លោកគាត ឈន់ និងលោក Bretton Sciaroni បានដឹកនាំពិភាក្សាលើការអនុវត្តន៍ច្បាប់ចំនួន៥ កាលពីថ្ងៃ២៩ មករា ឆ្នាំ២០០៨ នេះ (រូបថត៖ គន្ធា)ភ្នំពេញ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយឲ្យដឹងថា ក្រុមការងារផ្នែកឯកជន នីតិកម្មពន្ធដារ និងអភិបាលកិច្ច (ក្រុមឃ) របស់រាជរដ្ឋាភិបាល និងផ្នែកឯកជនកាលពីល្ងាចថ្ងៃទី២៩ខែមករា ឆ្នាំ២០០៨នេះ បានជួបប្រជុំគ្នាជាសំខាន់ដើម្បីពិភាក្សាទៅលើការអនុវត្តន៍ច្បាប់ចំនួន៥ ដែលពាក់ព័ន្ធនឹងការរកស៊ី និងការចង់បានរបស់វិនិយោគិនក្នុងគោលដៅសម្រួលដល់បរិយាកាសរកស៊ី និងវិនិយោគនៅកម្ពុជា។
មន្ត្រីបានប្រាប់ថា លោកទេសរដ្ឋមន្ត្រីគាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិបាល និងជាប្រធាននៃក្រុមការងារនេះ និងលោកBretton Sciaroni (អ្នកធុរកិច្ចអាមេរិកាំង)ជាសហប្រធានក្រុមការងារ បានដឹកនាំផ្ទាល់សម្រាប់ការពិភាក្សាគ្នាលើកនេះដោយគេបានលើកយកច្បាប់ចំនួន៥មកពិភាក្សា និងបង្ហាញឲ្យឃើញពីការអនុវត្តន៍បានរបស់ច្បាប់នេះដូចជា៖ ច្បាប់ស្ដីពីមជ្ឈតករផ្នែកពាណិជ្ជកម្ម ច្បាប់ស្ដីពីគយ ច្បាប់ចរាចរផ្លូវគោកប្រកាសស្ដីពីការជាប់ពន្ធ និងការគ្រប់គ្រងការជួញដូរអចលនវត្ថុ។
ពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់ទាំងនេះ ក្រុមការងារនៃក្រុម «ឃ» របស់វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការពិភាក្សាគ្នានេះថា៖
ចំពោះការអនុវត្តន៍ច្បាប់ស្ដីពីមជ្ឈតករផ្នែកពាណិជ្ជកម្ម គឺថាក្រោយពីរដ្ឋាភិបាលប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០០៦មកបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈតករផ្នែកពាណិជ្ជកម្មមួយឡើងសម្រាប់ដើរតួនាទីដោះស្រាយវិវាទពាណិជ្ជកម្មក្រៅផ្លូវតុលាការ ដែលមានទំនុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ។
អំពីច្បាប់ស្ដីពីគយ៖ ដើម្បីឲ្យស្របតាមអនុសញ្ញាក្រុងតូក្យូ និងដើម្បីឲ្យស្របតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) រាជរដ្ឋាភិបាលបានប្រកាសច្បាប់ស្ដីពីគយចូលជាធរមានហើយគឺតាំងពីខែកក្កដាឆ្នាំ២០០៧ម្ល៉េះ។ ច្បាប់គយនេះមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគយ និងការអនុវត្តន៍ស្វ័យប្រវត្តិកម្មគយតាមប្រព័ន្ធ ASYCUDA។
អំពីច្បាប់ស្ដីពីចរាចរផ្លូវគោក៖ ក្រុមការងារនេះពិភាក្សាគ្នាថាដោយមានសំណូមពរពីផ្នែកឯកជន គេនឹងពង្រឹងការអនុវត្តន៍របស់ច្បាប់នេះដែលគេសុំឲ្យគ្រប់យានយន្ត ត្រូវមាន «ធានារ៉ាប់រង» ដើម្បីធ្វើឲ្យវិស័យធានារ៉ាប់រងនៅស្រុកខ្មែរ អាចដំណើរការបានជោគជ័យ។ រឿងនេះរដ្ឋាភិបាលកំពុងតែពិនិត្យមើល ហើយថានឹងអាចធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរដោយផ្ដោតលើបញ្ហាសំខាន់នៅត្រង់ តើគ្រប់យានយន្តទាំងអស់ត្រូវតែទិញធានារ៉ាប់រង ឬជាការចាប់ផ្ដើមតម្រូវឲ្យយានយន្តប្រណីត ត្រូវតែទិញធានារ៉ាប់រង។
ចំពោះការអនុវត្តន៍ប្រកាសស្ដីពីឆ្នាំជាប់ពន្ធ គេពិភាក្សាគ្នាថា ឆ្នាំជាប់ពន្ធគឺជាឆ្នាំប្រតិទិនដែលចាប់ផ្ដើមពីថ្ងៃទី១ខែមករា ដល់ថ្ងៃ៣១ ខែធ្នូ។
ស្ដីពីការគ្រប់គ្រងការជួញដូរអចលនវត្ថុ។ គេបានពិភាក្សាគ្នាថាទោះបីមិនទាន់មានច្បាប់គ្រប់គ្រងច្បាស់លាស់ តែថាក្រសួងហិរញ្ញវត្ថុបានចេញប្រកាសស្ដីពីការផ្ដល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណផ្នែកសេវាកម្ម វាយតម្លៃអចលនវត្ថុរួចហើយ និងបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន៣៦ហើយ។ ចំពោះទិសដៅបន្ត គេនឹងរៀបចំឲ្យមានសមាគមអ្នកវាយតម្លៃនៃប្រទេសកម្ពុជា ហើយសមាគមជាតិនេះនឹងក្លាយជាសមាជិកនៃសមាគមអ្នកវាយតម្លៃនៃប្រទេសអាស៊ាន និងមានការរៀបចំគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញ។ ខាងរាជរដ្ឋាភិបាលក៏បានសំណូមពរដែរដល់ផ្នែកឯកជនចំពោះក្រុមហ៊ុនដែលមានបំណងមកវិនិយោគផ្នែកអចលនវត្ថុនេះ សូមមកសុំអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុជាមុនសិន៕

