ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ផ្សព្វផ្សាយ​កម្មវិធី​គំនិត​ផ្ដួចផ្ដើម ​ពន្លឿន​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ​ យុវជន​​និង​កីឡា​​បាន​ប្រារព្ធ​ពិធី​ប្រកាស​​ផ្សព្វផ្សាយ​ជា​ផ្លូវការ​​នៃ​គំនិត​ផ្ដួចផ្ដើម​ពន្លឿន​ការ​អប់រំ​​សម្រាប់​ទាំងអស់​គ្នា​នា​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ នៅ​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់​ ក្រោម​អធិបតីភាព​លោក​ អ៊ឹម​ សិទ្ធី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​​ដៃ​គូ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ តំណាង​ធនាគារ​ពិភពលោក​ មន្ត្រី​អប់រំ​ និង​ប្រតិភូ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី/ខេត្ត​មាន​ចំនួន​សរុប​២០០​នាក់។

គោលបំណង​នៃ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធី​ពន្លឿន​ការ​អប់រំ​​សម្រាប់​ទាំងអស់​គ្នា​ត្រូវ​បាន​​ធ្វើ​ឡើង​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ទទួល​កញ្ចប់​ថវិកា​ចំនួន​៥៧,៤​លាន​ដុល្លារ​​ពី​ដៃ​គូ​អភិវឌ្ឍន៍​ដែល​ជា​ជំនួយ​ឥត​សំណង​សម្រាប់​អនុវត្ត​​កម្មវិធី​ពង្រីក​ការ​គាំទ្រ​វិស័យ​អប់រំ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ទទួល​កញ្ចប់​ថវិកា​ជំនួយ​​ដែល​ជា​កញ្ចប់​ថវិកា​ធំ​ជាង​គេ​ក្នុង​ចំណោម​ជំនួយ​ផ្ដល់​ទៅ​ឲ្យ​​ប្រទេស​ផ្សេងៗ​ទៀត​នេះ​ត្រូវ​​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​​កម្ពុជា​នា​ឆ្នាំ​២០០៨។

គម្រោង​​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​កែ​លំអ​ការ​ចូល​រៀន​នៅ​បឋមសិក្សា​ ហើយ​ដំណើរការ​​នៅ​គ្រប់​រាជធានី/ខេត្ត​ទាំងអស់​ស្រប​តាម​កម្មវិធី​ពង្រីក​ការ​គាំទ្រ​វិស័យ​អប់រំ​ដែល​មាន​សមាសភាព​៣​សំខាន់ៗ:

១- ការ​ពង្រីក​ការ​អប់រំ​កុមារ​​តូច​​

សកម្មភាព​​លំអិត​ក្នុង​សមាស​​ភាគ​ទី​១​ រួម​មាន​: ការ​កសាង​ថ្នាក់​មត្តេយ្យ​សិក្សា​នៅ​ក្នុង​សាលា​បឋមសិក្សា​ចំនួន​៦៥០​បន្ទាប់​ ការ​កសាង​សាលា​មត្តេយ្យ​សិក្សា​ចំនួន​២៥​ខ្នង ​​ការ​បង្កើត​មត្តេយ្យ​សិក្សា​សហគមន៍​ថ្មី​ចំនួន​៤៥០​កន្លែង​ ការ​បង្កើត​មត្តេយ្យ​សិក្សា​តាម​ខ្នង​ផ្ទះ​ថ្មី​ចំនួន​៤៥០​កន្លែង​ និង​ការ​កសាង​អគារ​សិក្សា​នៅ​ក្នុង​សាលា​មធ្យម​សិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម​១​ខ្នង​បី​ជាន់​មាន​ចំនួន​១៥​បន្ទប់។

២- ការ​កែ​លំអ​ការ​ចូល​រៀន​ និង​គុណភាព​បឋម​សិក្សា​

សកម្មភាព​លំអិត​ក្នុង​សមាស​ភាគ​ទី​២​ រួម​មាន​: ការ​កសាង​ថ្នាក់​រៀន​២.៦០០​បន្ទប់​នៅ​ក្នុង​សាលា​មិន​គ្រប់​​កំរិត​ចំនួន​៦៥០​សាលា​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​សាលារៀន​គ្រប់​កំរិត​ថ្នាក់​ ការ​ពង្រីក​សាលារៀន​ដែល​មាន​សិស្ស​ច្រើន​ចំនួន​២៥​សាលា​ ដោយ​សាងសង់​អគារ​សិក្សា​បន្ថែម​មួយ​ខ្នង​៥​បន្ទប់​នៅ​ក្នុង​សាលារៀន​នីមួយៗ​ ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​​បឋមសិក្សា​ដែល​ក្រីក្រ​ និង​ជួប​ការ​​លំបាក​ចំនួន​១២.០០០​នាក់​នៅ​ខេត្ត​ព្រះវិហារ​​​ មណ្ឌលគីរី​ និង​​រតនគីរី ​​ដើម្បី​​ធ្វើ​ឲ្យ​ពួក​គេ​អាច​​បន្ត​រៀន​បាន​ចាប់​ពី​ថ្នាក់​ទី​៣​ដល់​ថ្នាក់​ទី​៦​ ការ​បំប៉ន​គ្រូ​បង្រៀន​ចំនួន​១៥.០០០​នាក់​ នាយក​សាលា​ចំនួន​ ១.៥០០​នាក់​ និង​បុគ្គលិក​អប់រំ ​​នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី/ខេត្ត​ និង​​ការិយាល័យ​អប់រំ​ស្រុក/ក្រុង​ចំនួន​៦០០​នាក់​ ការ​ផ្ដល់​ថវិកា​កែលំអ​សាលារៀន​ដល់​សាលា​បឋមសិក្សា​ចំនួន​៦៥០​សាលា​ និង​ការ​ផ្ដល់​កញ្ចប់​សំភារ​សិក្សា​ និង​បណ្ណាល័យ​ដល់​សាលារៀន​​ចំនួន​ ៦៥០​សាលា។

