ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សមាគម​នារី​កម្ពុជា​ ប្រារព្ធ​សន្និបាត​បូក​សរុប​ការងារ​ ឆ្នាំ​២០០៧​ និង​ទិសដៅ​ ឆ្នាំ​២០០៨

លោក​សាយ ឈុំ​ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​អញ្ជើញ​ជា​អធិបតី​ (រូបថត​ ៖​ អ៊ុយសុង)រាជធានី​ភ្នំពេញ​ ៖​ សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០០៧​ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០០៨​ របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​សាល​ប្រជុំ​នៃ​ទីស្នាក់ការ​កណ្ដាល​ គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​អធិបតីភាព​លោក​សាយ ឈុំ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ និង​ជា​ប្រធាន​គណៈ​ប្រចាំ​ការ​ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ជំទាវ​ម៉ែន សំអន​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ តំណាងរាស្ត្រ​ មណ្ឌល​ស្វាយរៀង​ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍។

គោល​បំណង​នៃ​សន្និបាត​ គឺ​ធ្វើ​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បំពេញ​ភារកិច្ច​របស់​សមាជិក​ សមាជិកា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ និង​បណ្ដាញ​ស្ត្រី​ទូទាំង​ប្រទេស​ និង​ធ្វើ​ការ​វាយតម្លៃ​លើ​ការ​រីកចម្រើន​ និង​ចំណុច​ខ្វះ​ចន្លោះ​ដែល​មាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​ ព្រម​ទាំង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ឆ្នាំ​២០០៨​ ដែល​ផ្ដោត​ជា​សំខាន់​ទៅ​លើ​សកម្មភាព​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០០៨​ ខាង​មុខ​នេះ។​ សន្និបាត​ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ដែល​ប្រកាស​ជា​ឱឡារិក​ គាំទ្រ​បេក្ខភាព​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ទី​៤​នៃ​រាជរដ្ឋាភិបាល​ ដោយ​បាន​អនុម័ត​រួច​ជា​ស្រេច​ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១២​ -​ ១៣​ ខែ​មករា​ ឆ្នាំ​២០០៨​ និង​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​១១​ខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចែង​ច្បាស់​អំពី​គោល​ជំហរ​ទិសដៅ​ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​សម្រាប់​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៤​ នៃ​រដ្ឋសភា​ និង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ ព្រម​ទាំង​កំណត់​ទិសដៅ​ភារកិច្ច​សម្រាប់​សមាជិក​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​យក​ទៅ​អនុវត្ត​បន្ត​ទៀត។​ សមាគម​នារី​ខេត្ត​ -​ ក្រុង​ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ចិត្ត​របស់​សន្និបាត​នេះ​ឲ្យ​បាន​ដល់​សមាជិក​ សមាជិកា​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី​៩៨​ ទិវា​អន្តរជាតិ​នារី​៨​មីនា​ ខាង​មុខនេះ។

គណៈ​អធិបតី​ ភ្ញៀវ​កិត្តិយស​ និង​សមាជិក​ សមាជិកា​នៃ​អង្គ​សន្និបាត​ មាន​ចំនួន​សរុប​៧០០​នាក់​ ដែល​មាន​សមាសភាព​ជា​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ គណបក្ស​ប្រជាជន​ក្រសួង​ -​ ស្ថាប័ន​ និង​ភរិយា​ គណៈកម្មាធិការ​កណ្ដាល​ និង​ថ្នាក់​ខេត្ត​ -​ ក្រុង​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​នារី​មេឃុំ​ ចៅ​សង្កាត់​ និង​ជំទប់​ទី​១​ទូទាំង​ប្រទេស​ ភរិយា​អភិបាល​ ឬ​អភិបាល​រង​ខេត្ត​ -​ ក្រុង​ លោក​ជំទាវ​ឧកញ៉ា​ អាជីវករ​ ពាណិជ្ជករ​តំណាង​កម្មការិនី​ សហជីព​ និង​សិស្ស​និស្សិត៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ច័ន្ទ 18 Feb 2008