លោក Philip Set Kao ប្រធានសមាគមសណ្ឋាគារកម្ពុជា ត្រូវបានដកស្រង់មកចុះផ្សាយដោយព្រឹត្តិបត្រស្ដីពីបញ្ហាអាជីវករថា រហូតមកទល់នឹងពេលនេះ ក្រសួងពាក់ព័ន្ធជាច្រើនបានទាមទារនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការគ្រប់គ្រងឧស្សាហកម្មសណ្ឋាគារក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលសណ្ឋាគារជាច្រើនត្រូវចំណាយពេល និងប្រាក់កាសជាច្រើន ដើម្បីដោះស្រាយបញ្ហាជាមួយនឹងមន្ត្រីផ្សេងៗដែលធ្វើការជាន់តួនាទីគ្នា។ ខ្ញុំគិតថា វាជាការល្អដែលសេចក្ដីព្រាងច្បាប់ទេសចរណ៍ពិនិត្យមើលអភិបាលកិច្ចក្នុងវិស័យនេះ ដោយបញ្ជាក់ឲ្យបានច្បាស់អំពីតួនាទីរបស់ក្រសួងពាក់ព័ន្ធនានា។ ច្បាប់ទេសចរណ៍នេះ ដើម្បីធានានូវនិរន្តរភាពរបស់វិស័យទេសចរណ៍។
ច្បាប់ស្ដីពីទេសចរណ៍ គួរតែបញ្ជាក់ឲ្យបានច្បាស់អំពីសមត្ថកិច្ចរបស់ក្រសួងទេសចរណ៍ក្នុងការរៀបចំ និងពិនិត្យមើលផែនការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីបញ្ចូលផែនការនេះទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលជាគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ គេអាចចាប់ផ្ដើមដំណើរការបែងចែកសមត្ថកិច្ច និងសកម្មភាពរបស់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រនេះ។ ប្រសិនបើគេមិនអាចធ្វើបែបនេះបានទេ ផែនការអភិវឌ្ឍន៍ទេសចរណ៍អាចនឹងមិនទទួលបានជោគជ័យដូចដែលគេជួបប្រទះក្នុងករណីជាច្រើន។ ខាងលើនេះដែរ ក៏ជាមតិរបស់ Trevor Atherton អ្នកប្រឹក្សាយោបល់ឲ្យ IFC MPDF។
សេចក្ដីព្រាងច្បាប់ស្ដីពីទេសចរណ៍ ទទួលស្គាល់ពីសារសំខាន់នៃការពិគ្រោះយោបល់ជាមួយផ្នែកឯកជន ដើម្បីបង្កើតឲ្យមានបរិយាកាសបទប្បញ្ញត្តិអាជីវកម្មប្រសើរឡើង។ សេចក្ដីព្រាងច្បាប់នេះបានចែងថា "ក្រសួងទេសចរណ៍ត្រូវពិគ្រោះយោបល់ជាមួយផ្នែកឯកជនក្នុងការចេញប្រកាស និងអនុក្រឹត្យដែលគ្រប់គ្រងវិស័យនេះជាអាទិ៍មាន ១- ការបង្កើតក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ២- ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ទទួលបានអាជ្ញាប័ណ្ណទេសចរណ៍ និង៣- ការកំណត់ស្តង់ដារ និងលក្ខខណ្ឌតម្រូវអំពីការធានាគុណភាព"។
ក្រសួងទេសចរណ៍បានទទួលស្គាល់យ៉ាងត្រឹមត្រូវ ពីសារប្រយោជន៍ដែលទទួលបានពីចំណេះដឹង និងបទពិសោធន៍របស់ផ្នែកឯកជនដោយបានបញ្ចូលទៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្ដីអំពីទេសចរណ៍នូវការទាមទារឲ្យមានការពិគ្រោះយោបល់ជាមួយផ្នែកឯកជនពាក់ព័ន្ធនឹងសេចក្ដីសម្រេចនៃបទប្បញ្ញត្តិ និងច្បាប់នាពេលអនាគត។ ការតម្រូវឲ្យមានការពិគ្រោះយោបល់ជាមួយផ្នែកឯកជននេះនឹងជួយឲ្យក្រសួងទេសចរណ៍រកឃើញយន្តការបទប្បញ្ញត្តិដ៏សមស្របមួយដោយមិនធ្លាក់ក្នុងអន្ទាក់នៃការគ្រប់គ្រងដោយប្រើបទប្បញ្ញត្តិច្រើនហួសកំរិត។ អាជីវកម្មទេសចរណ៍ដឹងអំពីវិស័យនេះច្បាស់លាស់ជាងអ្នកដទៃទៀត។ ហេតុដូច្នេះហើយ វាគឺជាការដ៏សមហេតុផលមួយដែលរដ្ឋាភិបាលគួរតែពិគ្រោះជាមួយផ្នែកឯកជនមុននឹងធ្វើការកែប្រែបទប្បញ្ញត្តិផ្សេងៗ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមាននានា។
លោក ឱម ផារិន អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ថា ការពិគ្រោះយោបល់ជាមួយផ្នែកឯកជនមិនគ្រាន់តែកសាងទំនាក់ទំនងរវាងរដ្ឋាភិបាល និងផ្នែកឯកជនប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងជួយឲ្យផ្នែកឯកជនបានរួមចំណែកក្នុងការបង្កើតគោលនយោបាយ និងបទប្បញ្ញត្តិដែលជួយសម្រួលដល់ការធ្វើអាជីវកម្មទៀតផង។ តាមរយៈដំណើរការពិគ្រោះយោបល់នេះ សមាជិកនៃសមាគមអាជីវកម្មទេសចរណ៍នានានឹងអាចផ្ដល់ឲ្យក្រសួងទេសចរណ៍នូវព័ត៌មានដ៏មានតម្លៃ ព្រោះព័ត៌មានទាំងនេះជួយដល់ការរៀបចំបង្កើតក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ។
ខ្ញុំយល់ឃើញថា យន្តការនេះគឺជាយុទ្ធសាស្ត្រឈ្នះ=ឈ្នះសម្រាប់រដ្ឋាភិបាល និងផ្នែកឯកជន។ តាមរយៈដំណើរការនេះ ផ្នែកឯកជននឹងអាចលើកឡើងនូវក្ដីកង្វល់របស់ពួកគេឲ្យរដ្ឋាភិបាលបានដឹង ហើយរំពឹងថារដ្ឋាភិបាលនឹងពិចារណារកដំណោះស្រាយសម្រាប់បញ្ហាទាំងនោះ។ រដ្ឋាភិបាលនឹងអាចគ្រប់គ្រងវិស័យនេះយ៉ាងមានប្រសិទ្ធភាព ហើយអាជីវកម្មឯកជន នឹងអាចមានភាពប្រកួតប្រជែងដែលករណីនេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ច។
ការទទួលស្គាល់គុណភាពអាជីវកម្មទេសចរណ៍ គឺជាដំណើរការវាយតម្លៃ ត្រួតពិនិត្យ និងផ្ដល់ការធានាជាលាយលក្ខណ៍អក្សរ ដែលធានាថា អាជីវកម្ម ផលិតផល ដំណើរការ ឬប្រព័ន្ធគ្រប់គ្រងមួយគោរពទៅតាមការទាមទារជាកាក់មួយចំនួន។ ការទទួលស្គាល់គុណភាព មានបំណងផ្ដល់នូវគ្រឿងលើកទឹកចិត្ត នឹងជួយឲ្យក្រសួងទេសចរណ៍រកឃើញយន្តការបទប្បញ្ញត្តិដ៏សមស្របមួយ ដោយមិនធ្លាក់ក្នុងអន្ទាក់នៃការគ្រប់គ្រង ដោយប្រើបទប្បញ្ញត្តិនានាដើម្បីកែលំអគុណភាពសេវា។
បទពិសោធន៍អន្តរជាតិបង្ហាញថា ប្រព័ន្ធទទួលស្គាល់គុណភាព គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីលើកទឹកចិត្តឲ្យមានការកែលំអគុណភាព ព្រមទាំងកសាងកេរ្តិ៍ឈ្មោះរបស់សណ្ឋាគារ និងអាជីវកម្មទេសចរណ៍។ តាមរយៈច្បាប់ស្ដីពីទេសចរណ៍ថ្មីនេះ ក្រសួងទេសចរណ៍ផ្ដល់នូវប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងសេវាស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។ ដោយបង្កើតឡើងនូវប្រព័ន្ធទទួលស្គាល់គុណភាព ដែលមានតម្លាភាពមួយ ច្បាប់ស្ដីពីទេសចរណ៍នឹងផ្ដល់នូវមូលដ្ឋានសម្រាប់ផ្នែកឯកជនអាចត្រួតពិនិត្យគុណភាពសេវាដោយខ្លួនឯង ដោយសម្រួលឲ្យឧស្សាហកម្មនេះបង្កើតស្តង់ដារមួយ ដើម្បីជូនដំណឹងដល់អតិថិជនអំពីគុណភាពសេវារបស់សណ្ឋាគារ និងសេវាស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។
