
សកម្មភាពបង្រៀនជនពិការឲ្យចេះគូសលើសន្លឹកឆ្នោតដោយខ្លួនឯងកំពង់ស្ពឺ៖ ជនពិការជាច្រើននាក់នៅក្នុងខេត្តកំពង់ស្ពឺ បានចូលរួមសិក្ខាសាលាស្ដីពីសារសំខាន់នៃការទៅបោះឆ្នោតនិងការចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ជនពិការ។
ពិធីនេះបានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា នៅការិយាល័យវេទិកាស្ត្រីពិការខេត្តកំពង់ស្ពឺ។ មន្ត្រីសម្របសម្រួលរបស់សហព័ន្ធជនពិការបានឲ្យដឹងថា វេទិកានេះរៀបចំដោយវេទិកាស្ត្រីពិការខេត្តកំពង់ស្ពឺ សហការជាមួយសហព័ន្ធជនពិការទាំង៧នៅក្នុងខេត្តឧបត្ថម្ភដោយ យូអិនឌីភី ស៊ីដា និងគម្រោងពង្រឹងប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា។
លោកស្រី មែក សាលួត ប្រធានវេទិកាស្ត្រីពិការខេត្តកំពង់ស្ពឺបានឲ្យដឹងថា សិក្ខាសាលានេះ គឺមានគោលបំណងឲ្យជនពិការយល់ដឹងឲ្យបានច្បាស់លាស់នៃដំណើរការបោះឆ្នោត និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ដើម្បីចូលរួមបោះឆ្នោត និងធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ខាងមុខនេះ។ ព្រមជាមួយនេះក៏មានការបង្រៀនជនពិការភ្នែកទាំងពីរឲ្យពួកគេចេះគូសសន្លឹកឆ្នោតដោយខ្លួនឯង រក្សាការសម្ងាត់ ដែលកន្លងមកអ្នកទាំងនោះតែងពឹងពាក់ឲ្យគេគូសសន្លឹកឆ្នោតជំនួសខ្លួន ហើយករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំសន្លឹកឆ្នោតសម្រាប់ជនពិការភ្នែកទាំងពីរនៅគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស។
លោកស្រី មែក សាលួត ក៏បានឲ្យដឹងទៀតថា វេទិកាស្ត្រីពិការកើតឡើងតាំងពីឆ្នាំ១៩៩៩មក បច្ចុប្បន្នមានសហព័ន្ធឧដុង្គ សហព័ន្ធជនពិការសំរោងទង សហព័ន្ធជនពិការវល្លិសសហព័ន្ធជនពិការស្វាយក្រវ៉ាន់ សហព័ន្ធជនពិការស្គុះ សហព័ន្ធពិការគងពិសី និងវេទិកាស្ត្រីពិការខេត្តកំពង់ស្ពឺ។ សហព័ន្ធជនពិការ គឺធ្វើការជាមួយជនពិការ និងកុមារពិការដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលជនពិការទាំងអស់ជួបប្រទះ ឬជួបទុកលំបាកផ្សេងៗ ដូចជាករណីរំលោភសិទ្ធិ រំលោភផ្លូវភេទ ការជួញដូរស្ត្រីពិការ និងកុមារពិការ ការប្រើប្រាស់អំពើហិង្សាជាដើម។
លោក ញ៉េប ប៊ុននាង មេឃុំស្គុះដែលបានចូលរួមបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបង្កលក្ខណៈដល់ជនពិការបោះឆ្នោតដូចពលរដ្ឋទូទៅដែរ។ ពិសេសនៅក្នុងការបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ខាងមុខនេះ គឺជាបង្កលក្ខណៈឲ្យជនពិការភ្នែកទាំងពីរចេះគូសសន្លឹកឆ្នោតដោយខ្លួនឯង ដោយធ្វើជាសឺមីចោះរន្ធចំណាំលេខរៀង លំដាប់លំដោយរបស់គណបក្សដែលបានប្រកួតប្រជែង៕

