ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ជីវិត​ពិត​ និង​ការ​តស៊ូ​របស់​ស្ត្រី​ពិការ​ម្នាក់

ស្ត្រី​ពិការ​ម្នាក់​ឈ្មោះ​ទេព ឆែម​មាន​អាយុ​៥០​ឆ្នាំ​ មាន​កូន​ស្រី​ម្នាក់។​ សព្វថ្ងៃ​អ៊ំស្រី​រស់​ក្នុង​ភូមិ​តាំងស្រី​ ឃុំ​មេព្រីង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម។

អ៊ំស្រី​ទេព ឆែម​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ក្រុម​គ្រួសារ​របស់​អ៊ំស្រី​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​ប្រាប់​យើង​ថា​ សព្វថ្ងៃ​រស់នៅ​ជាមួយ​កូនស្រី​អាយុ​៣០​ឆ្នាំ​ និង​ចៅ​២​នាក់​ទៀត។​ អ៊ំស្រី​ពិការ​ជើង​ហើយ​ស្វិត​មួយ​ចំហៀង។​ ពិការ​ដោយសារ​ជំងឺ​ ពី​ដំបូង​ដើរ​ដួល​តែ​បន្តិច​ហើយ​ហើម​ជើង​ពុំ​ដឹង​មុខ​តាំង​ពី​អ៊ំស្រី​អាយុ​៣៥​ឆ្នាំ​មក​ម្ល៉េះ។​ ប្ដី​របស់​អ៊ំស្រី​បាន​ស្លាប់​ចោល​យូរ​ហើយ។​ ពីមុន​អ៊ំស្រី​ប្រកបរបរ​ស៊ីឈ្នួល​ធ្វើ​ស្រែ​ឲ្យ​គេ​ ដើរ​ដក​ស្ទូង​ បោក​ស្រូវ​ឲ្យ​គេ​ រក​ត្រី​ និង​កាប់​អុស​នៅ​ក្នុង​ព្រៃ​ដើម្បី​យក​មក​លក់​និង​ទិញ​អង្ករ​សម្រាប់​ហូប​ជាមួយ​ និង​កូន​ស្រី។​ រយៈពេល​១៥​ឆ្នាំ​កន្លង​មក​អ៊ំស្រី​បាន​ធ្លាក់​ខ្លួន​ជា​ជន​ពិការ​គ្រួសារ​របស់​អ៊ំស្រី​មាន​ជីវភាព​ទ័ល​ក្រ​ជាង​មុន​ទៅ​ទៀត​ ហើយ​យ៉ាប់យ៉ឺន​ណាស់​ ព្រោះ​អ៊ំ​ធ្វើការ​អ្វី​ក៏​មិន​កើត។​ សព្វថ្ងៃ​អ៊ំស្រី​បាន​កូន​ និង​ចៅ​រកស៊ី​ចិញ្ចឹម។​ ជីវភាព​គ្រួសារ​មាន​ការ​ខ្វះខាត​ រក​ព្រឹក​ខ្វះ​ល្ងាច​ ពេល​ខ្លះ​រក​តែ​អ្វី​ហូប​ក៏​គ្មាន​ដែរ​ សូម្បី​តែ​បបរ។​ ជួនកាល​អ្នក​ជិតខាង​គេ​អាណិត​អាសូរ​ឲ្យ​អង្ករ​ខ្លះ​សម្រាប់​ដាំ​បាយ​ហូប។​ ព្រោះ​ក៏​អត់​ដូចគ្នា​ដែរ​ សព្វថ្ងៃ​បាន​កូន​ហើយ​ និង​ចៅ​ដើរ​បេះ​តែ​ស្លឹក​អម្ពិល​ រក​ត្រី​ ទៅ​ដក​ស្ទូង​ឲ្យ​គេ​ ដើម្បី​ដូរ​យក​អង្ករ​សម្រាប់​ហូប​មួយ​ពេល​តែ​ប៉ុណ្ណោះ។​ ចំណែក​អ៊ំស្រី​វិញ​ដើរ​មិន​បាន​ នៅ​តែ​ផ្ទះ​ ធ្វើ​អ្វី​ក៏​មិន​កើត​សោះ​ចាំ​យោល​តែ​អង្រឹង​ចៅ​ ហើយ​ពិបាក​ឡើង​ចុះ​ណាស់​ម្ដងៗ​ព្រោះ​ផ្ទះ​គាត់​ខ្ពស់​ជាង​រទេះ។​ ចំណែក​ឯ​ផ្ទះ​របស់​គាត់​តូច​ហើយ​ចង្អៀត​ពេល​មាន​ភ្លៀង​ម្ដងៗ​លិច​គ្រប់​ទីកន្លែង​ទាំងអស់​ រក​ដេក​ក៏​មិន​បាន​ពេល​ខ្លះ​គ្មាន​បាយ​ហូប​ក៏​មាន​ ហើយ​បញ្ហា​ជីវភាព​មាន​ភាព​ទីទ័លក្រ​ណាស់​ ពិបាក​រក​អ្វី​មក​ប្រៀប​ប្រដូច​បាន​ឡើយ។

ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​ និង​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​ជួយ​ខ្លួន​ឯង​នៃ​ជន​ពិការ​នៅ​ខេត្ត​កំពង់ចាម​ អ៊ំស្រី​មាន​ទឹកចិត្ត​តស៊ូ​សង្ឃឹម​រស់​តទៅ​មុខ​ទៀត​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ និង​មើល​ថែ​កូន​ និង​ចៅ​ទាំង​ពីរ​នាក់​ទៀត។

នៅ​ទី​បញ្ចប់​អ៊ំ​ស្រី​សូម​សំណូមពរ​ដល់​បណ្ដា​សប្បុរស​ជន​ជិត​ឆ្ងាយ​ក្រសួង​ អង្គការ​នានា​ និង​ស្ថាប័ន​ផ្សេងៗ​សូម​មេត្តា​ជួយ​ដល់​អ៊ំ​ដែល​ជា​ជន​ពិការ​ និង​ជន​ពិការ​ដទៃ​ទៀត​ដែល​ក្រីក្រ​លំបាក​តោកយ៉ាក។​ អ្វី​ដែល​អ៊ំ​ចង់​បាន​នោះ​ដូចជា​សម្ភារៈ​បន្តិចបន្តួច​ អង្ករ​ ពូជ​ជ្រូក​ គោ​ សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 24 មករា 2008