ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។

ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ និង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ០៦​ លើក​ (ខែ​ កក្កដា​ ឆ្នាំ ​១៩៩៤, ខែ​ មីនា​ ឆ្នាំ​ ១៩៩៩,​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១, ខែ​ មិថុនា​ ឆ្នាំ ២០០៥, ខែ​ មីនា​ ឆ្នាំ​ ២០០៦​ និង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨) ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឲ្យ​ប្រើប្រាស់។ ដោយ​ឡែក​ ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ ត្រូវ​បាន​​​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ​ នស/ រកម/០៧០៤/០០១​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា​ គឺ​មាត្រា ​៦។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ប្រមូល​ផ្ដុំ​ចងក្រង​ឡើង​នេះ​ គឺ​ក្នុង​គោលបំណង​សម្រាប់​ជា​ជំនួយ​ស្មារតី​ថ្វាយ​ជូន​សម្ដេច​ ឯកឧត្ដម​ លោក​ជំទាវ​ ជា​ថ្នាក់​ដឹកនាំ​និង​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ ព្រម​ទាំង​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​របស់​​សាធារណជន​ទូទៅ​ផង​ដែរ។ អំណឹះ​ត​ទៅ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ អ្នក​រាជការ​នៅ​ក្នុង​ស្ថាប័ន​ក្រសួង​ អ្នក​បម្រើ​ការងារ​​នៅ​ក្នុង​​អង្គការ​ ក្រុមហ៊ុន​នានា​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ ដែល​មាន​បំណង​ចង់​សិក្សា​ស្វែងយល់​អំពី​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​លែង​​ពើប​ប្រទះ​បញ្ហា​ការ​គ្មាន​ឯកសារ​ច្បាប់​កំពូល​នេះ​ជា​ខេមរភាសា​ ភាសា​អង់គ្លេស​ និង​ភាសា​បារាំង​ទៀត​ហើយ។ ម្យ៉ាង​ទៀត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ ក៏​នឹង​ត្រូវ​បាន​យក​ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ព្រឹទ្ធសភា​ (www.senate.gov.kh) ផង​ដែរ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ កម្រង​រដ្ឋធម្មនុញ្ញ​ដែល​ពេញលេញ​នេះ​ នឹង​ក្លាយ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ជូន​អ្នក​សិក្សា​ស្រាវជ្រាវ​គ្រប់​រូប​ ទាំង​ក្នុង​មជ្ឈដ្ឋាន​​ជាតិ​ និង​អន្តរជាតិ​ទៀត​ផង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​យើង​គួរ​រំលឹក​ផង​ដែរ​ថា​ មាន​តែ​ជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​ឯកសារ​ដើម​ផ្លូវ​ការ​ពិតប្រាកដ​ ឯ​ភាសា​អង់គ្លេស​ និង​បារាំង​ពុំ​មែន​ជា​ឯកសារ​បកប្រែ​ផ្លូវ​ការ​ឡើយ។

ក្នុង​នាម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​ដឹង​គុណ​ជា​ពន្លឹក​ចំពោះ​លោក​បណ្ឌិត​ ហ្សក​ មិនហ្សេល​ និង​សហការី​​មាន​លោក​ គឹម​ សុចិត្រា​ លោក​ គង់​ មុនីកា​ លោក​ សោម​ សាវុធ​ និង​លោក​ យ៉ាន់​ វ៉ាន់ដឺលុច្ស​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​កែ​លំអរ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ និង​បារាំង​ប្រកប​ដោយ​គុណភាព​សមស្រប។ ស្រប​គ្នា​នេះ​ដែរ​ សូម​កោត​សរសើរ​និង​ អរគុណ​ចំពោះ​មន្ត្រី​នាយកដ្ឋាន​នីតិវិធី​ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ដែល​បាន​ខិតខំ​ប្រមូល​ផ្ដុំ​ចងក្រង​យ៉ាង​ពេញលេញ​នូវ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ។

ជា​ទី​បញ្ចប់​ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ក្រៃលែង​ចំពោះ​ មូលនិធិ​ខុនរ៉ាដអាដិនណៅអ៊ែរ​ ដែល​តែងតែ​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​ និង​មាន​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិការ​​យ៉ាង​ល្អ​ប្រពៃ​ជាមួយ​ស្ថាប័ន​ព្រឹទ្ធសភា​ ជា​ពិសេស​ គឺ​បាន​ផ្ដល់​ថវិកា​សម្រាប់​ឧបត្ថម្ភ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ឡើង។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ សូម​ប្រសិទ្ធិពរ​បវរ​មហា​ប្រសើរ​ជូន​ចំពោះ​សម្ដេច​ ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ សូម​ជួប​​ប្រទះ​តែ​នឹង​ភាព​សុខដុម្យរមនា​ រុងរឿង​ថ្កុំថ្កើង​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

 

 

 

 

 

 

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 03 Jul 2008