៣- ការ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​សមត្ថភាព​​

សកម្មភាព​លំអិត​ក្នុង​សមាសភាគ​ទី​៣​រួម​មាន​: ការ​កសាង​​ការិយាល័យ​អប់រំ​ស្រុក​ចំនួន​​៦០ ​និង​ការ​អភិវឌ្ឍន៍​សមត្ថភាព​​ដល់​មន្ត្រី​នៅ​ក្រសួង​អប់រំ​​យុវជន​និង​កីឡា​ចំនួន​៣០០​នាក់។

លោក​ អ៊ឹម​ សិទ្ធី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ជា​ទី​មោទនៈ​ក្នុង​ការ​​អនុវត្ត​យុទ្ធសាស្ត្រ "អប់រំ​សម្រាប់​ទាំងអស់​គ្នា" តាមរយៈ​ការ​ធានា​ការ​អប់រំ​មូលដ្ឋាន​រយៈពេល​៩​ឆ្នាំ​សម្រាប់​កុមារ​គ្រប់​រូប។ សមិទ្ធផល​ធំៗ​ រួម​មាន​ ចំនួន​សាលា​បឋម​សិក្សា​មាន​ ៦.៥៦៥​អត្រា​​ពិត ​នៃ​ការ​សិក្សា​មាន​៩៤,៤% អត្រា​បញ្ចប់​ការ​សិក្សា​ ៨៥,៥៨% អនុវិទ្យាល័យ​មាន​ ១.១២២​ក្នុង​ចំណោម​ ១.៦២១​ ឃុំ-សង្កាត់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ស្ទើរ​គ្រប់​ឃុំ​ សង្កាត់​ទូទាំង​ប្រទេស។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​យ៉ាង​ច្រើន​សម្រាប់​វិស័យ​អប់រំ។ ក្នុង​នីតិកាល​ទី​៣​ កន្លង​ទៅ​នេះ​ថវិកា​ចំណាយ​ចរន្ត​សម្រាប់​វិស័យ​អប់រំ​បាន​កើន​ឡើង​ទ្វេ​ដង​​ក្នុង​ឆ្នាំ​២០០៧​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៣​ បើ​គិត​ជា​​ភាគរយ​ថវិកា​ចំណាយ​ចរន្ត​សម្រាប់​វិស័យ​អប់រំ​មាន​ប្រមាណ​១៩,២%

ក្រសួង​អប់រំ​យុវជន​និង​កីឡា​​ដែល​ជា​សេនាធិការ​​របស់​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ប្រើប្រាស់​កញ្ចប់​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ស្មារតី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​ទី​ក្រុង​ប៉ារីស​ និង​ផែនការ​​សកម្មភាព​ទី​ក្រុង​អាក្រា​លើ​មូលដ្ឋាន​សុខដុមនីយកម្ម​ ការ​តម្រឹម​ការ​ផ្ដោត​លើ​លទ្ធផល​បំពេញ​ការងារ​​គណនេយ្យ​ភាព​ទ្វេ​ទិស​ និង​ភាព​ជា​ម្ចាស់​ ព្រម​ទាំង​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ។ ប្រការ​នេះ​នឹង​​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​តាមរយៈ​ការ​ធ្វើ​សុខដុមនីយកម្ម​ផែនការ​​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​​ទៅ​នឹង​ផែនការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ (២០០៩-២០១៣) ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២។

ទោះ​បី​មាន​ការ​កើន​ឡើង​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​នៅ​ឃើញ​​មាន​កត្តា​ប្រឈម​ធំៗ​ជា​ច្រើន​ទៀត​ដែល​​នៅ​ចោទ​ចំពោះ​មុខ​ដូចជា​ ភាព​ខុស​គ្នា​នៃ​អត្រា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​​នៅ​តាម​តំបន់​ទី​ក្រុង ជនបទ​ និង​ដាច់​​ស្រយាល​ នៅ​តាម​តំបន់​ខ្លួន​មាន​សាលា​ តែ​នៅ​ខ្វះ​គ្រូ​ ការ​ផ្ដល់​សេវា​​អប់រំ​ដែល​គុណភាព​​នៅ​មាន​កម្រិត​ និង​ខ្វះ​ប្រសិទ្ធភាព​នៅ​កន្លែង​ខ្លះ​​ក៏​នៅ​តែ​ចោទ​ជា​បញ្ហា​ដែល​ចាំបាច់​​ត្រូវ​ដោះស្រាយ។​ គោលនយោបាយ​ និង​ផែនការ​​អប់រំ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើក​​កម្ពស់​គុណភាព​​អប់រំ​តាមរយៈ​ ១. ការ​ធានា​ឲ្យ​បាន​នូវ​សមធម៌​ក្នុង​ការ​ចូល​រៀន​ ២. ការ​បង្កើន​គុណភាព​ និង​ប្រសិទ្ធភាព​​នៃ​សេវា​អប់រំ​ ៣. ការ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​ការ​ពង្រឹង​​សមត្ថភាព​​សម្រាប់​វិមជ្ឈការ។ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​កម្មវិធី​គាំទ្រ​វិស័យ​អប់រំ​ឆ្នាំ​២០០៦-២០១០៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 01 Jul 2009