ភ្នំពេញ ៖ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) កាលពីថ្ងៃទី១១ កុម្ភៈកន្លងមកនេះ មានរៀបចំបូកសរុបលទ្ធផលការងាររបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំកន្លងមក ចាប់តាំងពីថ្ងៃដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ព្រមទាំងមានការផ្លាស់ប្ដូរអ្នកគ្រប់គ្រង និងដឹកនាំ។
លោកស្រីអ៊ុង ច័ន្ទថុល អតីតនាយិកាអង្គការ (CWCC) បានមានប្រសាសន៍ឲ្យដឹងថា អង្គការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយមានគោលដៅបេសកកម្មជួយស្ត្រី និងកុមារឲ្យរួចចាកផុតពីអំពើហិង្សាក្នុងគ្រួសារការជួញដូរ និងការរំលោភសេពសន្ថវៈដោយជួយធ្វើឲ្យស្ត្រីអាចធ្វើការសម្រេចចិត្ត និងចេះជួយខ្លួនឯងបាន តាមរយៈកម្មវិធីការងាររបស់អង្គការដូចជាការស៊ើបអង្កេត និងជំនួយផ្នែកច្បាប់មណ្ឌលសុវត្ថិភាព វិជ្ជាជីវៈ សមាហរណកម្មអប់រំ និងចងក្រងសហគមន៍ អាហារូបករណ៍ ប្រឆាំងការជួញដូរលើស្ត្រី និងកុមារឆ្លងដែន គ្រប់គ្រងកំហឹងបុរស អប់រំចល័តដើម្បីសុវត្ថិភាពនៃការធ្វើចំណាកស្រុក និងការផ្សព្វផ្សាយតស៊ូមតិ។
អង្គការមានការិយាល័យចំនួន៣កន្លែង និងមណ្ឌលបី គឺទីក្រុងភ្នំពេញ ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ខេត្តសៀមរាបនៅឆ្នាំ២០០១ មានបុគ្គលិកបម្រើការងារចំនួន១០១នាក់ ដែលមាន៥៧ភាគរយជាស្ត្រី និងមានអ្នកស្ម័គ្រចិត្ត៩៤០នាក់។
លោកស្រីអ៊ុង ច័ន្ទថុលបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ចំពោះការងារស៊ើបអង្កេត និងជំនួយផ្នែកច្បាប់អង្គការទទួលបានអតិថិជន៩.៧៨៨ករណី និងមានជនរងគ្រោះសរុបចំនួន១១.៤៥៥នាក់។ ករណីអំពើហិង្សាក្នុងគ្រួសារមានជាង៤៨ភាគរយ មានអ្នករងគ្រោះ៥.៥៧២នាក់ ករណីជួញដូរភេទ និងពលកម្មមានជាង២៨ភាគរយមានអ្នករងគ្រោះ៣.១១២នាក់ ករណីរំលោភសេពសន្ថវៈមានជាង២៤ភាគរយ មានជាងអ្នករងគ្រោះ២.៧៧១នាក់។ ចុះសង្គ្រោះបានចំនួន១.៩៨១ករណី ដាក់ពាក្យបណ្ដឹងបាន៤.២០៣ករណី។ ករណីដែលឈ្នះក្ដីប្រហែល៨០ភាគរយ ដែលបានសវនាការចំនួន៣.២២៣ករណី ភាគច្រើនជាជនរងគ្រោះគឺករណីអំពើហិង្សាក្នុងគ្រួសារ។ ទទួលអតិថិជនស្នាក់នៅក្នុងមណ្ឌលសរុប៤.៤៨៦នាក់។ ផ្ដល់វិជ្ជាជីវៈ និងជំនួញខ្នាតតូចដល់សិស្សសរុប១.៤៣៧នាក់។ កម្មវិធីអប់រំ និងចងក្រងសហគមន៍បានចំនួន៨៣០វគ្គមានអ្នកចូលរួមចំនួន១៧.២៣៨នាក់។ ចំពោះមូលនិធិម្ចាស់ជំនួយដែលបានទ្រទ្រង់សកម្មភាពការងាររបស់អង្គការរួមមាន បណ្ដាអង្គការអន្តរជាតិនានាកំពុងធ្វើសកម្មភាពនៅប្រទេសកម្ពុជា និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត។
ក្នុងឱកាសសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំនោះដែរ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិបានធ្វើការផ្លាស់ប្ដូរអ្នកគ្រប់គ្រងដឹកនាំថ្មី ពោលគឺលោកស្រីអ៊ុង ច័ន្ទថុល ត្រូវបានសុំឈប់សម្រាកពីការងារ និងត្រូវចូលជំនួសដោយកញ្ញាសាយ វឌ្ឍនីជានាយិកាថ្មីរបស់អង្គការ៕

