ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ល្បួង​ក្មេង​ស្រី​យក​មក​លក់​ ពេល​កំពុង​តែ​ធ្វើ​ខ្លួន​លាប​ម្សៅ​ ត្រូវ​គេ​ឃាត់​ខ្លួន​ឲ្យ​ប៉ូលិស

ភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ម្នាក់​ខណៈ​ពេល​កំពុង​រៀប​តុបតែង​ខ្លួន​លាប​ក្រែម​ថែម​ម្សៅ​ឲ្យ​ជន​រងគ្រោះ​ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើបអង្កេត។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ព្រឹក​ ថ្ងៃ​ទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ នៅ​ចំណុច​សហគមន៍​ ភូមិ​ដើម​អំពិល​ សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ​ អ៊ន​ ប្រសើ​ ភេទ​ ស្រី​ អាយុ​ ៥៣​ឆ្នាំ​ នៅ​ភូមិ​ប្រធាតុ​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល។

ជន​រងគ្រោះ​មាន​ឈ្មោះ​ ហេង​ ស្រស់​ ភេទ​ ស្រី​ អាយុ​១៤​ឆ្នាំ​ រស់​នៅ​ជាមួយ​ជីដូន​ចាស់​ជរា​ក្នុង​ភូមិ​ព្រែក​កុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល។

បើ​តាម​ក្មេង​ស្រី​រងគ្រោះ​និយាយ​ ស្ត្រី​ចំណាស់​រូប​នេះ​បាន​នាំ​ខ្លួន​មក​ភ្នំពេញ​ដោយ​អះអាង​ថា​ មក​លក់​នំ​បញ្ចុក​នៅ​ភោជនីយដ្ឋាន​ផ្ទះ​សំណាក់​ខារ៉ាអូខេ​កូប្រា​២​ ដែល​មាន​ទីតាំង​នៅ​ឃុំ​វាលស្បូវ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល។

ប៉ុន្តែ​នៅ​ពេល​មក​ដល់​សហគមន៍​​ភូមិ​ដើម​អំពិល​ ដែល​មាន​ផ្ទះ​ស្គាល់​គ្នា​នៅ​ទី​នោះ​ ជន​សង្ស័យ​បាន​រៀបចំ​តុបតែង​ខ្លួន​ប្រាណ​ឲ្យ​ក្មេង​ស្រី​រងគ្រោះ​ដូចជា​លាប​ក្រែម​ លាប​ម្សៅ​ ធ្វើ​យ៉ាងណា​ឲ្យ​ស្អាត​បាន​ត្រឹមត្រូវ​ដែល​គេ​តែង​ពោល​ថា​ "ក្ដាម​ស្រែ"​ ចូល​ក្រុង។

ប្រភព​នេះ​បន្ត​ថា​ នៅ​ពេល​នោះ​ក្មេង​ស្រី​រងគ្រោះ​ចេះ​តែ​ប្រកែក​យំ​ថា​មិន​ព្រម​ទៅ​ជាមួយ​នោះ​ទេ។​ នៅ​ពេល​ឃើញ​សភាព​បែប​នេះ​អ្នក​ជិត​ខាង​មាន​ការ​សង្ស័យ​ក៏​នាំ​គ្នា​សួរ​នាំ​តែ​ស្ត្រី​រូប​នោះ​ដោយ​មាន​ការ​ភ័យ​ខ្លាច​ បាន​រត់​គេច​ចេញ​ពី​ការ​ចោមរោម​សួរ​ ប៉ុន្តែ​មិន​អាច​រត់​ទៅ​ណា​បាន​ឡើយ​ ព្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នាំ​គ្នា​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​បន្ត។​ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​ការ​សួរ​នាំ​យ៉ាង​ល្អិត​ល្អន់​ជនសង្ស័យ​បាន​សារភាព​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មិថុនា​ ខ្លួន​បាន​ទៅ​កាន់​ភោជនីយដ្ឋាន​កូប្រា​២​ ហើយ​និយាយ​រាយរាប់​ថា​ មាន​គេ​ចង់​បាន​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​ហើយ​ពេល​នោះ​គាត់​បាន​ទទួល​លុយ​ពី​គេ​ចំនួន​២០​ដុល្លារ​ ដោយ​សន្យា​ថា​នាំ​យក​ក្មេង​ស្រី​មក​ឲ្យ។

រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ​នេះ​ដោយសារ​ល្បិច​លួងលោម​យ៉ាង​ប៉ិនប្រសប់​របស់​ស្ត្រី​រូប​នេះ​ ធ្វើ​ឲ្យ​ក្មេង​ស្រី​រងគ្រោះ​យល់ព្រម​មក​តាម​ ព្រោះ​ឮ​ថា​មក​លក់​នំ​បញ្ចុក​នៅ​ទី​នោះ។​ ប៉ុន្តែ​នៅ​ពេល​មក​ដល់​ស្ត្រី​ចំណាស់​នេះ​មិន​ទាន់​យក​ទៅ​កូប្រា​ភ្លាម​ៗ​ទេ​ ពោល​គឺ​គាត់​រៀប​ចំ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​សិន​ ក្រោយ​ពី​ធ្វើ​ខ្លួន​ស្អាត​ហើយ​ គាត់​បម្រុង​នាំ​ក្មេង​ស្រី​នេះ​ទៅ​កូប្រា​២​ ប៉ុន្តែ​ដោយសារ​មាន​ស្ត្រី​ម្នាក់​ ឈ្មោះ​ ធារី​ អាយុ​ ៣៨​ឆ្នាំ​ ស្គាល់​ក្មេង​ស្រី​រងគ្រោះ​ កើត​ការ​សួរ​នាំ​ក៏​បែក​រឿង​ទើប​គេ​ធ្វើ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 20 Jun 2008