ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

គោល​គំនិត​និងលក្ខណៈវិនិច្ឆ័យ​ សម្រាប់​ជ្រើស​រើស​ក្រុមទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា ​នៃ​​វិប​ផត​ថល​ស្តី​អំពី​ស្ត្រី​

១ សេចក្តី​ផ្តើម

កម្មវិធី​ស្រ្តី (Women Empowerment for Social Change) របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​នា​ឆ្នាំ​២០០៦​ ។​ បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​សកម្មភាព​ធំៗ​ ចំនួន​បីគឺ​ ៖

  • វិប​ផត​ថលស្តី​​អំ​ពីស្ត្រី http://women.open.org.kh (កិច្ច​ប្រជុំ​នៃ​វេទិកា​ស្ត្រី​ កិច្ចប្រជុំ​នៃ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​​)
  • ការ​កសាង​សមត្ថភាព​ ផ្នែក​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
  • ការ​ស្ទង់​មតិ​អំពី​ យេនឌ័រ​ និង​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា

២​ គោល​គំនិតយុទ្ធសាស្រ្ត​​នៃ​គម្រោង​ស្ត្រី​

២.១ ទស្សនៈ​វិស័យ​​

ឆ្ពោះ​ទៅកាន់​សង្គម​មួយ​ដែល​អ្នក​ចូលរួម និង​សកម្មជន​ស្រ្តី ​នឹង​អាច​មាន​ឱកាស​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ នៅក្នុង​ការ​អភិវឌ្ឍន៍​សង្គម ​​តាម​រយៈ​ការ​ទទួល​ និង​ចូល​ទៅ​កាន់​ ការ​ប្រើប្រាស់​ព័ត៌មាន មាន​ភាព​ជឿជាក់​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​មាន​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​ និង​​​​ចែក​រំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ទាំង​នេះ​ ទៅ​អោយ​ស្រ្តី​ផ្សេង​ទៀត​ ។

២.២ បេសកកម្ម​
កម្មវិធី​ស្រ្តី​​មាន​បេសកកម្ម​ ផ្តល់​ជូន​នូវ​​ព័ត៌មាន​ និង​សំរប​សំរួល​ការ​ពិភាក្សា​អំពី​ស្រ្តី អំពី​​ការ​យល់​ដឹង​ពី​​សិទិ្ធ​របស់​ស្រ្តី​ តាម​រយៈ​ការ​ប្រើប្រាស់​ជា​យុទ្ធសាស្រ្ត​ នូវ​បច្ចេក​វិទ្យា​ គមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ ។​ កម្មវិធី​នេះ​ក៏​ផ្តល់​ជូន​ផង​ដែរ ​នូវមធ្យោបាយ​នា​នា ​សំរាប់​ប្រើប្រាស់ ​ក្នុង​ការ​ទំនាក់​ទំនង និង​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​គាំទ្រ​កិច្ច​​ប្រឹង​ប្រែង​របស់​អង្គការ​និង​បណ្តាញ​ស្រ្តី​ ​ដើម្បី​អង្គការ​និង​បណ្តាញ​ស្រ្តី​ទាំង​នោះ​មាន​សមត្ថភាព ​ជួយ​ទៅ​កាន់​ស្រ្តី​ឯ​ទៀត​ តាម​​រយៈ​​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​ ។

២.៣ គោល​បំណង

កម្មវិធី​នេះ​មាន​គោល​បំណង​​លើក​កំពស់ ​ការ​ចូលរួម​ដោយសមភាព​រវាង​ស្រ្តី​និង​បុរស​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ ដែល​នៅ​ក្នុង​នោះ​ស្រ្តី​អាច​អនុវត្ត​សិទិ្ធ​របស់​ខ្លួន​ ដោយ​មាន​តុល្យភាព និង​អាច​កសាង​ សមត្ថភាព​ដើម្បី​​​​ក្លាយ​ជា​អ្នក​មាន​ភាព​ម្ចាស់ការ និង​បង្កើន​ការ​ចូលរួម​របស់​ស្រ្តី​ ក្នុង​សកម្មភាព​សង្គម​ សេដ្ឋកិច្ច​​និង​គោល​នយោបាយ​ ។​

