ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

គ.ជ.ប​ ការ​បោះឆ្នោត​កន្លង​ទៅ​ បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ (គ.ជ.ប) បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ដំណើរការ​នៃ​ការ​បោះឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ​​អាណត្តិ​ទី​៤​ កន្លង​ទៅ​នេះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​​ពី​ការ​វិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​មួយ​ជំហាន​ទៀត​​នៅ​កម្ពុជា។ ក្នុង​នោះ​គ.ជ.ប​ បាន​លើក​ឡើង​ថា​​ ថ្វី​ត្បិត​មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ពី​គណបក្ស​នយោបាយ​ក៏​ដោយ​ ប៉ុន្តែ​ជា​លទ្ធផល​ គឺ​ការ​បោះឆ្នោត​ត្រូវ​​បាន​​វាយ​តម្លៃ​ជា​វិជ្ជមាន​​ពី​សំណាក់​​អ្នក​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ ហើយ​ថា​ នេះ​ជា​​មោទនភាព​របស់​ប្រជាជន​កម្ពុជា។

គ.ជ.ប​ បាន​លើក​ឡើង​ថា៖ "គណបក្ស​នយោបាយ​ខ្លះ​និយាយ​ថា​ ប្រជាពលរដ្ឋ​១​លាន​នាក់​មិន​បាន​បោះឆ្នោត​ ហើយ​ឥឡូវ​កំពុង​​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នោះ"។ ករណី​នេះ​ គ.ជ.ប​ បញ្ជាក់​ថា៖ "ក្នុង​អំឡុង​ពេល​នៃ​ការ​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​លើក​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​២០០៧​ចំនួន​ឈ្មោះ​ដែល​បាន​លុប​ពី​ក្នុង​បញ្ជី​ គឺ​មាន​​ចំនួន​ ៥៨៥ ៧២៣​ គឺ​មិន​មែន​ ១​លាន​នាក់​​ទេ។ ហេតុ​ផល​នៃ​ការ​លុប​ឈ្មោះ​ទាំង​នោះ​ គឺ​ដោយសារ​​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ មរណភាព​ ឈ្មោះ​ស្ទួន​ និង​ការ​បាត់បង់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត"។

គ.ជ.ប​ បញ្ជាក់​ថា​ ការ​លុប​ឈ្មោះ​នេះ​ គឺ​ គ.ជ.ប​ បាន​ធ្វើ​ដោយ​តម្លាភាព​ និង​ប្រុងប្រយ័ត្ន​ជា​ទី​បំផុត​ ដែល​ក្នុង​នោះ​ គ.ជ.ប​ បាន​អនុវត្តន៍​ទៅ​តាម​មាត្រា​ ៦៣​ និង​ ៦៤​ ថ្មី​ដែល​​តម្រូវ​ឲ្យ​ គ.ជ.ប​ បិទ​ផ្សាយ​ជា​ដំបូង​នៅ​តាម​ឃុំ​-សង្កាត់​​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​​ និង​ពិនិត្យ​ក្នុង​រយៈពេល​៥​ថ្ងៃ​ និង​បន្ទាប់​មក​ទៀត​នៅ​ក្នុង​អំឡុង​មុន​ពេល​បោះឆ្នោត​​ គ.ជ.ប​ ណែនាំ​​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​​បាន​​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​ពិនិត្យ​ និង​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​ ក្នុង​រយៈពេល​ជាង​ ៨០​ថ្ងៃ​ដោយ​មាន​ការ​ចូល​រួម​ពិនិត្យ​ពី​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍។

ចំពោះ​ទម្រង់​ ១០១៨​វិញ​ គ.ជ.ប​ បាន​ពន្យល់​ថា​ គ.ជ.ប​ ប្រើ​សម្រាប់​អ្នក​ដែល​បាត់​ឯកសារ​បោះឆ្នោត​ដោយ​បញ្ជាក់​ថា​៖ "គ.ជ.ប​ ណែនាំ​ឲ្យ​អាជ្ញាធរ​ឃុំ​-សង្កាត់​​ចេញ​ទម្រង់​ ១០១៨​នេះ​ ត្រឹម​ថ្ងៃ​​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០០៨។ ក្នុង​ករណី​ទម្រង់​នេះ​ចេញ​ខុស​ពី​ថ្ងៃ​នេះ​ គឺ​ខុស​ច្បាប់"។ គ.ជ.ប​ បញ្ជាក់​ថា​ រាល់​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ គ.ជ.ប​នឹង​ដោះស្រាយ​ដោយ​យុត្តិធម៌​ និង​ស្រប​ទៅ​តាម​ច្បាប់។

ការ​លើក​ឡើង​របស់​ គ.ជ.ប​ នេះ​ត្រូវ​​បាន​លោក​ មុត​ ចន្ថា​ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម​ រណឫទ្ធិ​ ចោទ​ប្រកាន់​ គ.ជ.ប​ថា​ ជា "ឧក្រិដ្ឋជន​ដែល​បាន​លួច​បន្លំ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​​ពី​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត"។ លោក​ មុត​ ចន្ថា​ មាន​ប្រសាសន៍​ថា៖ "គ.ជ.ប​ លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ គឺ​មាន​ចំនួន​ប៉ុណ្ណឹង​មែន​ហើយ​ ប៉ុន្តែ​​អ្នក​មិន​បាន​បោះឆ្នោត​មាន​ជាង​ ១​លាន​នាក់​ផ្សេង​ទៀត​ ព្រម​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​បោះឆ្នោត​​លើ​ឈ្មោះ​របស់​គាត់​ តើ​ គ.ជ.ប​គិត​យ៉ាង​ម៉េច? ខ្ញុំ​គ្មាន​ជំនឿ​លើ​ គ.ជ.ប​យូរ​ហើយ"។ លោក​ មុត​ ចន្ថា​ បាន​ចោទ​ជា​សំនួរ​ថា៖ "លទ្ធិប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ​យ៉ាង​ម៉េច​ បើ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​បាន​តែ​ ៧០%? ខ្ញុំ​នៅ​តែ​ចាត់​ទុក​ គ.ជ.ប​ដែល​មាន​សមាសភាព​ ៩​រូប​នោះ​ ជា​ឧក្រិដ្ឋជន​ គឺ​ឧក្រិដ្ឋជន​ដែល​ប្លន់​សិទ្ធិ​បោះឆ្នោត​​ប្រជាពលរដ្ឋ​ជាង​៦០​ម៉ឺន​នាក់"។

