ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អំពើ​ហិង្សា​រវាង​ប្ដី-ប្រពន្ធ-កូន​លែង​ជា​បញ្ហា​តែ​ក្នុង​គ្រួសារ​ជា​ការ​បំពាន​ដែល​ល្មើស​ច្បាប់

រាជធានី​ភ្នំពេញ​៖ ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​មួយ​ ប្រយោជន៍​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ​នា​ពេល​កន្លង​មក។ ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​នេះ​ផ្ដួចផ្ដើម​គំនិត​ផលិត​ដោយ​ក្រសួង​កិច្ចការ​នារី​តែ​ម្ដង​ មាន​ចំណង​ជើង​ថា​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ" ដែល​បញ្ចាំង​មាន​រយៈ​ពេល​៣០​នាទី។

លោក​ជំទាវ​ អ៊ឹង​ កន្ថា​ផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​ការ​រំលោភ​បំពាន​មួយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​ទាំង​ឡាយ​នៅ​ក្នុង​រង្វង់​គ្រួសារ​ ហើយ​អំពើ​ទាំង​នោះ​រួម​មាន​ ដូចជា​ការ​បំពាន​ផ្លូវ​កាយ​ចិត្ត​ ឬ​ការ​រំលោភ​បំពាន​ផ្នែក​ជីវភាព​សេដ្ឋកិច្ច​ជា​ដើម។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ និង​ការ​អភិវឌ្ឍន៍​ស្ត្រី​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គេ​លែង​ចាត់​ទុក​ថា​ជា​បញ្ហា​ក្នុង​គ្រួសារ​ទៀត​ហើយ​ គឺ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ហា​សង្គម​ផង​ដែរ​ ពី​ព្រោះ​មាន​ការ​ប៉ះពាល់​ខ្លាំង​ចំពោះ​ស្ត្រី​និង​កុមារ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដល់​ការពារ​ជន​រង​គ្រោះ។

លោក​ជំទាវ​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​អាច​រាប់​បញ្ចូល​ផង​ដែរ​ទាំង​ការ​គំរាម​កំហែង​ និង​ការ​ទុក​ឲ្យ​នៅ​ឯកោ។ យោង​តាម​មាត្រា​៣៨​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​តម្រូវ​ឲ្យ​មាន​ច្បាប់​ ដើម្បី​ធានា​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូបរាងកាយ​បុគ្គល​ណា​ម្នាក់​ឡើយ។​ច្បាប់​ត្រូវ​តែ​ការពារ​ជីវិត​ កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់។

លោក​ជំទាវ​ ជូ​ ប៊ុន​អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​របស់​ក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថា​ ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​នេះ​មិនមែន​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​បុរស​មាន​ការ​កែ​ប្រែ​និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ។ ជា​ការ​ពិត​ចាំ​បាច់​ត្រូវ​រក​មធ្យោបាយ​ជា​ច្រើន​ទៀត​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សង្គម​មួយ​ គឺ​មិន​អាច​ធ្វើ​បាន​តែ​មួយ​ចំណុច​នោះ​ឡើយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ សៅ សីហា  កាល​បរិច្ឆេទ៖ អង្គារ 03 Jun 2008