ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ផ្សព្វផ្សាយ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដី​ធ្លី​ និង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី

លោក​ប្រធាន​មន្ទីរ​ឡើង​ថ្លែង​ផ្សព្វផ្សាយ​ពី​បញ្ហា​ដីធ្លី​ និង​អ្នក​ចូល​រួម​ជា​អាជ្ញាធរ​ឃុំ​-​ភូមិ​ និង​ប្រជាពលរដ្ឋ​ (រូបថត​៖ ធឿន)ខេត្ត​ស្វាយរៀង​៖ នៅ​ថ្ងៃ​ទី​២៤​ មេសា​ ឆ្នាំ​២០០៨​​ រយៈពេល​ពេញ​មួយ​ថ្ងៃ​ក្រុម​ការងារ​ដី​ធ្លី​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្ដី​ពី​នីតិវិធី​នៃ​ការ​ចុះ​​បញ្ជី​ដី​ធ្លី​ និង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដល់​​ក្រុមប្រឹក្សា​ឃុំ​ស្វាយជ្រំ​ ដោយ​មាន​ការ​​ចូល​រួម​ពី​មេ​ភូមិ​ ចាស់​ព្រឹទ្ធាចារ្យ​ និង​​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រំ​ចំនួន​១០០​នាក់។

មន្ត្រី​ផ្សព្វផ្សាយ​បាន​និយាយ​ថា​ នេះ​ជា​វគ្គ​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹង​អំពី​នីតិវិធី​ចុះ​បញ្ជី​ និង​ដោះស្រាយ​ទំនាស់​ដី​ធ្លី។ ពិធី​នេះ​ បាន​ធ្វើ​ឡើង​នៅ​វត្ត​ស្វាយ​ជ្រំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ជ្រំ​ក្រោម​អធិបតី​ភាព​លោក​ ប៊ឿយ​ យ៉ា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយា​ដី​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ ទេព​ លី​ អភិបាល​រង​ស្រុក​ស្វាយ​ជ្រំ​ និង​លោក​ វ៉ាន់​ ប៊ុនធឿន​ នាយក​អង្គការ​ SADA និង​​ជា​ប្រធាន​ក្រុម​ការងារ​ដី​ធ្លី​អភិវឌ្ឍន៍​ខេត្ត។

លោក​ វ៉ាន់​ ប៊ុនធឿន​ បាន​ថ្លែង​ថា​ គោល​បំណង​នៃ​វគ្គ​ផ្សព្វផ្សាយ​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​វិនិច័្ឆយ​ចុះ​បញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​របស់​ខ្លួន​ចំពោះ​ទ្រព្យសម្បត្តិ​ និង​ដី​ធ្លី​ ដឹង​នូវ​ដំណើរការ​ចុះ​បញ្ជី​ដី​ធ្លី​ និង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ ជា​ពិសេស​ឲ្យ​ប្រជាពលរដ្ឋ​​យល់​ដឹង​ និង​ចូល​រួម​ក្នុង​ដំណើរការ​ចុះ​បញ្ជី​ដី​ធ្លី​ ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ប្រជាពលរដ្ឋ​អាច​ត្រៀម​ខ្លួន​ចូល​រួម​គ្រប់​ដំណើរការ។

លោក​ ប៊ឿយ​ យ៉ា​ បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​នោះ​ថា​ ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​ជ្រំ​មាន​ភ័ព្វ​សំណាង​ល្អ​ណាស់​ ដែល​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់​ បាន​ផ្ដល់​អាទិភាព​ចុះ​បញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​មុន​គេ​ក្នុង​ខេត្ត​ស្វាយរៀង។ ប័ណ្ណ​កម្មសិទ្ធិ​ ឬ​វិញ្ញប័នបត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​មាន​សារសំខាន់​ណាស់​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ព្រោះ​ពេល​យើង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ហើយ​ យើង​អស់​មាន​ការ​ព្រួយ​បារម្ភ​ពី​ទំនាស់​ដី​ធ្លី​ យើង​អាច​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ​ ដើម្បី​យក​ប្រាក់​មក​ប្រកប​មុខ​របរ​បាន​ងាយស្រួល​​ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចូល​រួម​ជា​មួយ​គណៈកម្មការ​ចុះ​បញ្ជី​ដី​ធ្លី។ មេរៀន​គឺ​បញ្ជាក់​អំពី​ច្បាប់​ភូមិបាល​ និង​សិទ្ធិ​នានា​លើ​កម្មសិទ្ធិ​ប្រភេទ​នៃ​កម្មសិទ្ធិ​ កម្មសិទ្ធិ​ ស្រប​ច្បាប់​ភោគៈ​លើ​អចលន​វត្ថុ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ និង​ការ​ដោះស្រាយ​ទំនាស់។

លោក​ ទេព​ លី​ អភិបាល​រង​ស្រុក​​​ស្វាយ​ជ្រំ​បាន​ថ្លែង​ថា​​ ក្នុង​នាម​រូប​លោក​តំណាង​ឲ្យ​លោក​អភិបាល​ស្រុក​ស្វាយ​ជ្រំ​ និង​ជា​សមាជិក​គណៈ​កម្មការ​ចុះ​បញ្ជី​ដី​ធ្លី​ សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ​ដី​ធ្លី​ ជា​ពិសេស​លោក​ វ៉ាន់​ ប៊ុនធឿន​ នាយក​អង្គការ​ SADA និង​អង្គការ​ NGO FORUM ដែល​បាន​រៀបចំ​ផ្សព្វផ្សាយ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ និង​ការ​ដោះស្រាយ​ទំនាស់​ដល់​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រំ​ឲ្យ​បាន​យល់​ដឹង។ នេះ​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ដែល​មិន​​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ ជា​ពិសេស​ក្នុង​ការ​​ចុះ​បញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ។ សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ គឺ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ដី​ធ្លី​នេះ​ ដើម្បី​ចៀសវាង​ទំនាស់​ ដោយសារ​មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ទ្រព្យសម្បត្តិ​ដី​ធ្លី​នេះ​ដែល​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​សម្រាប់​សាង​សង់​លំនៅ​ឋាន​ និង​ធ្វើ​ស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹម៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ អង្គារ 29 Apr 2008