នៅពេលថ្មីៗនេះ យុទ្ធនាការមួយត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តស្វាមីឲ្យចេះពិភាក្សាជាមួយភរិយារបស់ខ្លួនពីផលប្រយោជន៍នៃការប្រើប្រាស់មធ្យោបាយពន្យារកំណើត។
បើតាមគ្រូពេទ្យជំនាញ និងអ្នកឯកទេសសុខភាពបន្តពូជនៅឯពិធីយុទ្ធនាការនោះបានឲ្យដឹងថា ការពន្យារកំណើតមានមធ្យោបាយវេជ្ជសាស្រ្តបែបទំនើបចំនួន ៤ សម្រាប់ស្រ្តី គឺទីមួយ លេបថ្នាំគ្រាប់ ទីពីរថ្នាំចាក់ ទីបីដាក់កងក្រោមស្បែកនៅដើមដៃ និងទីបួនដាក់កងក្នុងស្បូន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាមានស្ត្រីម្នាក់ស្លាប់ក្នុងចំណោមស្ត្រី ៥០ នាក់ នៅពេលសម្រាលកូន ហើយថា អត្រាមរណភាពរបស់មាតា និងទារកគឺមានចំនួនដល់ទៅ ៤៧២ នាក់ ក្នុងចំណោម ១០០.០០០ នាក់ ដែលបានសម្រាលកូននោះ។ ឧទាហរណ៍ជាក់ស្តែង នៅថ្ងៃ ពុធ ទី ១៦ ធ្នូ នេះ កាសែតកោះសន្តិភាពបានចុះផ្សាយអត្ថបទមួយនៅទំព័រ ៥ របស់ខ្លួនដែលមានចំណងជើងថា «ស្រ្តីឆ្លងទន្លេមិនរួចពេទ្យវះកាត់សង្រ្គោះបានតែជិវិតកូន បាត់ជីវិតម្តាយ»។
ដោយសារតែអត្រាមរណភាពរបស់មាតា និងទារកនេះជាការគួរឲ្យព្រួយបារម្មណ៍ នោះវាពិតជាមានសារសំខាន់បំផុតសម្រាប់គូស្វាមីភរិយាទាំងឡាយក្នុងការពិភាក្សាគ្នាឲ្យបានហ្មត់ចត់ពីការមានកូនដែលមិនទាន់ចង់បាន ឬក៏មានកូនដោយចៃដន្យ ក្នុងកាលៈទេសៈដែលខ្លួនកំពុងជួបបញ្ហា ដូចជាបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងបញ្ហាសុខភាពជាដើម។
ជាងនេះទៅទៀត បើតាមការផ្តល់យោបល់ពីសំណាក់គ្រូពេទ្យជំនាញបានឲ្យដឹងថា កាលណាស្រ្តីមានកូនញឹកញាប់ពេកគឺមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ស្រ្តីជាភរិយា និងជាម្តាយប៉ុណ្ណោះនោះទេ តែវាអាចធ្វើឲ្យសុខភាពរបស់កូនមិនមាំមួនទៀតផង។ ឧទាហរណ៍ថា កូនទីមួយមិនទាន់ផ្តាច់ដោះផង ស្រាប់តែម្តាយមានគភ៌មួយទៀត។ តាមធម្មតា ប្រសិនបើស្រ្តីមានគភ៌គឺតែងមានកម្លាំងចុះខ្សោយ ដែលខ្មែរយើងនិយមហៅថា «ចាញ់កូន» នោះ។ ចុះបើម្តាយកំពុងតែចាញ់កូន ហើយកូនច្បងកំពុងបៅដោះទៀត ខណៈដែលខ្លួនជាមេផ្ទះទទួលរ៉ាប់រងការងារក្នុងគ្រួសារផ្ទះសម្បែងផង តើស្រ្តីរូបនោះមានការលំបាកយ៉ាងណា? ម្យ៉ាងទៀត ក្នុងករណីដែលផ្តាច់ដោះកូនច្បងដោយបង្ខំអាចធ្វើឲ្យក្មេងបាក់ទឹកដោះ និងមានសុខភាពមិនមាំមួន។ ទន្ទឹមនឹងនេះ កាលបើស្រ្តីមានកូនញឹកញាប់ពេកគឺខ្លួនពិតជាមិនមានពេលអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍគ្រួសារផង ព្រោះខ្លួនរវល់តែជាមួយនឹងកូនតូចៗ។ ប្រសិនបើគ្រួសារនោះធូរធាផ្នែកសេដ្ឋកិច្ច ឬក៏ហិរញ្ញវត្ថុគឺមិនសូវមានបញ្ហាប៉ុន្មានពេកនោះទេ ប៉ុន្តែបើជាគ្រួសារក្រីក្រវិញ នោះពិតជាញ៉ាប់ហើយ។
