ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

រំលោភ​កូន​បង្កើត​ទាំង​ប្រពន្ធ​ នៅ​ដេក​ជាមួយ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កំពត៖ សមត្ថកិច្ច​ប៉ូលិស​ខេត្ត​កំពត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​មាន​វ័យ​៤៤​ឆ្នាំ​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​​ បន្ទាប់​ពី​មាន​ការ​ប្ដឹង​​ចោទ​ប្រកាន់​ដោយ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ ដែល​ជា​កូន​បង្កើត​បុរស​នោះ​ថា​ បាន​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច។

បុរស​ដែល​ប៉ូលីស​ឃាត់​ខ្លួន​នោះ​ឈ្មោះ​ ម៉ែន​ ជន។ ចំណែក​ក្មេង​ស្រី​នោះ​ឈ្មោះ​ ជ.ស.ស។ ក្រុម​គ្រួសារ​​នេះ​រស់នៅ​ឃុំ​កោះតូច​ ស្រុក​កំពត។ តាម​ការ​បញ្ជាក់​របស់​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ ឪពុក​របស់​នាង​​បាន​នាំ​ម្ដាយ​ និង​នាង​ទៅ​ព្រៃ​ដើម្បី​កាប់​ឈើ​ធ្វើ​របង​និង​ដុត​ធ្យូង​នៅ​ចំណុច​ជើង​ភ្នំ​បូក​គោ​ដោយ​ដេក​នៅ​ទី​នោះ​ ព្រោះ​ជា​កន្លែង​​ឡ​ធ្យូង​របស់​ឪពុក​នាង។ លុះ​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ខណៈពេល​កំពុង​​ដេក​នៅ​លើ​គ្រែ​ទាំង​បី​នាក់​ ឪពុក​របស់​នាង​​បាន​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច។ ពេល​កើត​ហេតុ​នាង​មិន​ហ៊ាន​ស្រែក​ទេ​ ព្រោះ​ឪពុក​របស់​នាង​បាន​ដាក់​ពូថៅ​នៅ​លើ​ក្បាល​ដំណេក​ដោយ​ខ្លាច​​គាត់​សម្លាប់​ រីឯ​ម្ដាយ​ដែល​ដេក​ជាមួយ​គ្នា​មិន​ដឹង​ថា​ គាត់​បាន​ដឹង​ឬ​អត់​នោះ​ទេ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឪពុក​របស់​នាង​​បាន​នាំ​ម្ដាយ​និង​នាង​ត្រឡប់​​មក​ផ្ទះ​វិញ​ តែ​នាង​​ក៏​មិន​​ហ៊ាន​​ស្ដី​អ្វី​ដែរ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ដោយ​មិន​អាច​ទ្រាំ​បាន​នាង​ក៏​យក​រឿង​នេះ​ និយាយ​ប្រាប់​អ្នក​ភូមិ​ទើប​អ្នក​ភូមិ​ឲ្យ​ទៅ​ប្ដឹង​​ប៉ូលិស​ ព្រោះ​គ្មាន​អ្នក​ណា​ហ៊ាន​លូកលាន់​ទេ។ ពេល​នាង​​ទៅ​និយាយ​ប្រាប់​ប៉ូលិស​ ប៉ូលិស​ប៉ុស្ដិ៍​ក៏​នាំ​នាង​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​កំពត​ដើម្បី​ធ្វើ​កំណត់​ហេតុ​ រួច​សំណូមពរ​ឲ្យ​ចាប់​ខ្លួន​ឪពុក​​របស់​នាង​នា​ថ្ងៃ​ដដែល​ (២៣​កញ្ញា)​នេះ​តែ​ម្ដង។

