ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

CEDAW បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រធាន​ថ្មី

គណៈ​អធិបតី និង​មន្រី្តសង្គម​ស៊ីវិល​នៅ​ក្នុង​ការ​បោះឆ្នោត​រើស​ប្រធាន​ CEDAW ថ្មី​ (រូបថត៖​លាងគង់)ភ្នំពេញ ៖ គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ(CEDAW)​ កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រធាន​របស់​ខ្លួន​ស្រប​តាម​អាណត្តិ​ពីរ​ឆ្នាំ​ម្តង។

លោក​ស្រី​វេជ្ជ​បណ្ឌិត ​ពុង ឈីវ​កេត ប្រ​ធាន​អង្គការ​លី​ការ​ដូ​ជាប់​ជា​ប្រ​ធាន​CEDAW ​និង​លោក​សុក​ សំ​អឿន នាយក​ប្រតិបត្តិ​ក្រុមអ្នក​​ច្បាប់​​ការ​ពារ​សិទ្ធិ​កម្ពុជា​ជាប់​ជា​អនុ​ប្រ​ធាន ជំនួស​លោក​ស្រី​ អ៊ុង ចាន់​ថុល ដែល​ជា​ប្រ​ធាន​អាណត្តិ​មុន ហើយ​បាន​សុំ​លាលែង​ពី​តំណែង​ និង​លោក​ស្រី ​ហួយ សុ​ជី​វណ្ណី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​នេះ​ដែល​ផុត​អាណត្តិ។

គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​​រើស​អើង​ប្រឆាំង​នារី​ភេទ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥​ ដោយ​មាន​ការ​ចូល​រួម​ពី​៩​អង្គការ​រហូត​ដល់​ពង្រីក​បាន​៦៩​អង្គការ​នា​ពេល​បច្ចុប្បន្ននេះ។

លោក ​ទេព នន្ទរី អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្រ្តី​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រ​សាសន៍​ថា​គណៈកម្មាធិការ​​CEDAW​ បាន​ជួយ​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្រ្តី​បាន​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០០៦ ក្នុង​ការ​កសាង​សមត្ថភាព​ក្រុម​ការងារ​តាម​ក្រសួង ឲ្យ​ក្លាយ​ជា​គ្រូ​បង្គោល​ចំនួន​៤​វគ្គ​សម្រាប់​ការ​អប់រំ​​ និង​រៀបចំយុទ្ធសាស្រ្ត​ក្នុង​ស្ថាប័ន​ខ្លួន​បន្ត៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ សៅ សីហា  កាល​បរិច្ឆេទ៖ អង្គារ 13 ឧសភា 2008