៣. គោល​គំ​និត​យុទ្ធ​សាស្រ្ត​​របស់​​​វិប​ផត​​ថលស្តី​អំ​ពី​​ស្ត្រី

៣.១ គោល​បំ​ណង​​​​

ជំ​រុញ​ដល់​ការ​យល់​ដឹង​ អំ​ពី​សមភាព​យេន​ឌ័រ និង​ការ​ផ្តល់​អំ​ណាច​ដល់​ស្ត្រី ​តាម​រយៈការ​បង្កើត​ឲ្យ​មាន​ ឧបករណ៏​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​ជាភា​សា​ខ្មែរ ​និង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​ ក្នុង​ចំ​ណោម​​សកម្ម​ជន​ ដែល​ធ្វើ​ការ​ងារ​​អំ​ពី​ស្ត្រី​ ។​ ព័ត៌មាន​ផ្សព្វ​ផ្សាយ​នៅ​លើ​វិប​ផត​ថល ​រួម​មាន​អំ​ពី​ច្បាប់​នានា​ អំ​ពី​សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោ​បល់ អំ​ពី​កង្វល់​នានា​របស់​ស្ត្រី អំ​ពី​គំ​និត​ផ្តួច​ផ្តើម ការ​ចូល​ទៅ​កាន់​ប្រព័ន្ធ​​​យុត្តិធម៏ និង​ព័ត៌មាន​ផ្សេងៗ​​ឯ​ទៀត ​ដែល​អាច​ជួយ​ដល់​ស្ត្រី​ ឬ​ស្ថាប័នស្ត្រី​ ដែល​ជា​អ្នក​គាំ​ទ្រ​ដល់​សមភាព​យេនឌ័រ ។

ជំ​រុញ​ដល់​​ការ​ប្រា​ស្រ័យ​ទាក់​ទង​ តាម​រយៈ​ការ​សម្រប​សម្រួល​ និង​បំ​ផុស​ឲ្យ​មាន​ការ​​ពិភាក្សាយ៉ាង​ផុស​ផុល​ តាម​រយៈសារ​​អេ​ឡិច​ត្រូ​និច ​​​និង​ដោយ​ផ្ទាល់​ រវាង​ស្ថា​ប័ន​ធ្វើ​ការងារ​​ អំ​ពី​ស្ត្រី ​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​ប្រកប​ដោយ​ជោគ​ជ័យ​ថែម​ទៀត និង​ដើម្បី​ការ​ចែក​រំ​លែក​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ។​​​​​​

៣.២​ ពាក្យ​ស្លោក​របស់​វិប​ផត​ថលស្តី​​អំ​ពីស្ត្រី​

ជំរុញ​​សមភាព​យេនឌ័រ​ក្នុងសង្គម​មួយ​​ ដែល​ស្ត្រីអាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ ​មាន​តុល្យភាព​ ​ និង​អាច​កសាង​សមត្ថភាព ​ដើម្បី​​ក្លាយ​​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ ។​ ពាក្យ​ស្លោក​នេះ​គឺ​ជា​គោល​បំណង​រួម​របស់​កម្មវិធី​ស្ត្រី​ ។​

៤ ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​

ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា គឺ​ជា​ក្រុម​ការងារ​មួយ​ ដែល​មាន​សមាជិក​មកពី​ស្ថាប័ន​ផ្សេងៗ​ ឬ​ជា​បុគ្គល​ម្នាក់​ៗ​ រួម​ជា​មួយ​និង​សមាជិក​នៃ​ក្រុម​ស្ត្រី​ របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ។ សមាជិក​ក្រុម​នេះ​មាន​ចំ​នួន​តិច​បំ​ផុត៥នាក់ និង​ច្រើន​បំ​ផុត ១២ នាក់​ ។

