នៅពេលថ្មីៗនេះ ទាំងស្ថាប័នស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានាបានបង្កើតចលនាមួយរួមគ្នាមួយ ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រែប្រួលទម្លាប់ ឬក៏ផ្លាស់ប្ដូរអាកប្បកិរិយា និងការប្រព្រឹត្តរបស់ខ្លួនក្នុងការកាត់បន្ថយគ្រោះថ្នាក់ដល់ក្រុមគ្រួសារនៅឯមូលដ្ឋាន។
ចលនានេះមានគោលដៅសំខាន់ចង់ឲ្យស្ត្រីទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយពេលសម្រាលកូន ហើយជំរុញឲ្យពួកគេទៅសម្រាលកូននៅឯមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ជាងនេះទៅទៀត ចលនានេះក៏ចង់ណែនាំ និងពន្យល់ដល់មាតាពីការនាំកូនទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួន ពីការប្រើមធ្យោបាយពន្យារកំណើតតាមបច្ចេកទេសទំនើប ពីការពិនិត្យកំហាករកមេរោគរបេង និងពីការពារការចម្លងមេរោគផ្សេងៗពីម្ដាយទៅកូន ព្រមទាំងចេះជជែកគ្នាពីបញ្ហាអេដស៍នៅក្នុងគ្រួសារ ដែលបញ្ហាអេដស៍នេះនៅតែជាជាបញ្ហាក្ដៅដដែលនៅក្នុងសង្គម។
នេះជាចលនាមួយដែលត្រូវតែលើកស្ទួយ និងគាំទ្រឲ្យមានសកម្មភាពកាន់តែច្រើនឡើងថែមទៀត ដើម្បីជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់សមាជិកគ្រួសារ ក៏ដូចជាក្នុងគ្រួសារទាំងមូលដែរ។
កន្លងមក មិនថាឡើយនៅក្នុងតំបន់ជនបទដាច់ស្រយាលប៉ុណ្ណោះនោះទេ សូម្បីតែនៅក្នុងតំបន់ទីប្រជុំជនក្រុងខ្លះ ក៏យើងសង្កេតឃើញថា មានសមាជិកគ្រួសារជាច្រើន ពិសេសសមាជិកជាស្រីដែលមានជីវភាពក្រីក្រគ្មានឱកាសបានទៅពិនិត្យសុខភាពជាទៀងទាត់នោះទេ ហើយក៏មានស្ត្រី និងកុមារជាច្រើននាក់ទៀតគ្មានឱកាសទទួលសេវាសុខភាពតែម្ដង។
បើតាមសេចក្ដីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា បច្ចុប្បន្នស្ត្រីដែលសម្រាលកូនដោយបុគ្គលិកសុខាភិបាលមានជំនាញមានត្រឹមតែ ៤៤ ភាគរយ ដែលបណ្ដាលឲ្យអត្រាស្លាប់របស់មាតាមានដល់ ២៧២ នាក់ ក្នុងចំណោមទារកកើតមួយសែននាក់ ហើយនេះជាអត្រាគ្រោះថ្នាក់ខ្ពស់ជាងប្រទេសអាស៊ីដទៃទៀតនៅក្នុងតំបន់។
ជាការពិត មានកត្តាជាច្រើនដែលបណ្ដាលឲ្យប្រទេសកម្ពុជានៅតែមានបញ្ហាខាងលើនាសតវត្សទី ២១ នេះ ដែលពិភពលោកកំពុងតែមមាញឹកនឹងការធ្វើឲ្យមានទំនើបកម្មលើវិស័យនានា ទាំងផ្នែកសុខភាព ទាំងផ្នែកសង្គម ក៏ដូចជាផ្នែកវិទ្យាសាស្ត្រ ក្នុងគោលបំណងតែមួយគឺអភិវឌ្ឍន៍ និងសុខុមាលភាព។
កត្តាទាំងនោះទំនងជាមកពី ទីមួយគឺភាពក្រីក្រទាំងពលរដ្ឋ ទាំងស្ថាប័នរដ្ឋ។ ខណៈដែលប្រជាពលរដ្ឋរបស់យើង ពិសេសអ្នករស់នៅតាមតំបន់ជនបទកំពុងតែរស់នៅក្នុងស្ថានភាពលំបាក រដ្ឋគ្មានថវិកាគ្រប់គ្រាន់ក្នុងការបង្កើតមណ្ឌលសុខភាពឲ្យពួកគេ។ មែនហើយ នៅក្នុងតំបន់មួយចំនួនគឺមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែរ ប៉ុន្តែទីកន្លែងទាំងនោះគ្មានឧបករណ៍គ្រប់គ្រាន់ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានសុក្រឹត ឬមានភាពច្បាស់លាស់គួរឲ្យទុកចិត្តបាន ហើយក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលាបានដែរ។ ជាងនេះទៅទៀត មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាច្រើននៅឯមូលដ្ឋានគ្មានរថយន្តសង្គ្រោះអ្នកជំងឺ ឬហៅថាឡានសាមុយសម្រាប់ដឹកអ្នកជំងឺមកព្យាបាលបន្តនៅឯមន្ទីរពេទ្យធំៗនោះទេ ហើយបណ្ដោយឲ្យគ្រួសាររបស់អ្នកជំងឺទទួលរ៉ាប់រងដោយខ្លួនឯង ដោយទូរស័ព្ទហៅឡានសាមុយពីមន្ទីរព្យាបាលរោគធំៗនៅឯទីប្រជុំជនក្រុង។ ពេលខ្លះអ្នកជំងឺក៏បានបាត់បង់ជីវិតនៅមុនពេលដែលឡានសាមុយមកដល់ និងអ្នកជំងឺខ្លះទៀតក៏ដាច់ខ្យល់នៅក្នុងឡានសាមុយដែលកំពុងបើកឆ្ពោះទៅកាន់មន្ទីរព្យាបាលរោគរបស់ខ្លួននោះ ដោយសារតែស្ថានភាពជំងឺដុនដាបពេក។
កត្តាទីពីរអាចបណ្ដាលមកពីការយល់ដឹងពីការថែទាំសុខភាពរបស់ពលរដ្ឋ ពិសេសស្ត្រីនៅតាមសហគមន៍មូលដ្ឋាននៅមានកម្រិត។ ស្ត្រីរបស់យើងភាគច្រើនដែលរស់នៅតាមតំបន់ជនបទក្រីក្រមិនបានទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយពេលសម្រាលកូននោះទេ ហើយដោយសារតែភាពក្រីក្រផង និងមិនបានទទួលព័ត៌មានគ្រប់គ្រាន់ផង ស្ត្រីខ្លះនៅតែសម្រាលកូននៅឯផ្ទះជាមួយឆ្មបបុរាណ ដែលពេលខ្លះឆ្មបទាំងនោះមានជំនាញមិនច្បាស់លាស់ គ្មានឧបករណ៍គ្រប់គ្រាន់ និងគ្មានបច្ចេកទេសខ្វះអនាម័យ ដូចនៅឯមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនោះឡើយ។
ទីបី កត្តាវប្បធម៌ និងបទដ្ឋានសង្គមតឹងតែងដែលនៅតែប្រកាន់យកនៅក្នុងចំណោមក្រុមមនុស្សមួយចំនួន ពិសេសអ្នកនៅតាមតំបន់ជនបទ ក៏អាចជាបញ្ហាដែលធ្វើឲ្យព័ត៌មានពាក់ព័ន្ធនឹងសុខភាព ដូចជាសុខភាពបន្តពូជ សុខភាពផ្លូវភេទ ការរួមភេទដោយសុវត្ថិភាពដើម្បីការពារការឆ្លងមេរោគអេដស៍ និងកាមរោគ ឬក៏ការពារមិនឲ្យមានកូនដោយចៃដន្យនោះគឺមិនត្រូវបាននិយាយជាចំហឡើយ។ ស្ត្រីមានការខ្មាសអៀនមិនហ៊ាននិយាយជាសាធារណៈ សូម្បីតែនៅក្នុងសមាជិកគ្រួសាររបស់ខ្លួនពីបញ្ហាសុខភាពបន្តពូជ សុខភាពផ្លូវភេទ ការរួមភេទដោយសុវត្ថិភាពដើម្បីការពារការឆ្លងមេរោគអេដស៍ និងកាមរោគ ឬក៏ការពារមិនឲ្យមានកូនដោយចៃដន្យនោះ។ ឧទាហរណ៍មួយដ៏តូច សូម្បីតែម្ដាយភាគច្រើនក៏មិនដែលបាននិយាយប្រាប់កូនស្រីរបស់ខ្លួនពីការមករដូវរបស់មនុស្សស្រីនៅពេលពេញវ័យនោះដែរ គឺទុកឲ្យកូនស្រីបានដឹងដោយខ្លួនឯងនៅពេលដែលខ្លួនបានជួបនឹងបញ្ហា គឺបណ្ដោយតាមធម្មជាតិ ដោយមិនបានផ្ដល់ការអប់រំ ណែនាំទុកជាមុន។
ឯកត្តាទីបួនក៏អាចទាក់ទិននឹងអំពើពុករលួយ និងខ្វះក្រមសីលធម៌របស់គ្រូពេទ្យ និងបុគ្គលិកមួយចំនួនរបស់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខ្លះដែរ។ មានពេលខ្លះទៀត សូម្បីតែមន្ទីរពេទ្យជំនាញក៏មានស្ត្រីមានផ្ទៃពោះគ្រប់ខែបានឈឺពោះឆ្លងទន្លេរហូតដល់ស្លាប់បាត់បង់ជីវិតទាំងម្ដាយ និងកូនក្នុងពោះក៏មាន។ ឧទាហរណ៍ករណីថ្មីបំផុតមួយនៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកកាលពីថ្ងៃទី ២៧ មិថុនា មានមរណភាពរបស់ស្ត្រីមានផ្ទៃពោះធ្វើឲ្យក្រុមគ្រួសារ និងសាច់ញាតិនៃសពមានប្រតិកម្ម និងបានចាត់ទុកថា ជាការធ្វេសប្រហែសរបស់គ្រូពេទ្យ ដែលមិនបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះដល់ស្ត្រីនិងកូនក្នុងផ្ទៃដោយទុកចោលរហូតដល់ឈឺពោះប្រកាច់បែកពពុះមាត់ស្លាប់នៅលើគ្រែយ៉ាងអាណោចអាធ័ម។ ពេលខ្លះទៀត គ្រូពេទ្យជំនាញមួយចំនួនគិតតែពីលុយ បើគ្មានលុយទុកឲ្យអ្នកជំងឺស្លាប់ដោយមិនអស់ចិត្ត។
ឯគ្រូពេទ្យខ្លះត្រូវបានសាធារណៈចោទប្រកាន់ដោយត្រង់ៗថា ជាពេទ្យមុខលុយ គ្មានសីលធម៌ គឺមិនមែនជាគ្រូពេទ្យមនុស្សជាតិនៅឋានមនុស្សលោកឡើយ តែជាគ្រូពេទ្យនៅឋានយមបាល ព្រោះបណ្ដោយឲ្យអ្នកជំងឺស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្លួន។
ដោយសារតែកត្តាអវិជ្ជមានខាងលើនេះហើយ ទើបយើងពិតជាគាំទ្រដល់ចលនាដែលនាំឲ្យមានការណែនាំនិងការបញ្ជូនប្រជាពលរដ្ឋឲ្យទៅទទួលសេវាព្យាបាលទាន់ពេលវេលា និងចំទីកន្លែង ដែលជាកាយវិការសប្បុរសរបស់ក្រុមភ្នាក់ងារទ្រទ្រង់សុខភាពភូមិ និងសមាគមថែទាំសុខភាពគ្រួសារនានានៅទូទាំងប្រទេស។
ជាការពិត នៅក្នុងសង្គមគ្រួសារមួយ បើមានសមាជិកជាស្ត្រី ពិសេសស្ត្រីដែលជាមេផ្ទះ ជាមាតាកំពុងថែទាំកូនមានបញ្ហាសុខភាព នោះក្រុមគ្រួសារទាំងមូលនឹងជួបបញ្ហា ដែលនាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពគ្រួសារទាំងមូល។ ចុះបើក្រុមគ្រួសារភាគច្រើនមានបញ្ហានោះ តើសង្គមទាំងមូលនឹងជួបផលវិបាកយ៉ាងណាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច?
យើងទាំងអស់គ្នា ទាំងស្ថាប័នស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលត្រូវរួមគ្នាជួយជំរុញការកាត់បន្ថយគ្រោះថ្នាក់ដល់ក្រុមគ្រួសារនៅឯមូលដ្ឋាន ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ពិសេសស្ត្រីឲ្យមានការប្រែប្រួលទម្លាប់ អាកប្បកិរិយា និងការប្រព្រឹត្តរបស់ខ្លួន ដោយឲ្យពួកគេបានទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលកូន និងបានទៅសម្រាលកូននៅឯមណ្ឌលសុខភាព។ មិនតែប៉ុណ្ណោះ ត្រូវជួយផ្សព្វផ្សាយ និងផ្ដល់ការអប់រំបណ្ដុះបណ្ដាលដល់ស្ត្រីពីចំណេះដឹងទូទៅ និងផ្នែកច្បាប់ ដើម្បីឲ្យស្ត្រីបានយល់កាន់តែទូលំទូលាយ និងហ៊ានធ្វើការសម្រេចចិត្តទាំងនៅក្នុងគ្រួសារទាំងនៅក្នុងសង្គម។ ជាងនេះទៅទៀត ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកពេទ្យជាកត្តាដ៏ចម្បង ដើម្បីឲ្យពួកគេទទួលបានជំនឿទុកចិត្តពីមហាជន និងអាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេល ហើយគ្រូពេទ្យ និងបុគ្គលិកពេទ្យត្រូវតែទទួលពិន័យតាមផ្លូវច្បាប់របស់រដ្ឋ ប្រសិនបើត្រូវបានគេរកឃើញថា មានកំហុស និងការធ្វេសប្រហែសដោយចេតនាដែលនាំឲ្យអ្នកជំងឺស្លាប់នោះ។
បើស្ត្រីមានការយល់ដឹងពីសុខភាពទាំងខ្លួនឯងផង និងសុខភាពកូនចៅផង នោះគ្រួសារទាំងមូលនឹងមានសុខភាពល្អ និងមានសេចក្ដីសុខសាន្ត។ បើគ្រួសារភាគច្រើនមានចំណុចទាំងនេះហើយ នោះសង្គមទាំងមូលក៏មានសេចក្ដីសុខ និងសុភមង្គលដែរ។ ហេតុនេះត្រូវរួមគ្នាជួយកាត់បន្ថយគ្រោះថ្នាក់ដល់ស្រ្តី ដែលជាការកាត់បន្ថយគ្រោះថ្នាក់នៅក្នុងគ្រួសារ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់នៅក្នុងសង្គមទាំងមូល៕





