ក្រុងសិរីសោភ័ណ-បន្ទាយមានជ័យ៖ ជីវិតនៅតែមានតម្លៃៗ! អតីតកងនារីដឹកជញ្ជូនរបស់ខ្មែរក្រហមម្នាក់នេះ និងកូនតូចៗពីរនាក់បានចល័តពីកន្លែងមួយទៅកន្លែងមួយដោយរំកិលគូទលើថ្នល់ ឬលើដីទឹកភក់ជ្រាំ។ គាត់ពុំមែនជាស្ត្រីពិការតែម្នាក់ដែលបន្សល់ទុកដោយសង្គ្រាម និងទីទ័លក្រគ្មានទីពឹងនោះទេ។ មនុស្សអាចឃើញរូបរាងវេទនារបស់គាត់ និងកូនៗដែលនៅតែត្រដររស់ ប៉ុន្តែអាចពុំដឹងពីទុក្ខសង្រេង និងវិប្បដិសារីក្នុងចិត្តគាត់ឡើយ។
ស្ត្រី ចាន់ វ៉ាន់ណេ អាយុ៣៨ឆ្នាំ បានជាន់មីនដាច់ជើងទាំងពីរដល់ជិតភ្លៅកាលពីឆ្នាំ១៩៨៦នៅក្បែរជ្រោះទឹកហូរតំបន់ភ្នំក្រង៉ក់ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
គាត់មានកំណើតនៅភូមិចក្រីទីង ឃុំព្រៃខ្នង ស្រុក-ខេត្តកំពត តែបានចាកចេញពីទីនោះតាំងពីអាយុ៩ឆ្នាំ គឺទៅតាមឪពុកម្ដាយដែលចូលធ្វើខ្មែរក្រហមក្នុងអំឡុងពេលអំពាវនាវចូលព្រៃតស៊ូផ្ដួរំលំរបបលន់នល់។ នៅពេលវ័យក្រមុំស្ត្រីនេះបានយកប្ដីឈ្មោះ សំអូន ដែលធ្វើជាទាហានខ្មែរក្រហមតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យរហូតដល់ធ្វើជាឧទ្ទាមខ្មែរក្រហមតស៊ូឡើងវិញនៅក្រោយឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨៦ប្ដីនោះបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃតំបន់៣២ (ស្រុកសំពៅលូន ខេត្តបាត់ដំបងសព្វថ្ងៃ) តទល់និងទាហានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ពោលគឺស្លាប់មុន៣ខែដែលប្រពន្ធផ្ទុះមីនដាច់ជើងដែរ។
ស្ត្រី ចាន់ វ៉ាន់ណេ និយាយរំលឹកថា ខ្លួនបានធ្វើជាយុទ្ធនារីកងដឹកជញ្ជូនពីឆ្នាំ១៩៨៥-១៩៩៣ នៅព្រំដែន និងផ្ទៃក្នុងប្រទេសភាគពាយ័ព្យ។ ក្នុងនោះមានមេបញ្ជាការស្រីគឺមានរហ័ស្សនាមថា "នារីដោះមួយ" និងមានមេបញ្ជាការប្រុសបញ្ជាពីលើទៀតតាមលំដាប់ឆ្នាំដូចជា តាសុខ តាប៉ុក សមមិត្តផល សមមិត្តជា។ នារីដោះមួយទទួលបន្ទុកដឹកជញ្ជូននៅម្ដុំភ្នំក្រង៉ក់តំបន់៣២ (ស្រុកសំពៅលូន ស្រុកភ្នំព្រឹកសព្វថ្ងៃ) និងទៅតំបន់១០២ (ម៉ាឡៃ) ឆ្លងចេញចូលព្រំដែនសៀមច្រើនជាងគេ។
ក្រោយឧទ្វាមខ្មែរក្រហមធ្វើសមាហរណកម្ម (ចុះចូល) ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៦ ខាងសង្គមកិច្ច ខេត្តបាត់ដំបង បានបញ្ចូលឈ្មោះស្រីនេះជាអតីតយុទ្ធនារីសម្រាប់ទទួលបានការបើកគោលរបបដែរ។ ប៉ុន្តែនៅឆ្នាំ១៩៩៨ នាងបានសុំបើកលុយនោះផ្ដាច់មួយជីវិតតាមរយៈអ្នកទិញបុងមុខសញ្ញាគឺបានប្រាក់២.៥០០ដុល្លារសហរដ្ឋអាមេរិក។ ប្រាក់នោះយកមកគ្រាន់សងគេ បង់ថ្លៃព្យាបាល និងទិញហូបចុកក៏អស់ទៅ។ នៅឆ្នាំបន្ទាប់ក៏បានក្លាយជាស្ត្រីសុំទានគេតាមផ្លូវ តាមផ្សារជាមួយនឹងកូនតូចៗ៣នាក់។
