
- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/ រកត/ ០៧០៤/ ១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/ នស/ ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/ រកម/ ០១០៥/ ០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និង របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
ប្រកាសឱ្យប្រើ
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៣ និងព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គ លើកទី ១០ នីតិកាលទី ១ ដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ ៖
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
ជំពូកទី ១
បទប្បញ្ញាត្តិទូទៅ
មាត្រា ១
ច្បាប់នេះមានគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារក្នុងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។
ច្បាប់នេះ មានទិសដៅបង្កើតយន្តការនីត្យានុកូល ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងថែរក្សាភាពសុខដុមរមនាក្នុងគ្រួសារតាមទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ ស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តជាធរមាន។
ជំពូកទី ២
វិសាលភាពនៃការអនុវត្តន៍
មាត្រា ២
អំពើហិង្សាក្នុងគ្រួសារគឺសំដៅលើអំពើហិង្សាដែលកើតមាននិងអាចកើតមានទៅលើ ៖
១- ប្ដី ឬ ប្រពន្ធ
២- កូនក្នុងបន្ទុក
៣- ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
មាត្រា ៣
អំពើហិង្សាក្នុងគ្រួសារ ទាមទារឱ្យមានការទប់ស្កាត់ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ហើយតម្រូវឱ្យចាត់វិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬ ជនអាចនឹងរងគ្រោះ។
អំពើហិង្សារួមមាន ៖
- ការប៉ះពាល់ដល់ជីវិត
- ការប៉ះពាល់ដល់បូរណភាពរូបកាយ
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ
- ការឈ្លានពានខាងផ្លូវភេទ ។
មាត្រា ៤
អំពើប៉ះពាល់ដល់ជីវិត រួមមាន :
- មនុស្សឃាតដោយគិតទុកជាមុន
- មនុស្សឃាតដោយចេតនា
- មនុស្សឃាតដោយអចេតនា បណ្ដាលមកពីអំពើចេតនាផ្សេងទៀតនៃជនល្មើស
- មនុស្សឃាតដោយអចេតនា។
មាត្រា ៥
អំពើប៉ះពាល់ដល់បូរណភាពរូបកាយ រួមមាន :
- ការបំពារបំពានលើរូបកាយដោយប្រើអាវុធ ឬ ឥតអាវុធមានរបួស ឬ គ្មានរបួស
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ។
មាត្រា ៦
អំពើទារុណកម្ម ឬ អំពើឃោរឃៅ រួមមាន :
- ការធ្វើទុក្ខបុកម្នេញបង្កឱ្យមានការឈឺចុកចាប់ផ្លូវចិត្តសតិអារម្មណ៍ បញ្ញាស្មារតីដល់រូបវន្តបុគ្គលក្នុងគ្រួសារ
- ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្តហួសពីសីលធម៌ និងច្បាប់កំណត់។
មាត្រា ៧
អំពើឈ្លានពានខាងផ្លូវភេទ រួមមាន :
- ការប្រើហិង្សាសេពសន្ថវៈ
- ការបៀតបៀនកេរ្តិ៍ខ្មាស
- ការធ្វើអាស្រូវភាស។
មាត្រា ៨
ត្រូវទប់ស្កាត់ផងដែរចំពោះអំពើគំរាមកំហែងក្នុងគោលបំណងឱ្យជនរងគ្រោះភ័យខ្លាច តក់ស្លុត និងអំពើប៉ះពាល់ដល់បុគ្គលភាព និងទ្រព្យសម្បត្តិនៃជនដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារតែមួយ។
មិនរាប់បញ្ចូលថាជាការប្រើហិង្សា ឬ សកម្មភាពហិង្សាក្នុងគ្រួសារទេរាល់ការប្រៀនប្រដៅដោយផ្ដល់ដំបូន្មាន ឬ ធ្វើការដាស់តឿនក្រើនរំលឹកឬចាត់វិធានការនានាសមស្របដើម្បីឱ្យសហព័ទ្ធ ឬ កូន ឬ អ្នកនៅក្នុងបន្ទុកដើរក្នុងផ្លូវល្អតាមលក្ខណៈរស់នៅថ្លៃថ្នូរ នឹងទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជាតិ ប្រសិនបើការប្រៀនប្រដៅនិងការអប់រំនោះ ធ្វើឡើងប្រកបដោយព្រហ្មវិហារធម៌ និងស្របទៅតាមគោលការណ៍នៃអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី ៣
សមត្ថកិច្ច និងនីតិវិធី
មាត្រា ៩
អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតមានកាតព្វកិច្ចធ្វើអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ឬ បម្រុងនឹងកើតឡើងដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះ។
ក្នុងអំឡុងពេលចូលធ្វើអន្តរាគមន៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុឱ្យបានជាក់លាក់អំពីហេតុការណ៍នោះ រួចរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាមានសមត្ថកិច្ច។
មាត្រា ១០
ក្នុងគោលដៅទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ មន្ត្រីនៃក្រសួងកិច្ចការនារី បម្រើការងារលើវិស័យដែលបញ្ញត្តិដោយច្បាប់នេះ ត្រូវបានទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងអាចធ្វើជាដើមបណ្ដឹងជួសមុខឱ្យជនរងគ្រោះស្របតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន។
មាត្រា ១១
ក្នុងករណីអវត្ដមាននៃមន្ត្រីដែលបានទទួលនីតិសម្បទាជានគរបាលយុត្តិធម៌រួចហើយនោះ មន្ត្រីសមត្ថកិច្ចដទៃទៀតរួមមានមន្ត្រីនគរបាល ភ្នាក់ងារនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់មន្ត្រីរបស់ក្រសួងកិច្ចការនារីរួមទាំងមេភូមិ ដែលធ្វើអន្តរាគមន៍ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជន រងគ្រោះត្រូវបានទទួលអំណាចពីច្បាប់នេះ ដើម្បីធ្វើកំណត់ហេតុជូនទៅតុលាការ។ កំណត់ហេតុនេះមានតម្លៃស្មើគ្នាដូចកំណត់ហេតុដែលបំពេញដោយមន្ត្រីនគរបាលយុត្តិធម៌ដែរ។
មាត្រា ១២
ក្នុងការអនុវត្តភារកិច្ច អាជ្ញាធរមានសមត្ថកិច្ចដូចបានចែងក្នុងមាត្រា៩ មាត្រា១០ និងមាត្រា១១ ខាងលើនេះ ត្រូវគោរពតាមនីតិវិធីដែលបានកំណត់ក្នុងបញ្ញត្តិនៃច្បាប់នេះ និងនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
| ឯកសារភ្ជាប់ | ទំហំ |
|---|---|
| domestic_violence_law.pdf | 285.79 គីឡូបៃ |

