ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ប្រកាស​តែងតាំង​ អភិបាល​រង​ខេត្ត​បន្ថែម​មួយ​រូប​ និង​អភិបាល​រង​ស្រុក​ចំនួន​១៣​រូប

ទិដ្ឋភាព​ក្នុង​ពិធី​តែងតាំង​អភិបាល​រងខេត្ត​បាត់ដំបង​៖ អនុក្រឹត្យ​​ស្ដី​ពី​ការ​​ប្រគល់​ភារកិច្ច​ជូន​​មន្ត្រី​រាជការ​​របស់​រាជរដ្ឋាភិបាល​​កម្ពុជា​លេខ​៧០៨​​ អនក្រ​ តត​ ចុះ​ថ្ងៃ​​ទី​ ១៦​​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ ចុះ​ហត្ថលេខា​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ស្រី​ ស៊ឹម​ ម៉ារី​ មន្ត្រី​​ក្រប​ខណ្ឌ​ក្រសួង​កិច្ចការ​នារី​ជា​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​មក​បំពេញ​​តួនាទី​ជា​អភិបាល​​រង​ខេត្ត​បាត់​ដំបង​ដែល​ជា​ស្ត្រី​ដំបូង​បង្អស់​នៅ​ក្នុង​​មុខ​តំណែង​ថ្មី​នេះ​របស់​ខេត្ត។

ព្រម​ជា​មួយ​ការ​ប្រកាស​ស្ដី​ពី​ការ​ដំឡើង​ឋានន្តរសក្ដិ​តែងតាំង​ និង​ប្រគល់​​ភារកិច្ច​ជូន​មន្ត្រី​រាជការ​របស់​ក្រសួង​មហាផ្ទៃ​លេខ​៩២១​ ប្រក​ ចុះ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​ ស​ ខេង​ បាន​សម្រេច​ដំឡើង​ឋានន្តរសក្ដិ​ និង​​តែង​តាំង​មន្ត្រី​រាជការ​ចំនួន​២​រូប​ឋានន្តរសក្ដិ​ក្រម​ការ​ដើម​ខ្សែ​ថ្នាក់​លេខ​៧​ ទៅ​ជា​នាយ​ក្រម​ការ​ថ្នាក់​លេខ​៦​ក្នុង​នោះ​ គឺ​លោក​ស្រី​ រស់​ ស៊ីថា​ ជា​អភិបាល​​រង​ស្រុក​ថ្ម​គោល​ និង​លោក​ស្រី​​ សុំ​ ចិន្ដា​ ជា​អភិបាល​រង​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង។

ពិធី​ប្រកាស​តែងតាំង​អភិបាល​​រង​ខេត្ត​បាត់​ដំបង​ និង​អភិបាល​រង​ស្រុក​ទាំង​ ១៣​ រូប​​ដែល​ជា​​បេក្ខភាព​​ជា​ស្ត្រី​របស់​ខេត្ត​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​ ០៨​ ខែ​ កក្កដា​ ឆ្នាំ​២០០៨​ ក្រោម​វត្តមាន​លោក​​ នូ​ ភឿង​ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ​ លោក​ សៀង​ ស៊ុតថង​ អភិបាល​រង​ខេត្ត​ និង​ជា​តំណាង​អភិបាល​ខេត្ត​បាត់ដំបង​​ ប្រាជ្ញ​ ចន្ទ​ ព្រម​ទាំង​ អស់​លោក​ លោក​ស្រី​ អភិបាល​រង​ខេត្ត​ និង​ស្ថាប័ន​ មន្ទីរ​ជុំវិញ​ខេត្ត​ជា​ច្រើន​ទៀត។

