អង្គការចំនួន ៤ គឺអង្គការ ឌី អេ អាយ (DAI) អភិវឌ្ឍន៍ទឹក និងផ្សារជនបទ (IDE) កម្មវិធីសម្របសម្រួលដល់ការអភិវឌ្ឍមុខជំនួញកសិកម្មកម្ពុជា (CADF) និងអង្គការភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ (READA) បានរៀបចំសិក្ខាសាលាមួយរយៈ ពេលពីរថ្ងៃ គឺថ្ងៃទី១៣ - ១៤ ខែ សីហា នេះក្នុងក្រុងភ្នំពេញដើម្បីពិភាក្សា និងរិះរកយុទ្ធសាស្ត្រគំរូបន្ថែមក្នុងការធ្វើឲ្យគម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបំផុត-តូច - មធ្យមនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
សិក្ខាសាលាដែលមានការចូលរួមពីមន្ត្រីអង្គការអភិវឌ្ឍន៍ប្រមាណជិត ៥០ នាក់ មកពីអង្គការជាច្រើនផ្សេងទៀតនេះ គឺបានបង្ហាញអំពីលទ្ធផលជោគជ័យដែលធ្លាប់ទទួលបានពីការអនុវត្តលើគម្រោងនានា និងបានចែករម្លែកបទពិសោធន៍ផ្សេងៗដែលអង្គការនានាធ្លាប់ទទួលបានក្នុងការអនុវត្តគម្រោងនានាកន្លងមក។ តំណាងអង្គការ DAI លោក សំ បូណា បានឡើងបង្ហាញទៅកាន់អ្នកចូលរួមថា កន្លងមក អង្គការនេះធ្លាប់ទទួលបានបណ្ដុះបណ្ដាលម្ចាស់សហគ្រិនខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅខេត្តព្រៃវែង ក្រចេះ ស្វាយរៀង កំពង់ស្ពឺ និងទីក្រុងភ្នំពេញឲ្យចេះថែរក្សានូវអតិថិជនរបស់ខ្លួន ឲ្យចេះវិធីសាស្ត្រក្នុងការប្រកបអាជីវកម្ម ចេះផ្នែកទីផ្សារ ចេះស្វែងរកប្រាក់ចំណេញ និងចេះខ្ចីលុយពីធនាគារ ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនជាដើម ហើយតាមរយៈការបណ្ដុះបណ្ដាលនេះ ម្ចាស់អាជីវកម្មទទួលជោគជ័យ។
ជាមួយគ្នានេះដែរ តំណាងអង្គការ DAI បានពន្យល់អ្នកចូលរួមថា អង្គការនេះបានផ្ដោតលើផ្នែកចិញ្ចឹមជ្រូក ត្រី និងឡឥដ្ឋ ហើយដែលកន្លងមកបានអនុវត្តន៍នៅខេត្តកំពង់ស្ពឺ កំពង់ចាម ស្វាយរៀង ក្រចេះ និង កណ្ដាល។ តំណាង DAI រូបនោះ មានប្រសាសន៍ថា៖ "DAI បានណែនាំអ្នកផលិតឲ្យចេះពង្រីកសហប្រតិបត្តិការជាមួយឈ្មួញកណ្ដាលដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួនបានទៅដល់ទីផ្សារ និងបានណែនាំឲ្យអ្នកផលិតចេះពង្រីកទំនាក់ទំនង និងចេះចែករម្លែកបទពិសោធន៍ជាដើម"។
ចំណែកអ្នកតំណាងអង្គការ CADF បានលើកឡើងថា អង្គការនេះធ្វើការផ្ដោតលើគម្រោងពង្រឹងផ្នែកបន្លែ ដំណាំហូបផ្លែ និងការចិញ្ចឹមជ្រូក ដំណាំស្លឹកមន ដំណាំផ្សិត។ អ្នកតំណាង CADF បានពន្យល់អ្នកចូលរួមថា CADF បានបណ្ដុះបណ្ដាលម្ចាស់អាជីវកម្មឲ្យចេះស្វែងរកអតិថិជន និងទីផ្សារគោលដៅ ចេះផ្ដល់ព័ត៌មានទៅប្រភពខាងក្រៅ ចេះរកប្រភពហិរញ្ញវត្ថុ និងឲ្យចេះជ្រើសរើសប្រភេទផលិតកម្មដែលសមស្រប។ ក្នុងនោះដែរ CADF ផ្ដល់ជូនម្ចាស់អាជីវកម្មនូវប្រភេទសេវាកម្មគាំទ្រផ្សេងៗ និងជួយជាប្រាក់ឧបត្ថម្ភធនជាបណ្ដោះអាសន្នទៅឲ្យម្ចាស់អាជីវកម្ម ព្រមទាំងបណ្ដុះបណ្ដាលទ្រឹស្ដីអាជីវកម្មបច្ចេកទេសជាដើម។
ចំណែកអង្គការ READA លោក ឡូក សុខធា បានលើកឡើងថា អង្គការខ្លួនបានអនុវត្តន៍នៅកសិកម្មចម្រុះ ក្នុងនោះមានដូចជា បន្លែ ការធ្វើស្រូវ និង ការចិញ្ចឹមសត្វ។ ក្នុងការអនុវត្តនេះ READA បានពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយនូវបច្ចេកទេសដល់អ្នកផលិត។ READAបានបណ្ដុះបណ្ដាលអ្នកផលិតឲ្យចេះផលិតជី និងថ្នាំពុលធម្មជាតិសម្រាប់ប្រើប្រាស់ទៅលើការដាំដុះបន្លែផ្លែឈើនានាផងដែរ។ យោងតាមតារាងវិភាគលទ្ធផលសេដ្ឋកិច្ចលើមុខរបរតាមខែរបស់ READA បញ្ជាក់ថា កិច្ចការទាំងនេះកន្លងមកទទួលបានជោគជ័យជាខ្លាំង។
លោក Reed Aeschliman តំណាងអង្គការ UASID ដែលជាអ្នកជួយឧបត្ថម្ភសិក្ខាសាលានេះបានបង្ហាញពីក្ដីរំពឹងថា បន្ទាប់ពីបញ្ចប់ពីសិក្ខាសាលានេះទៅ យុទ្ធសាស្ត្រថ្មីនឹងអាចត្រូវបានគេរកឃើញសម្រាប់ផ្សព្វផ្សាយជាប្រយោជន៍បន្ថែមសម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត - តូច - មធ្យមនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបំផុត៕