ចំណែកឯការពន្យារកំណើតវិញ ស្រ្តីគឺជាអ្នកដែលឈរនៅខ្សែត្រៀមជួរមុខក្នុងការប្រឈមទៅនឹងបញ្ហា ហើយប្រសិនបើការពន្យារកំណើតនេះធ្វើឡើងមិនស្របតាមបច្ចេកទេសវេជ្ជសាស្រ្តនោះទេ នោះស្រ្តីពិតជារងគ្រោះយ៉ាងធ្ងន់ធ្ងរ ដូចជាការឈឺចុកចាប់រីងរៃ និងអាចស្លាប់ភ្លាមៗក៏មាន។
ជាងនេះទៅទៀត ប្រសិនបើយើងមិនមានផែនការគ្រួសារនោះទេ ហើយយើងមានកូនដែលមិនទាន់ចង់បាន ឬក៏ថា មានកូនដោយចៃដន្យនោះ នោះយើងអាចឈានទៅរកការរំលូត ដែលទង្វើនេះគឺពិតជាប្រឈមនឹងគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី។ ប្រសិនបើការរំលូតនោះធ្វើទៅតាមក្របខណ្ឌជំនាញវេជ្ជសាស្រ្ត នោះទំនងជាមិនសូវមានបញ្ហានោះឡើយ ប៉ុន្តែប្រសិនបើនៅតាមគ្លីនិកមានគ្រូពេទ្យគ្មានជំនាញទេ នោះការប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។
នៅក្នុងគ្រួសារមួយ ប្រសិនបើស្រ្តីជាភរិយា និងជាម្តាយមានសុខភាពមិនមាំមួន នោះសង្គមគ្រួសារទំាងមូលពិតជាជួបបញ្ហាទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសបញ្ហាសេដ្ឋកិច្ចនេះឯង។
ជាការពិត យើងមិនមានបំណង ឬក៏ឆន្ទៈណាមួយដើម្បីជំរុញ និងលើកទឹកចិត្តឲ្យគូស្វាមីភរិយាត្រូវតែពន្យារកំណើតឡើយ ព្រោះនេះជាសិទ្ធិ និងជាការសម្រេចរបស់បុគ្គល និងសមាជិកគ្រួសារនីមួយៗ។ ប៉ុន្តែអ្វីដែលយើងចង់លើកឡើងនោះគឺថា ការរៀបចំផែនការសមាជិកគ្រួសារទុកជាមុនគឺជាការប្រសើរបំផុតជាងការមិនបានគ្រោងទុក។
ពិតជាមិនអាចប្រកែកបានទេដែលថា ការពន្យារកំណើតទុកជាមុនពិតជាមានសុវត្ថិភាពជាងនៅពេលដែលស្រ្តីមានគភ៌ហើយបែរជារំលូតវាទៅវិញ។ ម្យ៉ាងទៀត នៅក្នុង «ច្បាប់ស្តីពីការរំលូតកូន» ក៏បានចែងយ៉ាងច្បាស់ពីការដាក់ទោសទណ្ឌដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ដែរចំពោះការរំលូតកូននេះ។ នៅក្នុងមាត្រា ៥ នៃច្បាប់ស្តីពីការលូតកូនចែងថា «មានតែវេជ្ជបណ្ឌិតឬគ្រូពេទ្យមធ្យម ឬឆ្មបមធ្យមដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ទើបអាចធ្វើការរំលូតកូនបាន» ខណៈដែលមាត្រា ៦ ចែងថា «ការរំលូតកូនប្រព្រឹត្តទៅបានតែនៅក្នុងមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈឬឯកជនដែលទទួលបានការអនុញ្ញាតពីក្រសួងសុខភិបាល។ រាល់សេវាដែលក្រសួងសុខភិបាលបានអនុញ្ញាតឲ្យជាកន្លែងរំលូតកូនត្រូវមាន : - លទ្ធភាពបច្ចេកទេសព្យាបាលបន្ទាន់នូវរាល់ផលវិបាកនៃការរំលូតកូន - មធ្យោបាយបញ្ជូនទៅមន្ទីរពេទ្យ ប្រសិនបើមានការចាំបាច់»។