ដោយសារគេមើលឃើញថា ការទទួលស្គាល់គុណភាព គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណភាពសេវា ក្រសួងទេសចរណ៍យកបទប្បញ្ញត្តិធ្វើជាឧបករណ៍សម្រាប់គ្រប់គ្រងគុណភាពតាមរយៈនីតិវិធីចេញអាជ្ញាប័ណ្ណទេ។ ក្រសួងគួរផ្ដោតតែទៅលើការធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរ និងធានាថា មានការគោរពទៅតាមសេចក្ដីតម្រូវផ្នែកអនាម័យ និងសុខភាព។ ទម្រង់ផ្សេងទៀតនៃការត្រួតពិនិត្យគុណភាព មិនគួរទាក់ទងទៅនឹងដំណើរការចេញអាជ្ញាប័ណ្ណទេ។ យន្តការទីផ្សារដែលរួមបញ្ចូលទាំងប្រព័ន្ធ ទទួលស្គាល់គុណភាពដ៏មានតម្លាភាពមួយ គួរជាយុទ្ធសាស្ត្រចម្បងមួយដែលគេគួរអនុវត្ត ដើម្បីជួយឲ្យមានការកែលំអរគុណភាពដែលនឹងផ្ដល់ប្រយោជន៍វិស័យទេសចរណ៍។ ក្នុងពេលអនុវត្តច្បាប់ស្ដីពីទេសចរណ៍នេះ ការសំខាន់គឺក្រសួងទេសចរណ៍ត្រូវធានាថា សេចក្ដីតម្រូវនានា ដើម្បីទទួលបានអាជ្ញាប័ណ្ណ មិនទាក់ទងដោយផ្ទាល់ទៅនឹងការធានាគុណភាព ប៉ុន្តែផ្ដោតសំខាន់ទៅលើសុវត្ថិភាព និងអនាម័យ។ ទម្រង់ផ្សេងទៀតនៃការធានាគុណភាព គួរគ្រប់គ្រងដោយយន្តការទីផ្សារដែលពឹងផ្អែកទៅលើព័ត៌មានដែលអាចមានអំពីគុណភាពសេវាដែលសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ផ្ដល់ឲ្យ និងយន្តការទទួលស្គាល់គុណភាពដ៏ច្បាស់លាស់។
ការគ្រប់គ្រងដោយប្រើបញ្ញត្តិច្រើនហួសកម្រិតលើការធានាគុណភាពនឹងបង្កើនចំណាយនៃការធ្វើអាជីវកម្ម ដែលនេះនឹងធ្វើឲ្យវិស័យទេសចរណ៍បាត់បង់លទ្ធភាពប្រកួតប្រជែង។ ការដែលសំខាន់ជាងនេះទៅទៀតគឺ អ្នកធ្វើបទប្បញ្ញត្តិគួរមានសមត្ថកិច្ចក្នុងការចេញអាជ្ញាប័ណ្ណ ដែលមានកម្រិតត្រឹមតែការធានាសុវត្ថិភាព និងអនាម័យប៉ុណ្ណោះ។ ការគ្រប់គ្រងដោយប្រើបញ្ញត្តិច្រើនហួសកម្រិតនឹងអាចបង្កើតឲ្យមានការចំណាយក្រៅផ្លូវការ។
ជាជាងការដាក់កំហិតតាមរយៈការចេញបទប្បញ្ញត្តិ ដើម្បីធានានូវគុណភាពសេវាកម្មវាជាការចាំបាច់ក្នុងការលើកទឹកចិត្តផ្នែកឯកជន ឲ្យកែលំអគុណភាពឲ្យបានប្រសើរនូវគុណភាពសេវាកម្មទេសចរណ៍រួមមាន ការលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងរវាងអាជីវកម្មទេសចរណ៍ និងការកសាងសមត្ថភាព អាជីវកម្ម ដើម្បីឲ្យមានការកែលំអរសេវាកម្មរបស់ពួកគេ។
