ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

លោក​ ម៉ម​ ប៊ុនហេង​ "ជំងឺ​គ្រុនឈាម​ឆ្នាំ​២០០៨​ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០០៧​ ចំនួន​៦​ដង"

លោក​ ម៉ម​ ប៊ុនហេង​ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​សិក្ខាកាម​ដែល​បាន​ចូលរួមបាត់ដំបង​៖ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងារ​ថែទាំ​អ្នក​ជំងឺ​គ្រុនឈាម​ជូន​ដល់​គិលានុប្បដ្ឋាក-យិកា​ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​​សុខាភិបាល​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា​ ករណី​គ្រុនឈាម​លើ​កុមារ​នៅ​ឆ្នាំ​២០០៨​នេះ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧​កន្លង​ទៅ​គឺ​មាន​ការ​ថយ​ចុះ​ចំនួន​៦​ដង។

លោក​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០០៧​កន្លង​មក​ នៅ​ទូទាំង​ប្រទេស​កុមារ​​គ្រុនឈាម​មាន​ជិត​៤​ម៉ឺន​នាក់​ ហើយ​មាន​កុមារ​ស្លាប់​ជាង​៤០០​នាក់។ ប៉ុន្តែ​ដោយសារ​មាន​ការ​​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ ព្រម​ទាំង​បុគ្គលិក​មន្ទីរ​ពេទ្យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ​ អ្នក​ជំងឺ​គ្រុនឈាម​មាន​ការ​ថយ​ចុះ​ចំនួន​៦​ដង។ ការ​ថយ​ចុះ​នេះ​មិន​មែន​ដោយសារ​តែ​មូស​ខ្លា​វា​អាណិត​កូន​ចៅ​យើង​មិន​នាំ​គ្នា​ខាំ​ទេ​ គឺ​ដោយសារ​តែ​យើង​មាន​វិធាន​ការ​​បង្ការ​ទប់ស្កាត់​ជា​មុន​ទាំង​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់​ និង​ថ្នាក់​ស្រុក​ ដោយ​រួម​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ ធ្វើ​ការ​​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​បំផ្លាញ​ប្រភព​ដង្កូវ​ទឹក​ ដែល​មាន​នៅ​ជុំវិញ​ផ្ទះ។ បើ​បំបាត់​ដង្កូវ​ទឹក​បាន​ គឺ​បំបាត់​មូល​ខ្លា​បាន​​ដែរ។

លោក​ ម៉ម​ ប៊ុនហេង​ បាន​បន្ដ​ថា​ ជំងឺ​​គ្រុនឈាមជា​ជំងឺមួយ​កាច​សាហាវ​វា​ឆក់​យក​ជីវិត​កុមារ​ បើ​សិន​ជា​យើង​មាន​ការ​ធ្វេស​ប្រហែស​មិន​បញ្ជូន​អ្នក​ជំងឺ​មក​មណ្ឌល​សុខភាព​ ឬ​ក៏​មន្ទីរពេទ្យ​បង្អែក​បាន​ទាន់​ពេលវេលា។ ជាក់ស្ដែង​នៅ​ឆ្នាំ​២០០៧​ ក្នុង​ខែ​សីហា​-កញ្ញា​នេះ​ មាន​ផ្ទុះ​ករណី​គ្រុន​ឈាម​លើ​កុមារ​ចំនួន​ជិត​៤​ម៉ឺន​ករណី​ ធ្វើ​ឲ្យ​កុមារ​ស្លាប់​ជាង​៤០០​នាក់។ ហើយ​នៅ​ឆ្នាំ​២០០៨​នេះ​ គិត​រយៈពេល​ដូចគ្នា​ ជំងឺ​គ្រុនឈាម​លើ​កុមារ​មាន​តែ​​ជាង​ ៥.០០០​ករណី​ និង​ធ្វើ​ឲ្យ​កុមារ​​ស្លាប់​តែ​៥៤​នាក់​ គឺ​មាន​ការ​ថយ​ចុះ​៦​ទៅ​៧​ដង។

លោក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បាន​លើក​ឡើង​ប្រាប់​សិក្ខាកាម​ទាំង​៥០​នាក់​មក​ពី​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​ថា​ ក្រៅ​ពី​ជំងឺ​គ្រុនឈាម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​សំខាន់ៗ​ចំនួន​៥​ទៀត​ គឺ​ទី​១​ការងារ​បណ្ដុះបណ្ដាល​ពេទ្យ​ឆ្មប​បឋម​ និង​មធ្យម​ឲ្យ​ដល់​មូលដ្ឋាន​ជនបទ​ទី​២-ការ​គ្រប់គ្រង​ឱសថ​ស្ថាន​ ឱសថ​ស្ថាន​រង​ គ្លីនិក​ឯកជន​ត្រូវ​ជំរុញ​ឲ្យ​មាន​ច្បាប់​ត្រឹមត្រូវ​ ពិសេស​ត្រូវ​ត្រួត​ពិនិត្យ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​ ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទី​៣-ការងារ​មូលនិធិ​សមធម៌​ជួយ​ដល់​ជន​ក្រីក្រ​ ទី​៤-​ ត្រូវ​គិត​គូរ​រៀបចំ​ឲ្យ​មាន​​សេវា​ធានារ៉ាប់រង​សុខភាព​ ដោយ​យក​គំរូ​តាម​ខេត្តពោធិ៍សាត់​ និង​ទី​៥-ត្រូវ​គ្រប់គ្រង​បុគ្គលិក​ឲ្យ​បាន​ដិត​ដល់​ទើប​ដំណើរ​ទៅ​រលូន។