៤.១ គោលបំណង​នៃ​ការ​បង្កើត​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា

ប្រ​មូល​ផ្តុំ​មតិ​យោ​បល់​ ពីអ្នក​មាន​បទ​ពិសោធន៏​ខាង​និពន្ធ ​ ការ​សរសេរអត្ថបទ ​រួម​ទាំង​ការ​សរសេរ​​បទ​វិចារណក​ថា ​ដែល​មក​ពី​​មជ្ឈដ្្ឋានខុស​ៗ​គ្នា ​ដោយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ​អំ​ពី​ខ្លឹម​សារ​នៃ​វិប​ផត​ថល​ ជា​មួយ​​និង​បញ្ហា​នានា​របស់​ស្ត្រី​ដែល​កើត​មានក្នុង​សង្គម​​ ដើម្បី​ធ្វើ​ឲ្យ​វិប​ផត​ថល​ស្ត្រី ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​ក្រុម​គោល​ដៅ​ ជា​កញ្ចក់​នៃ​តថភាព​សង្គម​ មាន​លក្ខណៈ​វិជ្ជា​ជី​វៈខ្ពស់ មាន​ព័ត៌មាន​ថ្មី​ ទាន់​ពេល​វេលា សំ​បូរ​បែប​ ​ទាក់​ទាញ​ និង​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ របស់​​​អ្នក​អាន​។​

៤.២​ ភារកិច្ច​របស់​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា

ចូល​រួម​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​ របស់​អង្គ​កា​វិទ្យា​ស្ថាន​បើកទូ​លាយ​ ក្នុងសប្ដាហ៍​ទី​២​​ រៀងរាល់​២​ខែ​ម្តង​ ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​ដូច​ខាង​ក្រោម៖

  • ផ្តល់​​ការ​ណែ​នាំ​ តម្រង់​ទិស ​ដល់​ការ​សរសេរ​បទ​វិចារណកថា
  • ចូលរួម​ផ្ដល់​គំនិត​យោបល់ ក៏​ដូចជា​អនុសាសន៍​នានា​ សម្រាប់អភិវឌ្ឍ​វិប​ផត​ថល ស្ត្រី
  • ពិ​និត្យ​ឡើង​វិញ​អំ​ពី​ជ្រុង​ជ្រោយ​នានា​នៃ​បញ្ហា​ស្ត្រី​​

ដើម្បី​ឲ្យ​ការ​ងារ​នេះ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន ទាម​ទារ​សមា​ជិក​ នៃ​ក្រុមទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា ប្រ​តិបត្តិ​នូវ​ការ​ងារ​មួយ​ចំ​នួន​ដូច​មាន​រៀប​រាប់​​ខាង​ក្រោម ។​ ​​​សមាជិក​ក្រុម​អាច​ធ្វើ​ការ​នៅ​កន្លែង​ណា​ក៏​បាន​ តែ​សូម​​ផ្តល់​មតិ​ ឬ​យោ​បល់​របស់​ខ្លួន ​មកកាន់​​ក្រុម​ស្ត្រី​នៃ​អង្គ​ការ​វិទ្យាស្ថាន​បើក​ទូ​លាយ​ តាម​រយៈសារ​អេ​ឡិច​ត្រូ​និច​ ឬ​តាម​រយៈ​ទូរស័ព្ទ​​ ឬ​តាម​រយៈការ​ជួប​ផ្ទាល់​​ ។ ការ​ងារ​ទាំង​នោះ​រួម​មាន៖​

  • តាម​ពេល​វា​លា​សម​រម្យ​មួយ​ ពិនិត្យ​និង​សង្កេត​មើល​​ ខ្លឹមសារ​ដែល​​បាន​ដក​ស្រង់​ដាក់​បញ្ចូល ទៅ​ក្នុង​ ​វិបផតថល​ស្តី​អំពី​ស្ត្រី​ ដោយ​ធ្វើ​ការ​ឆ្លុះ​បញ្ជាំង​ ថា​តើ​ខ្លឹមសារ​និង​និង​បទ​វិចារណកថា​ ដែល​បាន​ដាក់​បញ្ចូល​ទាំង​នោះ​​ សមស្រប​ទៅតាម​គោល​គំ​និត​​ និង​ពាក្យ​ស្លោក​​របស់​វិប​ផត​ថល​ដែរឬ​​ទេ?
  • ផ្តល់​យោ​បល់​ អំ​ពី​ខ្លឹម​សារ​ ក៏​ដូច​ជា​ការ​រចនា​ របស់​វិប​ផត​ថល​ស្តី​អំ​ពី​ស្ត្រី ដើម្បី​ធ្វើ​ឲ្យ​វិប​ផត​ថល​មាន​លក្ខណៈ​កាន់​តែ​ប្រ​សើរ ពី​មួយ​ពេល​ទៅ​មួយ​ពេល ។​
  • ចូលរួម​ក្នុង​ការ​បំភ្លឺ​ និង​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ផ្សេង​ៗ​ របស់​អ្នក​អាន​ ទៅ​លើ​បទ​វិចារណកថា​
  • ផ្ដល់​​អនុសាសន៍ ដល់​ក្រុម​ស្ត្រី ក្នុង​ការ​​ឆ្លើយតប​ទៅ កាន់​អ្នកអាន​ដែល​មាន​ចម្ងល់​ សំនួរ​ ឬ​សំណូមពរផ្សេងៗ​ ។​​
  • បំ​ផុស​គំ​និត​និង​​បង្កើត​ប្រធាន​បទ​ថ្មី​ៗ ​សម្រាប់​ការ​ពិភាក្សា ​ក្នុង​វេទិកា​ស្ត្រី​ និង​នៅ​ក្នុងការ​ពិភាក្សា​ ជា​លក្ខណៈអេឡិច​ត្រូ​និច​ដូច​ជា​​​ បញ្ជី​សំ​បុត្រ​រួម ​វេទិកា​ពិភាក្សា និង​កំណត់​ហេតុ​បណ្តាញ​ ជាដើម ។

៤.​៣​ តើអ្នក​ណា​ខ្លះ​អាច​ចូល​រួម​ក្នុង​ក្រុម​នេះ​បាន​?

ជា​លក្ខណៈ​ស្ថាប័ន​​

  • អង្គ​ការមិន​មែន​រដ្ឋាភិបាល ឬ​ស្ថាប័ន​​ធ្វើ​ការ​ងារ​​ស្រ្តី ​ដែល​ធ្វើ​ការ​ងារ​ជំ​នាញ​ខាង​ផលិត​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន
  • អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​នា​នា​ ធ្វើ​ការ​ងារ​ទាក់​ទង ​ ​ការ​និពន្ធ​​ ​និងការ​​សរសេរ​បទ​​វិចារណកថា​ ដូច​ជា​សារព័ត៌មាន​ ព្រឹតិ្តបត្រ​ព័ត៌មាន ទស្សនាវដ្ដី​ វិទ្យុ​ទូរទស្ស​ន៍​ ព័ត៌មាន​ជា​អេ​ឡិច​ត្រូ​និច​ ​។ល។
  • ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ស្ថាប័ន​នា​នា​ធ្វើ​ការ​ងារ ​ទាក់​ទង​យេនឌ័រ ច្បាប់​​ សិទ្ធិ​មនុស្ស​ ការ​ស្រាវជ្រាវអំពី​សង្គម​ ឬ​ការ​ងារ​ផ្សេងៗ​ដែល​អាច​ពាក់​ព័ន្ធជាមួយ​កម្មវិធី​ស្រ្តី
  • ​សមាគម​អ្នកនិពន្ធ

ជា​លក្ខណៈ​បុគ្គល​

  • ជា​សាស្ត្រាចារ្យ​ឬ​និស្សិត​ ផ្នែក​សង្គម​វិទ្យា ទស្សនវិទ្យា​ ច្បាប់​ សារព័ត៌មាន​ ប្រវត្តិ​សាស្រ្ត​​​​មនុស្ស​ជាតិ​ និង​វប្បធម៌​ ព័ត៌មានវិទ្យា
  • អ្នក​ជំនាញ​យេនឌ័រ​​

៤​.៤​ លក្ខណៈ​វិនិច្ឆ័យ​

សមាជិក​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា ត្រូវ​មាន​លក្ខណៈសម្បត្តិ ​ឆ្លើយ​តប​ភាគ​ច្រើន​ទៅ​និង​ក្ខណៈវិនិច្ឆ័យ​ ដូច​ខាង​ក្រោមនេះ៖

