ដោយទទួលបាននូវការជួយឧបត្ថម្ភថវិកាពីអង្គការឌីប៉េកូ ក្រសួងអប់រំយុវជននិងកីឡា រួមសហការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិមួយមានរយៈ២ថ្ងៃកាលពីពេលថ្មីៗកន្លងមកនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
គោលបំណងសិក្ខាសាលា គឺស្វែងរកការគាំទ្រស្ដីពីការបញ្ជ្រាបគោលគំនិតកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។ មន្ត្រីក្រសួងអប់រំមួយរូបបានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំយុវជន និងកីឡាជាមួយនឹងមជ្ឈមណ្ឌល (ADPC) ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៧ កន្លងមកនេះ បានកំណត់យកនូវគោលគំនិតកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយបញ្ចូលទៅក្នុងកម្មវិធីសិក្សាមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យាសម្រាប់សិស្សានុសិស្សកំពុងរៀនសូត្រនៅមធ្យមសិក្សាបឋមភូមិថ្នាក់ទី៨។ ហើយនៅពេលទទួលបាននូវការសម្រេចពីរាជរដ្ឋាភិបាល ហើយនោះជំហានដំបូង និងត្រូវយកទៅបង្រៀនដល់សិស្សានុសិស្សក្នុងខេត្តគោលដៅចំនួនពីរ គឺខេត្តកណ្ដាល និងខេត្តព្រៃវែងដែលជាខេត្តមានភូមិសាស្ត្រជាប់ និងដងទន្លេមេគង្គក្រោម ងាយទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនាន់ចំពោះប្រធានបទដែលត្រូវធ្វើការបញ្ជ្រាប នៅក្នុងកម្មវិធីសិក្សាមេរៀនរបស់សិស្សានុសិស្ស រួមមានគ្រោះមហន្តរាយធម្មជាតិដោយសារទឹកជំនន់ គ្រោះថ្នាក់ដោយសារទឹកជំនន់ និងប្រភេទទឹកជំនន់ និងទី៣វិធានការកាត់បន្ថយភាពគ្រោះភ័យគ្រោះទឹកជំនន់។
មន្ត្រីរូបនោះបានឲ្យដឹងបន្តទៀតថា ការបង្កើតកម្មវិធីអប់រំស្ដីពីគ្រោះភ័យ នៃគ្រោះមហន្តរាយនេះ ឡើង គឺដើម្បីបង្កើនចំណេះដឹង ការយល់ដឹងដល់ក្មួយៗកុមារ ពិសេសអ្នកដែលរស់នៅតាមភូមិសាស្ត្រដែលងាយទទួលរងគ្រោះដោយទឹកជំនន់។ មន្ត្រីរូបនោះ បានមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រោះធម្មជាតិបានធ្វើឲ្យកុមារ និងគ្រួសារក្រីក្រមួយចំនួនបាត់បង់លំនៅស្ថាន កុមារជាច្រើនបានបាត់បង់លំនៅស្ថាន កុមារជាច្រើនបានបាត់បង់ជីវិតដោយសារទឹកជំនន់ ជំងឺរាករូស គ្រុនក្ដៅ គ្រុនឈាមកង្វះអាហាររូបត្ថម្ភ និងការលង់ទឹក។ កុមារមួយចំនួនទៀតបានបោះបង់ចោលការសិក្សា ដោយចាកចេញពីភូមិកំណើតទាំងបង្ខំចិត្តដើម្បីទៅតាមឪពុកម្ដាយអាណាព្យាបាលស្វែងរកការងារផ្សេងៗ ដើម្បីដោះស្រាយជីវភាពក្នុងសង្គមគ្រួសារ៕

