ភ្នំពេញ ៖ ថ្នាក់ដឹកនាំស្ត្រីអញ្ជើញមកពីគណបក្សទាំង៣ កំពុងតែធ្វើការរៀបចំជាមុន ដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងម្ចាស់ឆ្នោត ក្នុងអំឡុងពេលយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៨ខាងមុខនេះ ។ គ្រូបង្គោលជាស្ត្រីចំនួន៣៦រូប មកពីគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី នឹងត្រូវគេបណ្ដុះបណ្ដាលទៅលើជំនាញក្នុងការធ្វើទំនាក់ទំនងយុទ្ធនាការឃោសនា ដោយគ្រូបណ្ដុះបណ្ដាលជើងចាស់មួយរូប គឺលោកស្រី ឈីត ស៊ី អាស៊ីស (CHIT C. Asis) មកពីប្រទេសហ្វ៊ីលីពីន ដែលវគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana) ចាប់ពីថ្ងៃទី៥ ដល់ទី៧ មីនា ឆ្នាំ២០០៨។
វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំឡើងនៅក្នុងសប្ដាហ៍នៃទិវានារីអន្តរជាតិ៨មីនា ក្នុងគោលបំណងដើម្បីពង្រីកការចូលរួមគណបក្សនយោបាយនីមួយៗ តាមរយៈការបង្កើននូវជំនាញគ្រូបង្គោល ជាស្ត្រីគណបក្សនយោបាយ នៅក្នុងជំនាញទំនាក់ទំនងសម្រាប់ធ្វើយុទ្ធនាការឃោសនា ។ គ្រូបង្គោលជាស្ត្រីចំនួន១២រូប មកពីគណបក្សនីមួយៗនឹងបន្តការបណ្ដុះបណ្ដាលទៅកាន់បេក្ខជនជាស្ត្រីនៅក្នុងគណបក្សរបស់ពួកគេបន្តទៀត ។
វគ្គបណ្ដុះបណ្ដាលនេះកំពុងត្រូវបានរៀបចំឡើងជាមួយនឹងស្ត្រីក្នុងភាពជាអ្នកដឹកនាំពហុបក្ស ដែលជាវេទិកាចូលរួមដោយគណបក្សទាំងបី ដើម្បីលើកកម្ពស់ឲ្យមានការចូលរួមរបស់ស្ត្រីក្នុងឆាកនយោបាយ ។
វគ្គបណ្ដុះបណ្ដាលនេះនឹងត្រូវធ្វើការបើកកម្មវិធីដោយ លោកស្រី អេរីន សូតុ (Erin Soto) នាយកបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (US-AID) រួមជាមួយតំណាងមកពីគណបក្សនយោបាយទាំងបីមាន លោកជំទាវ និន សាផុន សមាជិកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានក្រុមការងារស្ត្រីគណបក្សប្រជាជនកម្ពុជា លោកជំទាវ គី លំអង សមាជិកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានចលនាស្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច និងលោកជំទាវ ជូឡុង សូមូរ៉ា សមាជិកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សសម រង្ស៊ី ។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ និងជាអង្គការ ធ្វើការដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យតាមរយៈកម្មវិធីនានានៅតាមបណ្ដាប្រទេសជាង៩០ នៅទូទាំងសាកលលោក ។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ត្រូវបានឧបត្ថម្ភគាំទ្រដោយជំនួយសប្បុរសធម៌ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)៕