  • មាន​ចំណេះដឹង ​បទ​ពិ​សោធន៏​និង​ជំ​នាញ ​ក្នុង​ការ​​សរសេរ ​ដូច​ជា​៖​ បទ​វិចារណកថា អត្ថបទ​ព័ត៌មាន បទ​អត្ថាធិប្បាយ​ បទ​យក​ការណ៏​ ​និពន្ធរឿង ​។ល។ យ៉ាង​តិច​មួយ​ឆ្នាំ ។​
  • មាន​បទពិសោធន៍ ​ឬចំ​ណេះ​ដឹង អំ​ពី​ការ​ងារនិង​បញ្ហា​នានា​របស់​ស្ត្រី​ ឬ​យេន​ឌ័រ ឬ​ច្បាប់ ឬ​វិទ្យា​សាស្ត្រ​​សង្គម​ ឬ​ការ​សិក្សាស្រាវ​ជ្រាវ​ទាក់​ទង​អំ​ពី​ស្ត្រី​​
  • មាន​សមត្ថភាព​​ក្នុង​ការ​​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​បាន​ល្អ ​ទៅ​លើ​បញ្ហា​ នានា​របស់​កម្មវិធី​ស្ត្រី​​ និង​គោរព​ក្រម​សីលធម៌​វិជ្ជា​ជី​វៈ​​សារព័ត៌មាន​
  • មាន​សុឆន្ទៈចូលរួម​ពិភាក្សា​ ​បញ្ចេញ​មតិ​យោបល់​ និង​ផ្តល់​អនុសាសន៍​ ប្រកប​ដោយ​លក្ខណៈ​សម​ហេតុផល​ ព្រម​ទាំង​ស្រឡាញ់​ការអាន​ និង​ការ​សរសេរ​
  • មានជំ​នាញល្អ​ ​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង ដោយ​ផ្ទាល់​ និង​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​លក្ខណៈ​អេឡិចត្រូនិក​​​
  • ចេះ​ប្រើប្រាស់​កុំព្យូទ័រ កម្មវិធី​ការិយាល័យ​ សារ​អេឡិចត្រូនិក​ ស្វែង​រក​ព័ត៌មាន​លើ អ៊ីនធឺណិត​ ការ​បញ្ចូល​ព័ត៌មាន​ជា​លក្ខណៈអេ​ឡិច​ត្រូ​និក
  • ​មាន​ចំណេះដឹង​ទូលាយ​ ផ្នែក​សង្គម នយោបាយ វប្បធម៌ សេដ្ឋកិច្ច​ និង​អំពី​អត្ថប្រយោជន៍​ នៃ​ការ​ប្រើប្រាស់​ បច្ចេក​វិទ្យា​ព័ត៌មាន​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​
  • អាច​ប្រើប្រាស់​ភាសា​ខ្មែរ​ និង​អង់គ្លេស​ បាន​ល្អ​ សំរាប់​ការអាន​ ​សរសេរនិង​​​និយាយ​

៤.៥​​ លក្ខខណ្ឌ​ការ​ងារ​ ការ​ចូលរួម​ចំណែក​និង​ផល​ប្រ​យោជន៏​

លក្ខខណ្ឌ​ការងារ​

ក្រុមទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា គឺ​ជា​ក្រុម​ធ្វើ​ការ​ដោយ​ស្មគ្រ​ចិត្ត​ មាន​លក្ខណៈ​សេ​រី​ និង​មិន​មាន​ប្រាក់​បៀរ​វត្សរ៏​ឡើយ ។​ លើក​លែង​តែ​ការ​មក​ប្រជុំ​ដោយ​ជួប​ជុំ​គ្នា​​ផ្ទាល់​ សមាជិក​របស់​ក្រុម​ នឹង​មិន​តម្រូវ​ឲ្យ​មក​ធ្វើ​ការ​ជា​ប្រ​ចាំ​ នៅ​ទី​ស្នាក់​ការ​អង្គ​វិទ្យា​ស្ថាន​បើក​ទូ​លាយ​ទេ តែ​​សមាជិក​អាច​ធ្វើ​ការ​ពី​ទី​ស្នាក់​ការ​ផ្ទាល់របស់​គេ​ ឬ​ទី​កន្លែង​ដែល​​គេ​កំ​ណត់​ ។​

ការ​មក​ប្រជុំ​ដោយ​ជួប​គ្នា​​ផ្ទាល់ នឹងមាន​រយៈ​ពេល​ មិនលើស​ពី​ ២​ម៉ោង​ឡើយ​ ក្នុង​មួយ​លើកៗ​​។​

