ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

គណៈកម្មាធិការ​អ៊ិកផាត​កម្ពុជា​ បង្ហាញ​តួ​លេខ​អំពើ​ចាប់​រំលោភ​ជួញដូរ​ និង​រឿង​​អនាចារ​២​ត្រី​មាស

រាជធានី​ភ្នំពេញ​៖ អំពើ​រំលោភ​សេពសន្ថវៈ​ ការ​ជួញដូរ​​ផ្លូវ​ភេទ​នៅ​តែ​គំរាមកំហែង​​ដល់​កុមារ​ និង​ស្ត្រី​កម្ពុជា។ ទោះ​បី​ជា​​មាន​ច្បាប់​កំណត់​​អំពើ​ទាំង​នេះ​ជា​​បទ​ឧក្រិដ្ឋ​ និង​បាន​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស​ក៏​​ដោយ​ ក៏​ជន​ល្មើស​​ហាក់​ដូច​ជា​មិន​មាន​ការ​ខ្លាច​រអា​ឡើយ។ បច្ចុប្បន្ន​​ កុមារ​ និង​ស្ត្រី​ ហាក់​ដូច​ជា​កំពុង​​រស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​ពី​ការ​រំលោភ​បំពាន​ និង​ស្លាកស្នាម​ផ្លូវ​ចិត្ត​ដែល​ពួក​គេ​មាន​កន្លង​មក​ បន្ទាប់​ពី​ពួក​គេ​បាន​ក្លាយ​ជា​ជន​រងគ្រោះ។

ជាក់ស្ដែង​ក្នុង​រយៈ​ពេល​២​ត្រី​មាស​​ដើម​ឆ្នាំ​២០០៨​នេះ​ តាម​ការ​អង្កេត​​ និង​ដក​ស្រង់​​ករណី​រំលោភ​សេពសន្ថវៈ​ ការ​ជួញដូរ​ផ្លូវ​ភេទ​ និង​អំពើ​អនាចារ​ ដោយ​គណៈកម្មាធិការ​​អ៊ិកផាត​កម្ពុជា​ ពី​បណ្ដាញ​សារព័ត៌មាន​ក្នុង​​ស្រុក​​ចំនួន​បួន​រួម​មាន​ កាសែត​កោះសន្ដិភាព​ រស្មី​កម្ពុជា​ កម្ពុជា​ថ្មី​ និង​ឌឹខេមបូឌៀដេលី​ បាន​បង្ហាញ​ថា​ មាន​អំពើ​រំលោភ​សេពសន្ថវៈ​បាន​កើត​ឡើង​ចំនួន​ ១៣១ករណី។ បើ​​ប្រៀបធៀប​នឹង​រយៈពេល​​ដូចគ្នា​ក្នុង​ឆ្នាំ​២០០៧​ តួ​លេខ​នេះ​មាន​ការ​ថយ​ចុះ​ចំនួន ​១៤​ករណី​ ប្រហែល​​នឹង​ ១១%។ ករណី​ទាំង​នេះ​ បណ្ដាល​ឲ្យ​មាន​​ជនរងគ្រោះ​ចំនួន​ ១៤២​នាក់​ (៧៩​នាក់​ជា​អនីតិជន​ ក្នុង​នោះ​៦១​នាក់​ជា​កុមារ​ដែល​មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ) ក្រៅ​ពី​ជនជាតិ​ខ្មែរ​​ក៏​មាន​ជនជាតិ​​ខ្មែរ​អ‌៊ិស្លាម​ វៀតណាម​ និង​ថៃ​ផង​ដែរ។ ក្នុង​ចំណោម​ករណី​ទាំងអស់​មាន​ ១៤​ករណី​ដែល​​ទាំង​ជនរងគ្រោះ​ និង​ជន​​សង្ស័យ​ជា​អនីតិជន​ដូចគ្នា។ អំពើ​អមនុស្ស​ធម៌​ទាំងនេះ​បាន​បង្ក​ឡើង​ ដោយ​ជន​សង្ស័យ​ ១៨១នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ២​នាក់​ជា​សហចារី។ ​១០៩​នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ទាំងអស់​​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បាន​បំពេញ​​សំណុំ​រឿង​​បញ្ជូន​​ទៅ​តុលាការ​​ចំនួន​ ៦៧​ករណី​ និង​ ៧០នាក់​ផ្សេង​ទៀត​ បាន​គេច​ខ្លួន។ តួ​លេខ​បាន​បង្ហាញ​ពី​ករណី​រំលោភ​បូក​បាន​​កើន​ឡើង​ចំនួន​ ១៦ករណី​ ដែល​ក្នុង​មួយ​ករណីៗ​ ជនសង្ស័យ​មាន​គ្នា​​ពី​២​នាក់​រហូត​ដល់​ ១០​នាក់​ក៏​មាន។ បើ​សង្កេត​​ពី​ទំនាក់ទំនង​រវាង​​ជន​សង្ស័យ​ និង​ជនរងគ្រោះ​ជា​កុមារ​វិញ​ យើង​ឃើញ​ថា​ មាន​កុមារ​៧​នាក់​ត្រូវ​បាន​​រំលោភ​ដោយ​ឪពុក​​បង្កើត​ ឬ​ឪពុក​ចុង​របស់​ខ្លួន​ ៣​នាក់​​​ដោយ​បងប្អូន​ជីដូន​មួយ​ ៣២​នាក់​ដោយ​អ្នក​ជិត​ខាង​ ឬ​អ្នក​​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​​ ១៥​នាក់​ដោយ​អ្នក​ស្គាល់​គ្នា​ ៥​នាក់​ដោយ​គ្រូ​បង្រៀន​ ២នាក់​​ដោយ​បុរស​ជា​សង្សារ​​ ២​​នាក់​​ដោយ​អ្នក​មិន​ដែល​​ស្គាល់​គ្នា។

ប្រភព​​ដដែល​​ក៏​បាន​​រាយការណ៍​ដែរ​ថា​ មាន​៤៣​ករណី​​ដែល​​ជនសង្ស័យ​គ្រោង​ទុក​ជា​​មុន​ ១៩​ករណី​ ជន​សង្ស័យ​ស្ថិត​ក្នុង​ភាព​ស្រវឹង​​ជោកជាំ​ ៣​ករណី​ត្រូវ​បាន​ដឹង​ថា​ ជន​សង្ស័យ​មើល​រឿង​អាសអាភាស​ជា​ប្រចាំ​​ និង​១​ករណី​បាន​ប្រើ​ថ្នាំ​សម្រើប។ ទាក់ទង​​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់​វិញ​ មាន​១ករណី​ដែល​តុលាការ​​តំកល់​ទុក​មិន​ចាត់​ការ​ ១​ករណី​តុលាការ​​ដោះ​លែង​​ជន​សង្ស័យ​ឲ្យ​​នៅ​​ក្រៅ​ឃុំ​ ៣​ករណី​ត្រូវ​​បាន​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​២៣​ករណី​ស្ថិត​​ក្រោម​ការ​ស៊ើប​អង្កេត​​បន្ថែម​ទៀត​​របស់​មន្ត្រី​មាន​សមត្ថកិច្ច។ បណ្ដា​ ខេត្ត​- ក្រុង​ដែល​កើត​មាន​ករណី​ទាំង​នេះ​​ច្រើន​ជាង​គេ​គឺ​ នៅ​ខេត្ត​កំពង់ចាម​២២​ករណី​ ក្រុង​ភ្នំពេញ​​១២​ករណី​ ខេត្ត​កណ្ដាល​ និង​ខេត្ត​បាត់ដំបង​ចំនួន​ ១១​ករណី​ដូចគ្នា​ ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​បន្ទាយមានជ័យ​ ៩​ករណី​ស្មើ​គ្នា។