ទាក់ទិននឹងការដាក់ទោសទណ្ឌនេះ មាត្រា ១២ នៃច្បាប់ស្តីពីការរំលូតកូនដែលបានចូលជាធរមានកាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ១៩៩៧ បានកំណត់ច្បាស់ថា ជនទាំងឡាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៥ ឬ ៦ អាចជាប់ទោសពី ១ ខែ ដល់ ៥ ឆ្នាំ ហើយបើករណីបណ្តាលឲ្យស្រ្តីដែលមានគភ៌មានគ្រោះថ្នាក់ដល់ស្លាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយមាត្រា ៨ នៃច្បាប់នេះបានចែងដែរថា «ការរំលូតកូនអាចធ្វើទៅបាន ចំពោះគភ៌ណាដែលមានអាយុតិចជាង ១២ សប្តាហ៍។ លើសពី ១២ សប្តាហ៍នៃអាយុគភ៌ ការរំលូតកូនអាចទទួលការអនុញ្ញាតបាន លុះតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា : - គភ៌នោះមានភវន័យភាពមិនលូតលាស់ដូចប្រក្រតីឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ - កូនដែលនឹងកើតមកអាចមានជម្ងឺធ្ងន់ធ្ងរព្យាបាលពុំជា - ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឲ្យមានគភ៌ ការរំលូតកូនអាចប្រព្រឹត្តទៅបានដោយមិនគិតពីល័ក្ខខ័ណ្ឌដូចមានចែងខាងលើ តែត្រូវមានការស្មើសុំពីសាមីខ្លួន បើស្រ្តីនោះមានអាយុ ១៨ ឆ្នាំ ឡើងទៅ ឬការស្នើសុំដោយទទូចពីឪពុកម្តាយឬអាណាព្យាបាល បើស្រ្តីដែលមានគភ៌មានអាយុតិចជា ១៨ ឆ្នាំ។ ការសំរេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រូពេទ្យ ២ ឬ ៣ រូប រួមទាំងសាមីខ្លួនផង។ ល័ក្ខខ័ណ្ឌបច្ចេកទេសសម្រាប់ការអនុវត្តមាត្រានេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល»។
ដូចនេះ បុរសជាស្វាមី និងស្រ្តីជាភរិយាត្រូវចេះពិភាក្សាគ្នា ថាតើខ្លួនចង់បានកូន ឬក៏អត់ បើចង់បាន តើចំនួនប៉ុន្មាននាក់? ប្រសិនបើយើងចង់បានកូនតិច គឺយើងត្រូវមានផែនការគ្រួសារច្បាស់លាស់ ដោយចេះស្វែងរកសេវាពន្យារកំណើតឲ្យបានត្រឹមត្រូវធ្វើតាមវិជ្ជសាស្រ្ត និងតាមជំនាញបច្ចេកទេសប្រកបដោយសុវត្ថិភាព។ ការដែលស្រ្តីជាភរិយា និងស្រ្តីឯទៀតៗនៅក្នុងសង្គមគ្រួសារ និងនៅក្នុងសហគមន៍មានសុខភាពល្អមាំមួនគឺជាការរួមចំណែកក្នុងកាត់ការបន្ថយអត្រាមរណភាពរបស់មាតា និងទារក និងកាត់បន្ថយគ្រោះថ្នាក់ដល់ស្រ្តីរបស់យើងក្នុងការរំលូតកូន៕





