ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អំពើ​ឃាតកម្ម​លើ​អ្នក​កាសែត​ថ្មី​ៗ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​ឆន្ទៈ​របស់​និស្សិត​ដែល​ចង់​បាន​អាជីព​ជា​អ្នក​សារព័ត៌មាន​ទេ

អំពើ​គំរាម​កំហែង​ ការ​ចាប់​ដាក់​មន្ទីរ​ឃុំ​ឃាំង​ និង​ជា​ពិសេស​ ករណី​ឃាតកម្ម​ដែល​កើត​លើ​អ្នក​កាសែត​មនសិការ​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​និស្សិត​ដែល​ចង់​ក្លាយ​ជា​អ្នក​កាសែត​នោះ​ទេ។

ជាមួយ​នឹង​ការ​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​អំពើ​ឃាតកម្ម​ដែល​កើត​ឡើង​ចំពោះ​អ្នក​កាសែត​មនសិការ​ខ្មែរ​ លោក​ ឃឹម​ សម្បូរណ៍​ និង​កូន​ប្រុស​របស់​គាត់​នា​ពេល​ថ្មី​ៗ​នេះ​ កញ្ញា​ កែវ គូនីឡា​ និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ ម្សិលមិញ​ ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ក្រុម​និស្សិត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឲ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​នេះ​ គឺ​ពុំ​បាន​ធ្វើ​ឲ្យ​កញ្ញា​បាក់ទឹកចិត្ត​ក្នុង​ការ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ។​ កញ្ញា​ កែវ​ គូនីឡា​ បាន​គូស​បញ្ជាក់​ថា៖​ "វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ទេ​ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​អ្នក​កាសែត​ដដែល​ ព្រោះ​អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​ដើម្បី​ពាំ​នាំ​ព័ត៌មាន​ដល់​សង្គម"។

មិន​តែ​ប៉ុណ្ណោះ​ កញ្ញា​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ ៖​ "ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​ទាំងអស់​ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក​កាសែត​ លុះ​ត្រា​តែ​យើង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ មាន​ក្រមសីលធម៌​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ខ្លួន"។

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ លឹម​ ស៊ាងហេង​ និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ងារ​លំបាក​ និង​ស្ថានភាព​មិន​ល្អ​ខ្លះ​ក្នុង​វិជ្ជាជីវៈ​នេះ​ក៏​ដោយ​ កញ្ញា​នៅ​តែ​តាំង​ចិត្ត​ធ្វើ​ជា​អ្នក​កាសែត​ដដែល។​ កញ្ញា​ លឹម​ ស៊ាងហេង​ បាន​គូស​បញ្ជាក់​ថា​ ៖​ "វិជ្ជាជីវៈ​សារព័ត៌មាន​ គឺ​ជា​កន្លែង​ថ្មី​មួយ​សម្រាប់​ស្ត្រី"។​ ហើយ​អ្វី​ដែល​និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ​ទី​២​ រូប​នេះ​មាន​មោទនភាព​នោះ​ គឺ​ការ​ចូលរួម​ក្នុង​ការ​បង្កើត​កាសែត​មួយ​សម្រាប់​សាលា​របស់​ខ្លួន​ ដែល​ជា​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ទៅ​នឹង​ជីវិត​ពិត​នៃ​អ្នក​មាន​អាជីព​ជា​អ្នក​សារព័ត៌មាន។

ស្នាដៃ​កាសែត​ "ការ​បោះឆ្នោត​នៅ​កម្ពុជា"​ គឺ​ជា​តឹកតាង​ដែល​ថា​ និស្សិត​មិន​រាថយ​ចំពោះ​ឧបសគ្គ

កាសែត​ដែល​ជា​ស្នាដៃ​របស់​ក្រុម​និស្សិត​ឆ្នាំ​ទី​២​ និង​ឆ្នាំ​ទី​៣​ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ (DMC)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP)​ មាន​ឈ្មោះ​ថា​ "កា​បោះឆ្នោត​នៅ​កម្ពុជា"​ ដែល​មាន​អត្ថបទ​ជាង​ ៥០​ កម្រាស់​ ២៤​ ទំព័រ​ ត្រូវ​បាន​រៀបចំ​ឡើង។​ ចំណាយ​ពេល​ធ្វើ​អស់​រយៈ ពេល​ជាង​មួយ​ខែ​ និង​ថវិកា​ជាង​ ១​ ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ម្សិលមិញ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​មួយ​និង​វត្តមាន​របស់​ក្រុម​និស្សិត​ចូលរួម​ក្នុង​ការងារ​នោះ​ទាំងអស់។

និស្សិត​ឆ្នាំ​ទី​២​ និង​ទី​៣​ ចំនួន​ ៣៣​ នាក់​ បាន​ស្រាវជ្រាវ​ និង​សរសេរ​រឿងរ៉ាវ​ជា​ច្រើន។​ ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ចំនួន​ប្រាំ​ថ្ងៃ​ទៅ​ខេត្ត​ស្ទឹងត្រែង​ និង​ព្រំដែន​ឡាវ​ ក៏​ដូចជា​ការ​ស្រាវជ្រាវ​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ "ការ​រាយការណ៍​ពី​ការ​បោះឆ្នោត"​ ដែល​កើត​ឡើង​ពី​ការ​សហការ​គ្នា​អស់​ជិត​បី​ឆ្នាំ​រវាង​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ (DMC/CCI)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​រួម​ជាមួយ​សេវាកម្ម​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (DED)។