តាមរយៈ​សេចក្ដី​រាយការណ៍​ដដែល​យើង​សង្កេត​ឃើញ​ថា​ រូប​ភាព​ស្ដែង​​ចេញ​ពី​​ករណី​រំលោភ​សេពសន្ថវៈ​ហាក់​ដូច​ជា​​កាន់​តែ​ព្រៃ​ផ្សៃ​ឡើងៗ​ ដូចជា​ ចំនួន​​ជន​សង្ស័យ​ក្នុង​ករណី​រំលោភ​បូក​នីមួយៗ​ មាន​ការ​កើន​ឡើង​​រហូត​​ដល់​១០​នាក់​ក្នុង​ករណី​ខ្លះ​ និង​សូម្បី​តែ​កុមារ​ក៏​​ជា​​ជនល្មើស​ក្នុង​ករណី​នេះ​ដែរ) ការ​ចាប់​រំលោភ​ពី​សំណាក់​ឪពុក​បង្កើត​ ឬ​ឪពុក​ចុង​​ដោយ​មាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​កូន​ម្នាក់​ ឬ​ច្រើន​ និង​គួរ​​ឲ្យ​សង្វេគ​បំផុត​​ គឺ​ការ​ចាប់​រំលោភ​ជនរងគ្រោះ​ដែល​មាន​ភាព​វិកល​វិការ​ និង​មាន​ជន​រងគ្រោះ​រហូត​ដល់​១១​នាក់​ត្រូវ​បាន​សម្លាប់​​ដើម្បី​បំបាត់​ភស្តុតាង​ បន្ទាប់​ពី​ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​ហើយ។ ដោយ​ឡែក​​ករណី​ភាគ​ច្រើន​​បង្ក​ឡើង​ដោយ​អ្នក​ភូមិ​ផង​របង​ជាមួយ​ អ្នក​ស្គាល់​គ្នា​ សាច់ញាតិ​ និង​ឪពុក​បង្កើត​​ ឬ​ឪពុក​ចុង​ក៏​មាន។ ទាក់ទង​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់​វិញ​ មាន​ជន​សង្ស័យ​ជា​ច្រើន​ដែល​បាន​គេច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​​ពី​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​នោះ​ទេ​ ដូចគ្នា​នោះ​ដែរ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ណា​មួយ​ត្រូវ​​បាន​រាយការណ៍​ពី​ដំណើរការ​ជំនុំជំរះ​ឡើយ។

ក្នុង​ឆមាស​ទី​១​នេះ​ដែរ​ ក៏​មាន​ករណី​ជួញដូរ​ផ្លូវ​ភេទ​ចំនួន​៥​ករណី​បាន​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​​មាន​ជនរងគ្រោះ​២២​នាក់​ ក្នុង​នោះ​មាន​៤​នាក់​ជា​ជនជាតិ​វៀតណាម។​ មាន​ជនល្មើស​ ៩​នាក់​ ២​នាក់​​ជា​ស្ត្រី​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​នេះ​ ដែល​៧​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ដើម្បី​បំពេញ​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ​ និង​ម្នាក់​ទៀត​​បាន​រត់​គេច​ខ្លួន។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ខាង​លើ​ គឺ​ជា​ម្ដាយ​បង្កើត​របស់​ជនរងគ្រោះ​ម្នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ​ ដែល​នាង​ត្រូវ​បាន​ម្ដាយ​អគតិ​រូប​នោះ​នាំ​នាង​ទៅ​លក់​ព្រហ្មចារី​ឲ្យ​ជនបរទេស​​ម្នាក់​ដើម្បី​ប្ដូរ​យក​ប្រាក់។ ពុំ​មាន​ករណី​ណា​មួយ​​ក្នុង​ចំណោម​ករណី​ខាង​លើ​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ដំណើរ​ការ​ជំនុំជំរះ​ត្រូវ​បាន​​ធ្វើ​ឡើង​​នោះ​ឡើយ។ ផ្លូវ​នៃ​ការ​ជួញដូរ​​នៃ​ករណី​​ទាំង​នេះ​ត្រូវ​​បាន​រាយការណ៍​​ឲ្យ​ដឹង​ថា​ មាន​ការ​ជួញដូរ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​សៀមរាប​ផ្ទាល់​ ពី​ខេត្ត​កណ្ដាល​មក​ខេត្ត​​រតនគីរី​ និង​ពី​ប្រទេស​វៀតណាម​​មក​ក្រុងព្រះសីហនុ។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ ក៏​មាន​ករណី​អនាចារ​ចំនួន​៦​ករណី​បាន​កើត​ឡើង​ និង​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​១៦​នាក់​ ៨​នាក់​ជា​កុមារី​ និង​៥​នាក់​ជា​កុមារា​ដែល​មាន​​អាយុ​ពី​៦​ដល់​១៦​ឆ្នាំ។ ករណី​ទាំង​នោះ​បាន​​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ចំនួន​៦​នាក់​ដែល​ក្រៅ​ពី​ជនជាតិ​ខ្មែរ​ម្នាក់​​មាន​ជនជាតិ​រុស្សី​ ចិន​ អ៊ីតាលី​ អាមេរិក​ និង​បារាំង​ ៥​នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បំពេញ​​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ​ និង​ម្នាក់​ទៀត​​មិន​ត្រូវ​​បាន​ឃាត់​ខ្លួន​ទេ​ តែ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​​របស់​ប៉ូលិស​មូលដ្ឋាន។ ករណី​នោះ​បាន​កើត​ឡើង​៣​ករណី​នៅ​ក្រុង​ព្រះសីហនុ​ ២​ករណី​នៅ​ក្រុង​ភ្នំពេញ​​ និង​​១​ករណី​នៅ​ខេត្ត​កំពត។ ដូចគ្នា​​នឹង​ករណី​រំលោភ​សេពសន្ថវៈ​ និង​ជួញដូរ​​ផ្លូវ​ភេទ​ផង​ដែរ​ ពុំ​មាន​ដំណើរការ​ជំនុំជំរះ​ណា​មួយ​​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ បាន​ធ្វើ​ឬ​យ៉ាង​​ណា​នោះ​ទេ។

