ភ្នំពេញ ៖ អនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក បានក្លាយជាសន្ធិសញ្ញាសុខភាពសាធារណៈទី១ ដែលបានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០០៥។ ដើម្បីគាំទ្រសន្ធិសញ្ញាសុខភាពពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥។
យោងតាមរបាយការណ៍សង្ខេបសំរាប់ប្រទេសកម្ពុជា ស្ដីពីស្ថានភាពនៃការប្រើប្រាស់ និងការត្រួតពិនិត្យថ្នាំជក់បានឲ្យដឹងថា អត្រា និងនិន្នាការនៃការជក់បារីក្នុងចំណោមបុរស និងស្ត្រីដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ មានបុរស៥៣,៩ភាគរយ និងស្ត្រី៦.០ភាគរយក្នុងនោះការជក់បារីនៅទីជនបទជាទូទៅមានអត្រាខ្ពស់ជាងនៅទីក្រុង។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា អ្នកជក់បារីជាបុរសដែលមានវ័យចំណាស់ (ចាប់ពី៤០ឆ្នាំឡើងទៅ) និយមជក់បារីច្រើន។ ចំណែកឯការជក់បារីក្នុងចំណោមស្ត្រីមានអត្រាខ្ពស់ចន្លោះអាយុពី៤០-៤៩ឆ្នាំ។ ដោយឡែកអាយុចាប់ផ្ដើមជក់បារីជាមធ្យមគឺ២០ឆ្នាំ។ រីឯការចំណាយលើថ្នាំជក់វិញអ្នកជក់បារីម្នាក់នៅកម្ពុជាបានចំណាយថវិកាប្រហែល៣៥,៨ដុល្លារអាមេរិកក្នុង១ឆ្នាំទៅលើការទិញថ្នាំជក់ និងការចំណាយប្រចាំឆ្នាំរបស់គ្រួសារអ្នកជក់បារីកម្ពុជាមានចំនួន ៦៩,៤៤លានដុល្លារអាមេរិក។
គ្រួសារអ្នកជក់នីមួយៗនៅភ្នំពេញចំណាយ២,៥ភាគរយនៃចំណូលរបស់ខ្លួន និង ២,៩ភាគរយនៅទីជនបទលើការទិញបារីជក់។ គ្រួសារដែលមានអ្នកជក់បារីម្នាក់ចំណាយប្រហែល៣ដុល្លារអាមេរិកជាមធ្យមលើការទិញបារីក្នុង១ខែហើយជាមធ្យមអ្នកជក់បារីយ៉ាងខ្លាំងដោយសារគេជក់បារីក្នុងចន្លោះ៥នាទីពេលក្រោកពីដំណេក។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បាននិយាយឲ្យដឹងថាថ្នាំជក់គឺជាដំណាំឧស្សាហកម្មដែលត្រូវបានគេដាំដុះនៅខេត្តចំនួន៤គឺ ខេត្តកំពង់ចាម កណ្ដាល ព្រៃវែង និងក្រចេះ។ ប្រហែល៩០ភាគរយនៃចំការថ្នាំជក់គឺស្ថិតនៅក្នុងខេត្តកំពង់ចាម។ ផ្ទៃដីប៉ាវប្រមាណប្រហែល១៧០០០ហិកតា ត្រូវបានគេដាំថ្នាំជក់សំរាប់ផលិតជាបារី និងសំរាប់ប្រើប្រាស់ផ្សេងទៀតដូចជាមូរជា បារីមូរដៃចុក និងដាក់ក្នុងខ្សៀ។
លោក មុំ គង់ បានឲ្យដឹងទៀតថា មានបារីជាង២០០ម៉ាក រួមមានបារីក្នុងស្រុក និងបារីនាំចូលពីបរទេសដែលកំពុងចរាចរនៅលើទីផ្សារ។ មានម៉ាកបារីផ្សេងៗ ដែលនាំចូលពីប្រទេសបារាំង ចិន ជប៉ុន អង់គ្លេស អាមេរិក សិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី។ លោកបានឲ្យដឹងទៀតថា បារីមូរដៃមានអ្នកជក់ច្រើនជាងគេ (២៩ភាគរយ) បន្ទាប់មកគឺថ្នាំជក់ខ្មែរ (២៤ភាគរយ) និងបារីសេក១៤ភាគរយ។ បារីរូបសេកគឺជាបារីដែលពេញនិយមជាងគេនៅទីក្រុង។ អ្នកជក់បារីនៅជនបទភាគច្រើននិយមបារីក្នុងស្រុក ដោយសារពួកគាត់មានប្រាក់ចំណូលទាបហើយបារីនាំចូលពីបរទេសមានតំលៃថ្លៃ។
លោក មុំ គង់ បានលើកឡើងថា ដើម្បីទទួលបានដោយជោគជ័យនូវគោលដៅត្រួតពិនិត្យថ្នាំជក់រាជរដ្ឋាភិបាលគួរតែអនុម័តច្បាប់ពីការត្រួតពិនិត្យថ្នាំជក់ឲ្យបានឆាប់រហ័ស។ ច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់នេះ គួរតែអនុលោមតាមអនុសាសន៍របស់អនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ឲ្យបានពេញលេញ ហើយរាជរដ្ឋាភិបាលគួរតែមានជំហរឲ្យច្បាស់ក្នុងការមិនអនុញ្ញាតឲ្យឧស្សាហកម្មថ្នាំជក់ជ្រៀតជ្រែកក្នុងគោលនយោបាយទាំងនោះ។ ដោយទទួលស្គាល់ថា ការផ្សាយពាណិជ្ជកម្មយុទ្ធសាស្ត្រទីផ្សារ និងការឧបត្ថម្ភរបស់ឧស្សាហកម្មថ្នាំជក់គឺសំដៅលើកកំពស់ការញៀនជាតិនីកូទីន។ ដើម្បីទប់ទល់ទៅនឹងយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការផ្សាយលក់ផលិតផលរបស់ខ្លួនទៅប្រជាពលរដ្ឋគ្រប់ស្រទាប់ រាជរដ្ឋាភិបាលគួរបិទទាំងស្រុងឲ្យបានភ្លាមៗរាល់ទំរង់នៃការផ្សាយពាណិជ្ជកម្ម ការផ្សាយលក់ និងការឧបត្ថម្ភរបស់ឧស្សាហកម្មថ្នាំជក់ដើម្បីការពារប្រជាពលរដ្ឋពិសេសយុវជន៕