ការ​ចូលរួម​ចំណែក​និង​ផលប្រយោជន៍

  • ​ចូលរួម​ចំណែក​​ ក្នុង​ការ​សិក្សា​និង​វិភាគ​ អំពី​បញ្ហា​យេនឌ័រ​ និង​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា ។​
  • ចូលរួម​ចំណែក​ ក្នុង​ការ​ផ្លាស់ប្តូរ​សង្គម​ និង​ការ​អភិវឌ្ឍន៏​ តាម​រយៈ​ការ​សរសេរ​ និង​ការ​បញ្ចេញ​មតិ​យោបល់​
  • ចែក​រំលែក​ចំណេះដឹង​ និង​ពង្រឹង​សមត្ថភាព​ ជាមួយ​សមាជិក​ក្នុង​ក្រុម ខាងផ្នែក​​និពន្ធ​ និង​សារ​ព័ត៌មាន​
  • ឈ្មោះ​របស់សមាជិក​ ក្រុមទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា នឹង​​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​លើ​វិប​ផត​ថល​ស្តី​អំ​ពី​ស្ត្រី​​
  • ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​ និង​ពង្រឹង​សមត្ថភាព​ អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ អំពី​កម្មវិធី​ស្ត្រី​

៤.៦​ រយៈ​ពេល​នៃ​សមាជិក​ភាព​

ជា​លក្ខណៈ​រួម​ ១​វដ្ត​នៃ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​ គឺ​មាន​រយៈ​ពេល​១ឆ្នាំ​ ដែល​រយៈ​ពេល​នេះ​ អាច​មាន​ការ​ប្រែប្រួល​ និងបត់បែន​ទៅ​តាម​ វដ្ត​នៃ​រយៈពេល​គម្រោង​ របស់​កម្មវិធី​ស្រ្តី​ ។​​

៤​.៧​ តើ​ធ្វើ​​យ៉ាង​ណា​អាច​ចូល​រួម​ក្នុង​ក្រុម​​នេះបាន?

ប្រសិន​បើ​លោក​ស្រី​ លោក អ្នក​នាង​ កញ្ញា​ មាន​ការ​ចាប់​អា​រម្មណ៏​ ក្នុង​ការ​​ចូល​រួម​ជា​មួយ​ក្រុម​ទី​ប្រឹក្សា​​សរសេរ​បទ​វិចារណកថា​ សូមអនុវត្តន៍​ នូវ​ចំនុច​ដូច​ខាង​ក្រោម៖​

  • សិក្សា​អំពី​កម្មវិធី​ស្ត្រី​ របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ តាម​រយៈ​អាសយដ្ឋាន​តំបន់​បណ្តាញ​នេះ​ http://women.open.org.kh/km/about
  • បំពេញ​បែប​បទ​ ដូច​ដែលជូន​ភ្ជាប់​មក​ជា​មួយ​នៅ​ផ្នែក​ឯកសារ​ភ្ជាប់ ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ​នេះ​
  • ​ប្រវត្តិ​រូប​សង្ខេប​របស់​លោក​អ្នកដែល​មាន​ព័ត៌មាន​ថ្មី​បំ​ផុត​

សូម​ផ្ញើ​សំ​ណុំ​ឯកសារ​ ដែល​មាន​បែប​បទ​ និង​ប្រវត្តិ​រូប​សង្ខេប​ ​មក​កាន់​ក្រុម​ការងារ​​ស្ត្រី ​នៃ​អង្គការ​​វិទ្យា​ស្ថាន​បើក​ទូ​លាយ​ ដែល​មាន​អាសយ​​ដ្ឋាន​ទំ​នាក់​ទំ​នង៖

ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ៣៧៤

សង្កាត់​ទួល​ស្វាយ​ព្រៃ​ ១ ខ័ណ្ឌ​ចំ​ការ​មន​ (​ទល់​មុខ​សា​លា​សង្កាត់ ទួល​ស្វាយ​ព្រៃ​ ១)

ទូរស័ព្វ​លេខ ០២៣​ ២២៤ ៨២១

សារ​អេឡិចត្រូនិក​ women[@]open.org.kh

 

 

 

 

 

 

 

 

ឯកសារ​ភ្ជាប់ទំហំ
editorial_form_v5_131207-251207.pdf62.5 ​គីឡូបៃ
editorial_concept-selectioncritier_pmdmd_v5_131207-251207.pdf140.7 ​គីឡូបៃ
ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ da  កាល​បរិច្ឆេទ៖ អង្គារ 15 Jan 2008