចោទ​ទាំង​២​បាន​នាំ​កូន​ស្រី​អាយុ​១៥​ឆ្នាំ​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​​ធ្វើ​នៅ​ផ្ទះ​លក់​បាយ​មួយ​កន្លែង​​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​តម្លៃ​៤៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ប៉ុន្តែ​​ពេល​ជន​ជាប់​​ចោទ​ទទួល​​យក​លុយ​រួច​​ចេញ​​បាត់​នោះ​ មាន​បុរស​ម្នាក់​មក​ចាប់​​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​បង្ខាំង​​ក្នុង​បន្ទប់​​ហើយ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ ដោយ​និយាយ​ថា​ ឪពុក​ម្ដាយ​បាន​លក់​កូន​ស្រី​ឲ្យ​មក​ពួក​ខ្លួន​ហើយ។

អំឡុង​ពេល​ដែល​រស់នៅ​​ទី​នោះ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​បាន​ត្រូវ​ម្ចាស់​ផ្ទះ​ធ្វើ​​ទារុណ​កម្ម​​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​​ដូច​ជា​វាយដំ​ និង​ឆក់​ខ្សែ​ភ្លើង​ជា​ដើម​ លុះ​ក្រោយ​មក​ប៉ូលិស​បាន​សហការ​ជាមួយ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ចូល​រំដោះ​ក្មេង​​ស្រី​រូប​នោះ​​ឲ្យ​មាន​សេរីភាព​វិញ​ ហើយ​ក៏​បាន​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចោទ​ប្រកាន់​លើ​ឪពុក​បង្កើត​ និង​ម្ដាយ​ចុង​រូប​នេះ​ពី​បទ​ជួញដូរ​មនុស្ស។

ក្រោយ​ពេល​ប៉ូលិស​ចាប់​ខ្លួន​ បាន​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៨​ ជន​ជាប់​ចោទ​ទាំងពីរ​បាន​ប្ដឹង​​ទាស់​នឹង​សាលក្រម​របស់​តុលាការ​​ដែល​សម្រេច​ដាក់​គុក​ពួក​​គេ​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០០៨​តុលាការ​​បាន​លើក​យក​បណ្ដឹង​ទាស់​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះ​ ដោយ​មាន​លោក​ អ៊ីវ​ គឹមស៊្រី​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ ភូ​ ពៅស៊ុន​ លោក​ ឌិន​ ស៊ីវុទ្ធី​ ជា​សមាជិក​ក្រុមប្រឹក្សា​ និង​លោក​ សុខ​ កល្យាណ​ ជា​តំណាង​អយ្យការ។

ក្នុង​សវនាការ​ជន​ជាប់​ចោទ​​ទាំងពីរ​បាន​បដិសេធ​ថា​ ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ​​ពោល​គឺ​កូន​ស្រី​មាន​ចរិត​មិន​ល្អ​ ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ទើប​​ធ្លាក់​ចូល​ផ្លូវ​អាក្រក់​យ៉ាង​ដូច្នេះ។ ប៉ុន្តែ​តាម​ចម្លើយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ ដែល​អាន​ដោយ​ក្រឡា​បញ្ជី​សវនាការ​បាន​បញ្ជាក់​ថា​ ឪពុក​បង្កើត​​និង​ម្ដាយ​ចុង​ពិត​ជា​បាន​យក​នាង​ទៅ​លក់​នៅ​ផ្ទះ​បន​ចាក់​អង្រែ​ក្រោម​ប្រាកដ​មែន។ ដូច្នេះ​ហើយ​តុលាការ​​បាន​តម្កល់​សាលា​ក្រម​ឲ្យ​នៅ​ដដែល៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 22 Aug 2008