នៅឆ្នាំ១៩៩៩ ស្នេហ៍ថ្មីបានកើតឡើងចំពោះស្ត្រីពិការជើងទាំងពីរត្រឹមភ្លៅនេះ គឺមានបុរសរកស៊ីសុំទានដែរបានប្រលោមលួងលោមរួចបានគ្នាជាប្ដីប្រពន្ធមិនបាច់ប្រើភ្លេងការ និងមិនបាច់មានភ្ញៀវពន្លឺ។ ពួកគេ "បានគ្នា" នៅក្រោមដើមឈើពេលយប់ដែលជាទីសំណាក់ក្រោយពីនាំគ្នាដើរសុំទាន។ ប្ដីក្រោយនេះឈ្មោះ ចេស សុភាព អាយុ២៨ឆ្នាំនាបច្ចុប្បន្ន។ បន្ទាប់ពីបានគ្នាពួកគេបង្កើតបានកូនចំនួន៤នាក់ទៀត។
ស្ត្រីចាន់ វ៉ាន់ណេ និយាយថា "ខ្ញុំអាចរួមដំណេកហើយមានកូនធម្មតាទោះជាហូបចុកខ្សត់ខ្សោយ និងពិការជើងទាំងពីរត្រឹមភ្លៅបែបនេះក្ដី។ ខ្ញុំសម្បូរកូន តែអ្វីៗផ្សេងទៀតគ្មានទេ"។
ឥឡូវនេះ (ខែមិថុនាឆ្នាំ២០០៩) ស្ត្រីនេះនិងប្ដីបានស្នាក់នៅអគារវេទិកាខេត្តបន្ទាយមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ពេលថ្ងៃរហូតព្រលប់គេឃើញស្ត្រីនេះអូសគូទជាមួយកូនតូចរកសុំអំណោយទានគេ។ ក្នុងមួយថ្ងៃអាចសុំទានគេបានប្រមាណជាង១ម៉ឺនរៀលដែរ។ តែស្ត្រីនេះនិយាយថា "ឥឡូវនេះជើងពិការរបស់ខ្ញុំបានហើមដែលជំងឺតេតាណូសអាចរើ ព្រោះកាលរបួសពិការដំបូងនោះពុំមានការព្យាបាលបានត្រឹមត្រូវដូចពេទ្យសព្វថ្ងៃទេ។ ពេទ្យទាហានព្យាបាល"។ ឯប្ដីរបស់ស្ត្រីនេះពុំសូវចេញដើរសុំទានទេ ព្រោះនៅមានកាយសម្បទាសមស្របហើយម្ចាស់អំណោយទានគេមិនសូវអាណិតនិងមិនសូវដាក់ទានឲ្យ។ ប្ដីនេះមានកំណើតនៅភូមិសំបូរ ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
ពេលសួរដល់អតីតភាពជាយុទ្ធនារីខ្មែរក្រហមក្នុងចលនាឧទ្ទាម និងប្រវត្តិឪពុកម្ដាយចូលខ្មែរក្រហមតស៊ូផ្ដួលរបបលន់លន់ និងកាន់អំណាចចន្លោះឆ្នាំ១៩៧៥-១៩៧៩ ស្ត្រីនេះស្រក់ទឹកភ្នែករួចគ្រវីក្បាល បន្ទាប់មកនិយាយថា "វាសនាអភ័ព្វនេះដំបូងអាចមកពីឪពុកម្ដាយនិងខ្លួនឯង និងសំខាន់ជាងគេមេៗអង្គការដែលដឹកនាំឲ្យធ្វើការតស៊ូដោយថា ដើម្បីរំដោះទឹកដី និងប្រជាជនពីអំណាចផ្ដាច់ការជះជាន់ និងការឈ្លានពានរបស់បរទេស"។
"ឥឡូវនេះជីវិតពួកខ្ញុំនៅមានតែអ្វីៗដែលភ្លឺស្វាងគឺចប់ហើយ។ បើមិនអូសគូទរកស៊ីទានគេប្រាកដជាគ្មានអ្វីហូបរួចដាច់ពោះស្លាប់។ គិតទៅជីវិតម្ដេចក៏ខ្ញុំនៅតែចង់មាន បើរស់វេទនាជាងស្លាប់យ៉ាងនេះ"។
ទាក់ទិនដល់ការនាំមេៗខ្មែរក្រហមមកកាត់ទោស ស្ត្រីរងគ្រោះដោយសង្គ្រាមមានខ្មែរក្រហម និងរដ្ឋាភិបាលនេះនិយាយថា ខ្លួនបានដឹងដែរដោយឮគេនិយាយ និងស្ដាប់កូនវិទ្យុតូចមួយពេលយប់។
ចំពោះមុខនេះ ស្ត្រីនេះ និងកូនៗ៧នាក់ ព្រមទាំងប្ដីថា គ្មានរំពឹងលើរដ្ឋតាមរយៈសង្គមកិច្ច ឬខាងណាទៀតជួយស្រោចស្រង់ទេ តែរំពឹងថា ម្ចាស់អំណោយទានសូមអាណិតហើយដាក់ទានឲ្យពួកគេរាល់ថ្ងៃផង៕