លោក​វេជ្ជបណ្ឌិត​ ញ៉ឹក​ ប៊ុនឈុប​​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា​ នៅ​ខេត្ត​បាត់ដំបង​ក្នុង​ត្រី​មាស​ទី​៣​ឆ្នាំ​២០០៧​មាន​ផ្ទុះ​ឡើង​​ករណី​គ្រុន​ឈាម​ចំនួន​១៨​ករណី​បណ្ដាល​ឲ្យ​ស្លាប់​កុមារ​ចំនួន​៩​នាក់។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ពី​មូលហេតុ​បណ្ដាល​ឲ្យ​ស្លាប់​កុមារ​​ដែល​មាន​ជំងឺ​គ្រុន​ឈាម​​ច្រើន​ ដោយសារ​តែ​អាណាព្យាបាល​នៅ​ជន​បទ​ឆ្ងាយ​ដាច់​ស្រយាល​​ពិបាក​ក្នុង​ការ​​ធ្វើ​ដំណើរ​បញ្ជូន​កូន​មក​កាន់​​មន្ទីរពេទ្យ​ទុក​ទាល់​តែ​ជំងឺ​ធ្ងន់ធ្ងរ​ ទើប​មិន​អាច​ជួយ​​សង្គ្រោះ​អាយុ​ជីវិត​បាន។ ដោយ​ឡែក​នៅ​ឆ្នាំ​២០០៨​នេះ​ គិត​រយៈពេល​ដូចគ្នា​​គឺ​មាន​តែ​ជំងឺ​គ្រុនឈាម​ចំនួន​ម្នាក់​គត់​ ដែល​ស្លាប់​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧​ មាន​ការ​ថយ​ចុះ​៧​ទៅ​៨ផង​ដង។

លោក​វេជ្ជបណ្ឌិត​ ចាង​ ម៉កសេង​ ជន​ជាតិ​ម៉ាឡេស៊ី​ តំណាង​អង្គការ​​សុខភាព​ពិភពលោក​​មាន​ប្រសាសន៍​ថា​ ជំងឺ​គ្រុន​ឈាម​គឺ​បាន​​ក្លាយ​ជា​ប្រធានបទ​មួយ​​យ៉ាង​សំខាន់​ដល់​សុខភាព​​សាធារណៈ​នៅ​ក្នុង​តំបន់​​ដែល​កំពុង​ធ្វើ​ការ​រាតត្បាត​នៅ​ក្នុង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក​ មាន​ករណី​គ្រុនឈាម​លើ​កុមារ​ចំនួន​ ៣៩.៨៥០​ករណី​ ហើយ​មាន​កុមារ​ចំនួន​៤០៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។ នៅ​ឆ្នាំ​២០០៨​នេះ​ស្ថានភាព​ជំងឺ​គ្រុន​ឈាម​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០០៧​ ដោយ​កើត​មាន​តែ​ ៥.៣០០​ករណី​ប៉ុណ្ណោះ​ ហើយ​មាន​កុមារ​ស្លាប់​តែ​៥៤​នាក់​ គឺ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ ចាង​ ម៉កសេង​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ ខាង​មុខ​នេះ​ អង្គការ​សុខភាព​ពិភពលោក​​រួម​ជាមួយ​ដៃ​គូ​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​​មួយ​ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការពារ​ជំងឺ​គ្រុនឈាម​​ឲ្យ​មាន​កម្រិត​ទាប​បំផុត​ ដោយ​អនុវត្ត​តាម​សភាព​ការណ៍​ប្រទេស​នីមួយៗ។ ផែនការ​ប្រជុំ​សង្កត់​​ធ្ងន់​លើ​ការ​ស្វែង​រក​រោគ​វិនិច្ឆ័យ​ និង​រក​វិធី​ការពារ​ជំងឺ​គ្រុនឈាម​ ជា​ពិសេស​គឺ​សំដៅ​ទៅ​លើ​មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ជំងឺ​គ្រុន​ឈាម​ពី​តំបន់​ជនបទ​​ឆ្ងាយ​ដាច់​ស្រយាល​មក​កាន់​មន្ទីរពេទ្យ​បង្អែក​របស់​ស្រុក​ ឬ​ខេត្ត​ឲ្យ​បាន​ឆាប់រហ័ស​និង​ទាន់​ពេលវេលា៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 05 Sep 2008