ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនភ្លាមៗ ក្រោយពីបានប្រព្រឹត្តអំពើដ៏លាមកវាយប្រពន្ធ ដោយបុកមួយដងរែកចំកណ្ដៀតក្អម ខាងឆ្វេងបណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី ១០ ខែ សីហា។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ ឌឿ ឌៀប អាយុ៤៨ឆ្នាំ ជាអ្នកចាំចំការ នៅភូមិទួលស្ដៅ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកបុរសជាប្ដី ឈ្មោះ យ៉ែម យឺន អាយុ៥៨ឆ្នាំ។ ការប្រព្រឹត្តិរបស់ប្ដីនេះ បានកើតឡើង ខណៈស្រវឹងស្រាហើយឲ្យប្រពន្ធដួសបាយឲ្យហូបនៅពេលថ្ងៃត្រង់។ មន្ត្រីប៉េអិម រួមទាំងមន្ត្រីប៉ូលិសព្រហ្មទណ្ឌបច្ចេកទេសខេត្តបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដីស្រវឹងស្រាហើយបានដាំបាយ និងស្លឆ្អិនរួចរាល់ រង់ចាំប្រពន្ធមកពីច្រូតស្បូវក្រងទុកលក់ដើម្បីហូបបាយជុំគ្នា។ ពេលប្រពន្ធនិង កូនតូចៗពីរនាក់មកដល់ពុំទាន់ស្រួលបួលផង ប្ដីឈ្មោះ យ៉ែម យឺន ក៏ប្រើប្រពន្ធឲ្យដួសបាយហូបភ្លាមៗ។ ហើយប្រពន្ធឆ្លើយថា បាយឆ្អិន សម្លឆ្អិនហើយ ម៉េចមិនដួសបាយ "ច្រាស" ខ្លួនឯងទៅ។
ពាក្យសំដីនេះបង្កឲ្យមានជម្លោះ ហើយប្ដីក៏កញ្ឆក់បានដងរែកក្បែរជញ្ជាំងផ្ទះយកទៅបុកចំកណ្ដៀតក្អមខាងឆ្វេងរបស់ប្រពន្ធ បណ្ដាលឲ្យដួលទាំងជំហរ។ ពេលនោះកូនតូចៗរត់ទៅលើកម្ដាយ ឯបុរសជាប្ដីក៏បានទៅជួយលើកដែរ គ្មានបំណងវាយប្រពន្ធឲ្យធ្ងន់ធ្ងរបែបនេះទេ ព្រោះមកចាំដីចំការឲ្យគេចំនួន៤ឆ្នាំហើយ ពុំដែលឈ្លោះទាស់ទែងគ្នាខ្លាំងឡើយ។ ក្រោយពេលលើកមកដាក់លើគ្រែបានមួយសន្ទុះ ប្រពន្ធក៏ស្លាប់ទៅ ហើយកូនៗរត់ទៅប្រាប់មន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅក្បែរនោះ ក៏ចាប់ខ្លួនបុរសជាប្ដីទៅកាន់បញ្ជាការដ្ឋានប៉េអឹមខេត្តកំពង់ស្ពឺ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕

