មន្ត្រីក្រសួងការងារ និងតំណាងអង្គការ IOM ចូលរួមជាគណៈអធិបតីភ្នំពេញ ៖ ដោយសារការងារនាំពលករចេញទៅធ្វើការនៅបរទេសរបស់កម្ពុជា ជាការងារថ្មីមួយមិនធ្លាប់មានបទពិសោធន៍ រដ្ឋាភិបាលបាន និងកំពុងធ្វើការអភិវឌ្ឍន៍បន្ថែមឲ្យបានសមស្របនូវបណ្ដាលិខិតបទដ្ឋាននូវទម្រង់ច្បាប់នានា ដើម្បីអាចធានាបានថា ទម្លាប់ធ្វើជើងសារ (គួកជេរ) ការងារដោយកេងចំណេញតាមរូបភាពកេងប្រវ័ញ្ច ឬជួញដូរ ទោះជាដោយចេតនា ឬអចេតនាក្ដី ត្រូវបានបញ្ឈប់ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនូវសិទ្ធិរបស់ពលករ និងអ្នករងគ្រោះ។
លោកអ៊ុំ មាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកឡើងនៅក្នុងអង្គសិក្ខាសាលាមួយស្ដីពីការប្រើប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានពលកម្មទេសន្តរប្រវេសក៍ កាលពីថ្ងៃទី១៤ ខែកុម្ភៈនៅសណ្ឋាគារកាំបូឌីយ៉ាណាកន្លងទៅនេះដែលគាំទ្រដោយអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) ថា ការបង្កលទ្ធភាពឲ្យប្រជាជនកម្ពុជាមានឱកាសទទួលបានការងារប្រកបដោយសុវត្ថិភាព និងមានចំណូលសមរម្យ ក៏ជាផ្នែកមួយនៃវិធានការដើម្បីនឹងសម្រេចបាននូវការអភិវឌ្ឍន៍នេះដែរ។ ក្នុងន័យនេះរដ្ឋាភិបាលក៏បានប្ដេជ្ញានឹងបង្កើននូវឱកាសការងារទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ លោកបានបន្តទៀតថា យើងបានយល់ច្បាស់ណាស់អំពីភាពស្មុគស្មាញនៃការកេងប្រវ័ញ្ចការងារ និងការជួញដូរមនុស្សនៅកម្ពុជា និងក្នុងតំបន់ ហើយយើងក៏ទទួលស្គាល់នូវភាពចាំបាច់ក្នុងការផ្ដល់ព័ត៌មាន បន្ថែមទៀតអំពីបញ្ហានេះ ដើម្បីឲ្យការប្រយុទ្ធទល់នឹងការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស តាមរយៈការធ្វើទេសន្តរប្រវេសក៍កាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកសេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា គោលបំណងនៃការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានពលកម្មទេសន្តរប្រវេសក៍នេះ គឺដើម្បីជួយលើកកម្ពស់សមត្ថភាពមន្ត្រី (នាយកដ្ឋានមុខរបរ និងហត្ថកម្ម) ក្នុងការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីបញ្ជូនពលករទៅធ្វើការនៅបរទេស សំដៅជួយការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលករ។
ដោយឡែក លោក អ៊ុំ មាន បានបញ្ជាក់ថា ដើម្បីឲ្យមានយន្តការ និងព័ត៌មានគ្រប់គ្រងក្នុងការគ្រប់គ្រងពលករដែលបានជ្រើសរើស និងបញ្ជូនទៅធ្វើការនៅបរទេសតាមរយៈក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីការជាមួយក្រសួង ក្រសួងបាន និងកំពុងសហការជាមួយ IOM រៀបចំឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានពលកម្មទេសន្តរប្រវេសក៍ដែលបានឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួង។ ប្រព័ន្ធទិន្នន័យនេះនឹងជួយឲ្យយើងមានមូលដ្ឋានច្បាស់លាស់សម្រាប់គ្រប់គ្រងកម្លាំងពលកម្មដូចជាចំនួនពលករ ឈ្មោះ អាសយដ្ឋានក្រុមហ៊ុនបញ្ជូនឈ្មោះ អាសយដ្ឋានក្រុមហ៊ុនទទួល អាសយដ្ឋានទីកន្លែងធ្វើការ និងអាសយដ្ឋានស្នាក់នៅរបស់ពលករ និងព័ត៌មានជាច្រើនទៀតពីស្ថានភាពការងារ ស្ថានភាពសុខភាព និងស្ថានភាពរស់នៅរបស់ពលករនីមួយៗ។
តាមការឲ្យដឹង ពីក្រសួងការងារបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គឺមាន១៣ក្រុមហ៊ុនបានរកស៊ីនាំពលករចេញទៅធ្វើការនៅបរទេស។ ក្នុងនោះពលករទៅប្រទេសថៃគិតត្រឹមឆ្នាំ២០០៧មានចំនួនប្រមាណ១៨ម៉ឺននាក់។ ក្នុងនោះ១១ម៉ឺននាក់ទៅស្របច្បាប់ នៅឆ្នាំ២០០៧គ្មានក្រុមហ៊ុនឯកជននាំពលករទៅធ្វើការប្រទេសកូរ៉េទៀតទេ៕