ចំណែក​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ មាន​ប្រសាសន៍​ថា៖ "ប្រជាធិបតេយ្យ​ (នៅ​កម្ពុជា) បច្ចុប្បន្ន​ថយ​ក្រោយ​ខ្លាំង​ណាស់។ សិទ្ធិ​បោះឆ្នោត​​គឺ​ធំ​ណាស់​ កាលណា​លុប​សិទ្ធិ​បោះឆ្នោត​​របស់​ប្រជាពលរដ្ឋ​ហើយ​ គឺ​ជា​ការ​រំលោភ​លទ្ធិប្រជាធិបតេយ្យ"។ លោក​ កឹម​ សុខា​ បញ្ជាក់​ក្នុង​ពាក្យ​ពេចន៍​ធ្ងន់ៗ​ថា៖ "ចោរ​គេ​មិន​ដែល​សារភាព​ថា​ ខ្លួន​គេ​​ចោរ​ទេ"។ លោក​កឹម​ សុខា​ មាន​ប្រសាសន៍​ថា​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ធ្លាប់​មាន​ឈ្មោះ​បោះឆ្នោត​ ប៉ុន្តែ​ត្រូវ​ គ.ជ.ប​ លុប​ឈ្មោះ​របស់​គេ​ចោល។ លោក​បន្ថែម​ថា​ ប្រសិន​បើ​មន្ត្រី​ គ.ជ.ប ​សុខចិត្ត​ចុះ​ចេញ​ពី​តំណែង​ គឺ​លោក​នឹង​ប្រមូល​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​បង្ហាញ​នៅ​ចំពោះ​មុខ។

លោក​ យឹម​ សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៉ី​ បាន​ចាត់​​ទុក​ថា​ កម្ពុជា​​មិន​មាន​​លទ្ធិប្រជាធិបតេយ្យ​រីកចម្រើន​ដូច​ការ​អះអាង​របស់​ គ.ជ.ប​ នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ "គ.ជ.ប​ គឺ​ធ្វើ​ការ​រណប​ឲ្យ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​លុប​ឈ្មោះ​ ចំណែក​ទម្រង់​ ១០១៨​ ត្រូវ​បាន​គេ​ចេញ​ឲ្យ​ជា​ប្រព័ន្ធ​ទូទាំង​ប្រទេស​​ចំពោះ​មនុស្ស​ណា​ដែល​គេ​គិត​ថា​ ជា​​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន។ យើង​មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​ទាក់ទង​ទៅ​នឹង​​ភាព​មិន​ប្រក្រតី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ"។ លោក​ យឹម​ សុវណ្ណ​ លើក​ឡើង​​ថា​ មិន​មាន​​ប្រទេស​ណា​មួយ​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មាន​ការ​ក្ដោបក្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ប្រទេស​កម្ពុជា​​នោះ​ទេ​ ហើយ​ម្យ៉ាង​​ទៀត​​ក៏​មិន​ដែល​មាន​ប្រទេស​​ប្រជាធិបតេយ្យ​ណា​បាញ់​សម្លាប់​មនុស្ស​​ទាំង​ឪពុក​ ទាំង​កូន​ដូច​ករណី​បាញ់​លោក​ ឃឹម​ សម្បូណ៍​ អ្នក​កាសែត​​មនសិការ​ខ្មែរ​នោះ​ដែរ។

បើ​ទោះ​បី​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់​របស់​ក្រុម​គណបក្ស​ប្រឆាំង​ថា​ ដំណើរ​ការ​​បោះឆ្នោត​​មាន​ករណី​មិន​ប្រក្រតី​ច្រើន​ជា​ពិសេស​ការ​បាត់​ឈ្មោះ​របស់​អ្នក​បោះឆ្នោត។ ប៉ុន្តែ​​សម្រាប់​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​៤​ នេះ​​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​​បាន​វាយ​តម្លៃ​ថា​ មាន​ដំណើរការ​ល្អ​ជាង​ការ​​បោះឆ្នោត​មុនៗ។ ជាមួយ​គ្នា​នេះ​ដែរ​ គ.ជ.ប​ សន្យា​ថា​នឹង​ត្រួតពិនិត្យ​ទៅ​លើ​បញ្ហា​បញ្ជី​បោះឆ្នោត​ និង​ទទួល​ស្គាល់​​នូវ​សារៈសំខាន់​របស់​វា​ថា​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​​សំខាន់ៗ​នៃ​ការ​បោះឆ្នោត​ និង​ខិតខំ​ធ្វើការ​​ដោះស្រាយ។ គ.ជ.ប​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូល​រួម​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​នៅ​ខែ​តុលា​ ខាង​មុខ​នេះ​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ពុធ 06 Aug 2008