គណៈកម្មការ​អ៊ិកផាត​កម្ពុជា​ រួម​ជា​មួយ​អង្គការ​ជា​សមាជិក​ទាំង​២៧​របស់​ខ្លួន​ សូម​អំពាវនាវ​សា​​ជា​ថ្មី​​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​​ពាក់ព័ន្ធ​ ជា​ពិសេស​មន្ត្រី​ប៉ូលិស​ សូម​មេត្តា​ជួយ​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​​ ដោយ​ចៀសវាង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ផ្ទុយ​នឹង​នីតិវិធី​ និង​​បទប្បញ្ញត្តិ​ច្បាប់​ ព្រម​ទាំង​ការ​តាម​ប្រមាញ់​លើ​ជន​សង្ស័យ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ម្យ៉ាង​ទៀត​ យើង​សូម​អំពាវនាវ​លើក​យក​ករណី​ទាំង​​នោះ​​មក​ជំនុំជំរះ​អោយ​បាន​ឆាប់​រហ័ស​ និង​ផ្ដន្ទាទោស​ជនល្មើស​​​អោយ​បាន​ធ្ងន់ធ្ងរ​ ដើម្បី​ចៀសវាង​ការ​​ទុក​សំណុំ​​រឿង​មិន​ចាត់​ការ​ ដោយ​ផ្ដល់​ឱកាស​អោយ​ជនល្មើស​បាន​រស់នៅ​ក្រៅ​សំណាញ់​​ច្បាប់។ ទាក់ទង​នឹង​បញ្ហា​ដ៏​ក្ដៅ​គគុក​ខាង​លើ​នេះ​ដែរ​ យើង​ខ្ញុំ​សូម​សំណូមពរ​ដល់​ជន​ដែល​ងាយ​រងគ្រោះ​ សូម​មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ជា​ពិសេស​ឪពុក​ម្ដាយ​ និង​អាណាព្យាបាល​ទាំងឡាយ​មិន​ត្រូវ​ផ្ដល់​ការ​ទុក​ចិត្ត​ដល់​សាច់ញាតិ​ មិត្ដភ័ក្ដិ​ និង​អ្នក​ជិត​ខាង​ ឬ​បណ្ដោយ​ឲ្យ​កូន​ចៅ​របស់​ខ្លួន​​នៅ​តែ​ម្នាក់​ឯង​ឡើយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ អង្គារ 15 Jul 2008