លោក​ វ៉ុលហ្គេង​ ម៉ូលឺ​ (Wolfgang MOELLER)​ ប្រធាន​ DED​ នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ បង្ហាញ​ពី​ស្នាដៃ​កាសែត​របស់​និស្សិត​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ៖​ "កាសែត​បណ្ដុះបណ្ដាល​ស្ដីពី​ការ​បោះឆ្នោត​នេះ​ គឺ​ជា​លទ្ធផល​ដែល​មាន​គុណភាព​ខ្ពស់​មួយ​របស់​ការ​អប់រំ​ផ្នែក​សារព័ត៌មាន។​ DMC​ និង​ DED​ មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នៃ​ការ​សហការ​ដ៏​ល្អ​ប្រសើរ​នេះ"។​ លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ៖​ "DED បាន​ធ្វើ​ការ​ជួយ​ជ្រោមជ្រែង​ដល់​ DMC អស់​រយៈ​ពេល​ជិត​ ២​ ឆ្នាំ​កន្លះ​មក​ហើយ​ ដោយ​ការ​បញ្ជូន​ទីប្រឹក្សា​របស់​ខ្លួន​ចំនួន​ ២​ នាក់​ និង​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ លើស​ពី​នេះ​ទៅ​ទៀត​ សេវាកម្ម​សន្តិភាព​ស៊ីវិល​របស់​ DED​ បាន​ជួយ​ផ្ដល់​មូលនិធិ​ដល់​សកម្មភាព​របស់​ដេប៉ាតឺម៉ង់​នេះ​ ក្នុង​ការ​បង្រៀន​ក្រមសីលធម៌​សារព័ត៌មាន​ និង​កម្មវិធី​ទំនាក់​ទំនង​ដែល​មាន​ចំនួន​ប្រហែល​ ៣០ ០០០​ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​នេះ"។

លោក​ ទៀង​ សុភៈវិជ្ជា​ សហ​នាយក​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ បាន​ធ្វើ​ការ​គូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​ និង​បេសកកម្ម​របស់​សាលា​ថា​ ៖​ "ការ​បណ្ដុះបណ្ដាល​ដោយ​គ្មាន​ក្រមសីលធម៌​ និង​ទំនួល​ខុស​ត្រូវ​ គឺ​ជា​ការ​ខាតបង់​មួយ​ ឬ​អាច​និយាយ​បាន​ថា​ វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​ដ៏​ល្អ​ពឹង​ផ្អែក​លើ​អ្នក​សារព័ត៌មាន​ដែល​មាន​ចំណេះដឹង​ មាន​សីលធម៌​ និង​ទំនួល​ខុសត្រូវ​ខ្ពស់"។​ លោក​បាន​បង្ហាញ​បន្ថែម​ថា​ ៖​ "នៅ​សាលា​ សិស្ស​ម្នាក់ៗ​ទទួល​ការ​បណ្ដុះបណ្ដាល​ដូច​ៗ​គ្នា​ តែ​ពួក​គេ​ធ្វើ​ការ​ខុស​ៗ​គ្នា​នៅ​ក្នុង​សង្គម"។​ លោក​ក៏បាន​ឲ្យ​ដឹង​ថា​ ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​ទទួល​សិស្ស​ចំនួន​ ៣០​ នាក់​ ក្នុង​មួយ​ឆ្នាំ​ ឲ្យ​ចូល​សិក្សា​បរិញ្ញាប័ត្រ​ដែល​មាន​រយៈ​ពេល​ ៤​ ឆ្នាំ។

ទាក់ទង​នឹង​ការ​ចេញ​ផ្សាយ​នូវ​ស្នាដៃ​និស្សិត​នេះ​ លោក​ ព្រំ​ សិលា​ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖​​"ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដោយសារ​តែ​រាល់​ការងារ​ដ៏​លំបាក​របស់​មិត្ត​រួម​ថ្នាក់​ខ្ញុំ​ ឥឡូវ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ វា​បង្ហាញ​ពី​អ្វី​ដែល​យើង​បាន​រៀន​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អនាគត​អ្នក​កាសែត​អាជីព​ ដែល​នឹង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​ជាតិ"។​ ចំណែក​ឯ​លោក​ ហ៊ុល​ រស្មី​ ជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថា​ ៖ "រឿង​នីមួយៗ​សម្ភាសន៍​មាន​ប្រភព​បាន​គ្រប់គ្រាន់​ មាន​តុល្យភាព​ ប្រើប្រាស់​ ពាក្យពេចន៍​ល្អ​ និង​មាន​អត្ថបទ​ប្លែក​ៗ"។

បោះពុម្ព​ចំនួន​ ១ ០០០​ ច្បាប់​ កាសែត​ "ការ​បោះឆ្នោត​នៅ​កម្ពុជា"​ មិន​សម្រាប់​លក់​ឡើយ​ គឺ​សម្រាប់​តែ​ចែកចាយ​ដោយ​ឥត​គិត​ថ្លៃ។​ និស្សិត​ទាំងអស់​បាន​បង្ហាញ​ថា​ ជាមួយ​និង​ស្នាដៃ​កាសែត​ "ការ​បោះឆ្នោត​នៅ​កម្ពុជា"​ ពួក​គេ​សង្ឃឹម​ថា​ នឹង​អាច​ជួយ​ចូលរួម​បង្កើត​វិជ្ជាជីវៈ​សារព័ត៌មាន​ ដែល​មាន​បទដ្ឋាន​ខ្ពស់​មួយ​នៅ​ថ្ងៃ​អនាគត​ ដោយ​ធ្វើ​ជា​ស្ពាន​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស​នៅ​ក្នុង​សង្គម៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 18 Jul 2008