គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ កន្លងទៅនេះ គឺបានឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យមួយជំហានទៀតនៅកម្ពុជា។ ក្នុងនោះគ.ជ.ប បានលើកឡើងថា ថ្វីត្បិតមានបញ្ហាមួយចំនួនត្រូវបានលើកឡើងពីគណបក្សនយោបាយក៏ដោយ ប៉ុន្តែជាលទ្ធផល គឺការបោះឆ្នោតត្រូវបានវាយតម្លៃជាវិជ្ជមានពីសំណាក់អ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ហើយថា នេះជាមោទនភាពរបស់ប្រជាជនកម្ពុជា។
គ.ជ.ប បានលើកឡើងថា៖ "គណបក្សនយោបាយខ្លះនិយាយថា ប្រជាពលរដ្ឋ១លាននាក់មិនបានបោះឆ្នោត ហើយឥឡូវកំពុងអំពាវនាវប្រជាពលរដ្ឋឲ្យប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះ"។ ករណីនេះ គ.ជ.ប បញ្ជាក់ថា៖ "ក្នុងអំឡុងពេលនៃការត្រួតពិនិត្យបញ្ជីឈ្មោះលើកចុងក្រោយនៅក្នុងឆ្នាំ២០០៧ចំនួនឈ្មោះដែលបានលុបពីក្នុងបញ្ជី គឺមានចំនួន ៥៨៥ ៧២៣ គឺមិនមែន ១លាននាក់ទេ។ ហេតុផលនៃការលុបឈ្មោះទាំងនោះ គឺដោយសារតែមានការផ្លាស់ប្ដូរទីលំនៅ មរណភាព ឈ្មោះស្ទួន និងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោត"។

