ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ភ្នំពេញ​ក្នុង​ខែ​ កក្កដា​ ស្មើ​៣៧​ភាគរយ​ នៃ​ចំនួន​ទូទាំង​ប្រទេស

ភ្នំពេញ​៖ ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​​ចរាចរ​នៅ​ទូទាំង​ប្រទេស​ ក្នុងខែ​ កក្កដា​ មាន​ការ​ថយ​ចុះ​ តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​មាន​ការ​កើន​ឡើង​​ច្រើន​ជាង​ខែ​ណាៗ​ទាំងអស់​ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ស្មើ​នឹង​៣៧​ភាគរយ​ នៃ​ចំនួន​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

លោក​ កែវ​ សាវិន​ ប្រធាន​នាយកដ្ឋាន​​ដឹកជញ្ជូន​ និង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរ​ផ្លូវ​គោក​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៣០​ កក្កដា​ នេះ​ថា​ យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​មក​ពី​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​ខែ​ កក្កដា​នេះ​ ជន​រងគ្រោះ​​ដល់​បាត់បង់​​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​មាន​ការ​ថយ​ចុះ​ បើ​ប្រៀបធៀប​ទៅ​នឹង​​បណ្ដា​ខែ​មុនៗ។ តែ​សម្រាប់​ទីក្រុង​ភ្នំពេញ​បែរ​ជា​មាន​​ការ​កើនឡើង​យ៉ាង​ខ្ពស់​ គឺ​ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​មាន​ចំនួន​ជិត​ដល់​៤០​ភាគរយ​ នៃ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

ប្រភព​ខាង​លើ​ បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ខែ​កក្កដា​នេះ​ នៅ​ទូទាំង​ប្រទេស​មាន​​គ្រោះថ្នាក់​​ចរាចរ​កើត​ឡើង​ចំនួន​៤៦២​លើក​ បណ្ដាល​ឲ្យ​ស្លាប់​​មនុស្ស​ចំនួន​១០០​នាក់​ របួស​ស្រាល​ចំនួន​៤៥៥​នាក់​ របួស​ធ្ងន់​៣៦៨​នាក់។ គ្រោះថ្នាក់​នេះ​មាន​ការ​ចូល​រួម​ពី​រថយន្ត​​ធុន​ស្រាល​ចំនួន​១៤៤​គ្រឿង​ រថយន្ត​ធុន​ធ្ងន់​ចំនួន​៤៤​គ្រឿង​ យាន​ផ្សេងៗ​ចំនួន​៤៨​គ្រឿង​ ម៉ូតូ​៨៨​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ចំនួន​៦៩​នាក់។

លោក​វរសេនីយ៏​ ប៉ែន ឃុន​ នាយរង​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៣០​ កក្កដា​ នេះ​ដែរ​ថា​ គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែ​ កក្កដា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើត​មាន​ឡើង​ចំនួន​៧២​លើក​ ក្រៅ​ពី​បាន​សម្លាប់​មនុស្ស​អស់​៣៧​នាក់​ បាន​ធ្វើ​ឲ្យ​មាន​អ្នក​រង​បួស​ធ្ងន់​ចំនួន​៧៩​នាក់​ និង​របួស​ស្រាល​ចំនួន​៣១​នាក់។​ ចំនួន​ជន​រងគ្រោះ​ដល់​បាត់បង់​ជីវិត​នៅ​ក្នុង​ខែ​ កក្កដា​ នេះ​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រភព​ខាង​លើ​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នេះ​ បាន​កត់សម្គាល់​ឃើញ​ថា​ ភាគច្រើន​កើត​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ជា​ពិសេស​នៅ​វេលា​យប់។​ គ្រោះថ្នាក់​មូលហេតុ​ដោយសារ​អ្នក​បើកបរ​ស្រវឹង​ស្រា​មាន​ចំនួន​១១​លើក​ ភាគ​ច្រើន​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។​ បើកបរ​លឿន​ចំនួន​២៦​លើក​ បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព​ចំនួន​១៥​លើក​ប្រជែង​បង្ក​គ្រោះថ្នាក់​ចំនួន​៧​លើក​ មិន​ប្រកាន់​ស្ដាំ​ចំនួន​៧​លើក។

គួរ​និយាយ​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​មួយ​ខែៗ​កន្លង​ទៅ​នេះ​ បាន​សម្លាប់​មនុស្ស​ចំនួន​ចន្លោះ​ពី​១៤០​នាក់​ ទៅ​១៦០​នាក់។​ ចំពោះ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ខែៗ​មាន​ចំនួន​មាន​ចំនួន​ចន្លោះ​ពី​២០​ ទៅ​៣០​នាក់​ តែ​នៅ​ក្នុង​ខែ​កក្កដា​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ​៣៧​នាក់។

លោក​ កែវ សាវិន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ រយៈ​ពេល​៧​ខែ​នៃ​ឆ្នាំ​២០០៨​នេះ​ នៅ​ទូទាំង​ប្រទេស​មាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​៣.៨៧០​លើក​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៩៥៦​នាក់​ របួស​ស្រាល​ចំនួន​៣.៧៤១​នាក់​ និង​របួស​ធ្ងន់​ចំនួន​៣.០៩៨​នាក់។​ គ្រោះថ្នាក់​ទាំងនេះ​មានការ​ចូល​រួម​ពី​រថយន្ត​ធុន​ស្រាល​ចំនួន​១.២២៣​គ្រឿង​រថយន្ត​ធុន​ធ្ងន់​ចំនួន​៣៥៨​គ្រឿង​ យាន​ផ្សេងៗ​ចំនួន​៣២២​គ្រឿង​ ម៉ូតូ​៤.០៧៨​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ចំនួន​៤៥៥​នាក់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 31 Jul 2008