លោក Philip Set Kao ប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៍ថា នៅក្នុងក្រុមការងារផ្នែកទេសចរណ៍នៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន សមាជិកនៃសមាគមសណ្ឋាគារខ្លះបានលើកឡើងនូវបញ្ហាថា គេត្រូវប្រើពេលយូរដើម្បីទទួលបានអាជ្ញាប័ណ្ណទេសចរណ៍។ ការកំណត់លក្ខខណ្ឌច្រើនពេកក្នុងការធានាគុណភាព ដើម្បីទទួលបានអាជ្ញាប័ណ្ណ គឺជាឧបសគ្គក្នុងការធ្វើអាជីវកម្មទេសចរណ៍ ហើយវាមិនអាចកែលំអគុណភាពសេវាទេសចរណ៍បានទេ។ យើងគួរពិនិត្យមើលបទពិសោធន៍របស់ប្រទេសផ្សេងទៀត ដែលបានធ្វើការកែលំអគុណភាពសេវា និងទទួលស្គាល់ថា យន្តការទីផ្សារនៅតែមានប្រសិទ្ធភាព។
ទាក់ទិននឹងឯករាជភាពនៃសមាគមអាជីវកម្ម ដែលគឺជាគន្លឹះជំរុញឲ្យមានការរីកលូតលាស់នៃវិស័យទេសចរណ៍ សេចក្ដីព្រាងច្បាប់បច្ចុប្បន្នចែងថា ក្រសួងទេសចរណ៍គួរសម្របសម្រួលដំណើរការបង្កើតធម្មនុញ្ញ សិទ្ធិ និងភារកិច្ចរបស់សមាគមអាជីវកម្ម និងត្រួតពិនិត្យ សកម្មភាពរបស់សមាគមទាំងនេះ។ បទប្បញ្ញត្តិនេះមានបញ្ហាមួយចំនួន។ វាគឺជាការប្រសើរ ប្រសិនបើក្រសួងទេសចរណ៍មិនប្រកាន់តួនាទីផ្លូវការណាមួយក្នុងការត្រួតពិនិត្យសកម្មភាពរបស់សមាគមអាជីវកម្ម។
ប្រសិនបើបទប្បញ្ញត្តិដែលកំណត់តួនាទីរបស់ក្រសួងដូចបានស្នើឡើងខាងលើនេះ ធ្វើឡើងដើម្បីកំហិតសេរីភាពរបស់សមាគមទេសចរណ៍ វាមិនស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាទេ។ លើសពីនោះទៀត វាអាចស្ដែងចេញឲ្យឃើញផងដែរនូវឥទ្ធិពលមិនសមស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាទេ។ លើសពីនេះទៀត វាអាចស្ដែងចេញឲ្យឃើញផងនូវឥទ្ធិពលមិនសមស្របមកលើសកម្មភាពផ្ទៃក្នុង និងឯករាជភាពរបស់សមាគមអាជីវកម្ម។ ថ្វីបើក្រសួងទេសចរណ៍អាចផ្ដល់ឲ្យសមាគមអាជីវកម្មនូវជំនួយដែលសមាគមអាជីវកម្មត្រូវការ ក្រសួងទេសចរណ៍មិនចាំបាច់ដាក់បញ្ចូលតួនាទីផ្លូវការនេះទៅក្នុងច្បាប់នេះទេ។
លោក Philip Set Kao និយាយថា "ខ្ញុំជឿជាក់ថា សេរីភាពរបស់សមាគមអាជីវកម្ម គឺជាគន្លឹះដើម្បីជំរុញឲ្យមានបរិយាកាសអាជីវកម្មល្អ។ ខ្ញុំគិតថា គេអាចធានាបាននូវឯករាជភាពរបស់សមាគមអាជីវកម្មប្រសិនបើមានការត្រួតពិនិត្យតិចតួចរបស់រដ្ឋាភិបាលមកលើសកម្មភាពរបស់សមាគមអាជីវកម្ម"។
លោក ឱម ផារិន មានប្រសាសន៍ថា ថ្វីបើការពិគ្រោះយោបល់ជាមួយផ្នែកឯកជនគឺជាកត្តាចាំបាច់ សម្រាប់កែលំអបរិយាកាសច្បាប់ និងបទប្បញ្ញត្តិគេអាចមានបរិយាកាសបែបនេះបាន លុះត្រាតែសមាគមអាជីវកម្មមានឯករាជភាពក្នុងការធ្វើការតស៊ូមតិ។ ឯករាជភាពរបស់សមាគមអាជីវកម្មនឹងធានាថា គេនឹងលើកទឹកចិត្តសមាគមអាជីវកម្មឲ្យធ្វើការតស៊ូមតិដើម្បីកែលំអគោលនយោបាយ និងការអនុវត្តន៍គោលនយោបាយនានា។ ហេតុដូច្នេះហើយ រដ្ឋបាលសាធារណៈមិនគួរមានឥទ្ធិពលលើសិទ្ធិ និងធម្មនុញ្ញរបស់សមាគមអាជីវកម្មទេ៕