ក្មេង​រងគ្រោះ​រៀបរាប់​អំពី​ប្រវត្តិ​របស់​នាង​ថា​ ដើម​ឡើយ​នាង​រស់​នៅ​ជុំ​គ្រួសារ​នៅ​ភូមិ​ត្រពាំង​រូង​ ឃុំ​អណ្ដូង​ទឹក​ ស្រុក​បទុម​សាគ​ ខេត្ត​កោះកុង​ ដោយ​មាន​បងប្អូន​៥​នាក់​ (ប្រុស​២​ស្រី​៣) នាង​ជា​កូន​ទី​៣។ កាល​នោះ​នាង​មាន​អាយុ​ប្រហែល​៦​ឆ្នាំ​ ឪពុកម្ដាយ​របស់​នាង​បាន​លែងលះ​គ្នា​​ ហើយ​ឪពុក​នាង​​បាន​យក​តែ​នាង​ម្នាក់​មក​តាម​ រួច​ម្ដង​នៅ​នេះ​ម្ដង​នៅ​នោះ​ ដោយ​​យក​ប្រពន្ធ​ជា​បន្តបន្ទាប់​ រហូត​ចុង​ក្រោយ​មក​យក​​ប្រពន្ធ​ឈ្មោះ​ចិន​ នៅ​ភូមិ​គីឡូ​លេខ​១២​ ឃុំ​កោះតូច​ ដែល​នៅ​ទី​នេះ​​រូប​នាង​គ្មាន​សេចក្ដី​សុខ​ទេ​ ត្រូវ​បាន​ប្រពន្ធ​ចុង​ និង​កូន​ប្រុស​ (កូន​ប្ដី​មុន) ​របស់​គាត់​ធ្វើ​បាប​ជា​រៀងរាល់​ថ្ងៃ​ ជាក់ស្ដែង​ពេល​កើត​ហេតុ​បែប​នេះ​ក៏​គ្មាន​អ្នក​ឈឺ​ឆ្អាល​ដែរ​ ទើប​នាង​រត់​រក​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ។

លោក​ស្រី​ ង៉ែត​ សូរ្យសែង​ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​​កំពត​បាន​និយាយ​ថា​ បន្ទាប់​​ពី​បាន​ទទួល​នូវ​ព័ត៌មាន​ដែល​រៀបរាប់​ដោយ​ជនរង​គ្រោះ​ លោកស្រី​បាន​នាំ​នាង​ទៅ​កាន់​មន្ទីរពេទ្យ​​ដើម្បី​ក្រុម​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិច័យ​ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សពសន្ថវៈ​នេះ​ តែ​លទ្ធផល​​យ៉ាង​ណា​អាស្រ័យ​លើ​ជំនាញ​ និង​ការ​ចាត់​ការ​របស់​សមត្ថកិច្ច។ លោកស្រី​បន្ត​​ទៀត​ថា​ យោង​តាម​ការ​​រៀបរាប់​របស់​កុមារី​រងគ្រោះ​ ការ​ប្រឈមមុខ​នឹង​​កើត​ឡើង​បន្តបន្ទាប់​​ទៀត​យ៉ាង​ងាយ​ បើ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​ ម្ល៉ោះ​​ហើយ​លោកស្រី​នឹង​ទំនាក់ទំនង​ជាមួយ​ផ្នែក​ណាមួយ​​ដែល​អាច​ទទួល​យក​កុមារី​​រងគ្រោះ​ទៅ​ថែរក្សា​​បី​បាច់​​បណ្ដុះបណ្ដាល​ទាំង​ចំណេះ​ដឹង​​ទូទៅ​ក៏​ដូចជា​ជំនាញ​​សម្រាប់​ជីវិត​ទៅ​អនាគត​ ហើយ​មក​ដល់​​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​នេះ​ លោកស្រី​​បាន​ទាក់ទង​ជាមួយ​អង្គការ​អាស្ពេកា​ (ASPECA) ហើយ​សង្ឈឹម​ថា​ នឹង​បាន​ទទួល​លទ្ធផល​វិជ្ជមាន៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ សុក្រ 26 Sep 2008