ដោយ​ឡែក​​នៅ​ក្នុង​ប្រការ ២​ ក្នុង​​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ក៏​បាន​​ប្រគល់​ភារកិច្ច​ជូន​ដល់​មន្ត្រី​រាជការ​ចំនួន​ ១១ ​រូប​នៅ​ខេត្ត​បាត់ដំបង​ក្នុង​នោះ​ ១​- កញ្ញា​ ភោគ​ ស៊ិនណាវី​ ជា​អភិបាល​រង​ស្រុក​បាត់ដំបង​ ២​- លោកស្រី​ ម៉ូត​ សំប៊ុន​ ជា​អភិបាល​ស្រុក​ឯក​ភ្នំ​ ៣​- លោក​ស្រី​ ទន់​ សូលីណែត​ ជា​អភិបាល​រង​ស្រុក​​រតន​មណ្ឌល​ ៤​- លោក​ស្រី​ អ៊ុយ​ មួយ​ ជា​អភិបាល​រង​ស្រុក​បាណន់​ ៥​- កញ្ញា​ អ៊ុត​ គឹមហឿង​ ជា​អភិបាល​រង​ស្រុក​មោង​ឫស្សី​ ៦​- លោកស្រី​ គង់​ រម្យ​ ជា​អភិបាល​​រង​ស្រុក​សំពៅលូន​ ៧​- កញ្ញា​ រស់​ សុគុណ​ ជា​អភិបាល​​រង​ស្រុក​បវេល​ ៨​- កញ្ញា​ នួន​ ភិរម្យ​ ជា​អភិបាល​រង​ស្រុក​កំរៀង​ ៩​- លោក​ស្រី​ ឃឹម​ ស្រ៊ាន​ ជា​អភិបាល​រង​ស្រុក​ភ្នំ​ព្រឹក​ ១០​- កញ្ញា​ ប៊ិន​ បូឡែន​ ជា​អភិបាល​រង​ស្រុក​គាស់​ក្រឡ​ ១១​- លោកស្រី​ ឌី​ សាម៉េត​ ជា​អភិបាល​រង​ស្រុត​សំឡូត។

លោក​ សៀង​ ស៊ុតថង​ អភិបាល​រង​ខេត្ត​ និង​ជា​តំណាង​​លោក​អភិបាល​ខេត្ត​បាត់ដំបង​ប្រាជ្ញ​ ចន្ទ​ បាន​មាន​ប្រសាសន៍​ក្នុង​ថ្ងៃ​នោះ​ថា​ ចំពោះ​ការ​តែងតាំង​ប្រគល់​ភារកិច្ច​ជា​អភិបាល​រង​ខេត្ត​ និង​អភិបាល​រង​ស្រុក​​ក្នុង​ថ្ងៃ​នេះ​ គឺ​​ជា​លទ្ធផល​ដែល​​បាន​មក​ពី​ការ​​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០០៧​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​​២០០៨​ របស់​ក្រសួង​មហាផ្ទៃ​ដោយ​កំណត់​ឲ្យ​គ្រប់​ខេត្ត​​- ក្រុង​ ស្រុក​-​ ខណ្ឌ​ មាន​នាទី​មួយ​រូប​ក្នុង​ខេត្ត​- ក្រុង​ ស្រុក​- ខណ្ឌ​ ដើម្បី​ទទួល​មុខ​តំណែង​ជា​អភិបាល​រង​ខេត្ត​ក្រុង​ និង​ជា​អភិបាល​រង​ស្រុក​- ខណ្ឌ។

ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ស្រី​ ស៊ឹម​ ម៉ារី​ អភិបាល​រង​ខេត្ត​បាត់​ដំបង​ដែល​ទើប​តែងតាំង​ថ្មី​ និង​ជំនួស​​មុខ​ឲ្យ​អភិបាល​រង​ស្រុក​ទាំង​ ១៣​ ក្នុង​ខេត្ត​ដោយ​បាន​គូស​បញ្ជាក់​ថា​ នាង​ខ្ញុំ​ទាំង​អស់​គ្នា​​ដែល​បាន​ទទួល​មុខ​តំណែង​ក្នុង​ឱកាស​នេះ​ នឹង​ខិតខំ​បន្ត​ការ​​អនុវត្តន៍​ជាក់​ស្ដែង​ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​​កម្ពុជា​​ និង​ការ​​អនុវត្តន៍​ជាក់ស្ដែង​សមធម៌​យេនឌ័រ​ ដែល​​មាន​ចែង​​អំពី​តួនាទី​ក្នុង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​- ក្រុង​ ស្រុក​​- ខណ្ឌ​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ថែម​ទៀត​ដល់​នាទី​យើង។ ក្នុង​ថ្ងៃ​នោះ​​ក៏​មាន​ជូន​បាច់​ផ្កា​ វត្ថុ​អនុស្សាវរីយ៍​ពី​ស្ថាប័ន​នានា​ជុំវិញ​​ខេត្ត​ផង​ដែរ​ដល់​លោក​ស្រី​ នាង​កញ្ញា​ ដែល​ទើប​ទទួល​មុខ​តំណែង​​ជា​អភិបាល​​រង​ខេត្ត​ អភិបាល​រង​ស្រុក​ទាំង​ ១៣​ រូប​ទៀត​ផង៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 11 Jul 2008