លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ក្នុងសន្និសីទ (រូបថត អ៊ុយសុង)រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៨ គណៈកម្មការប្រតិបត្តិនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវ នៅរាជបណ្ឌិតសភាកម្ពុជា ធ្វើការផ្សព្វផ្សាយសៀវភៅ "គោលការណ៍សិក្សាថ្នាក់បណ្ឌិត និងនីតិវិធីរៀបចំនិក្ខេបបទក្រោមអធិបតីភាពបណ្ឌិត រស់ ចន្ដ្រាបុត្រ ប្រធានស្ដីទីគណៈកម្មការគ្រប់គ្រង និងលោកបណ្ឌិត សុត ទូច ប្រធានគណៈកម្មការប្រតិបត្តិ។
លោកបណ្ឌិត រស់ ចន្ដ្រាបុត្រ បានបើកអង្គសន្និសីទ ដោយលើកឡើងថា នេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលគណៈកម្មការប្រតិបត្តិនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជារៀបចំសៀវភៅ "គោលការណ៍សិក្សាថ្នាក់បណ្ឌិត និងនីតិវិធីក្នុងការរៀបចំនិក្ខេបបទ" ដែលជាមាគ៌ាដ៏ច្បាស់លាស់ និងប្រកបទៅដោយគុណភាពស្របតាមនិយាមអន្តរជាតិសម្រាប់អ្នកសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត។ លោកបានរំលឹកផងដែរថា នៅរាជបណ្ឌិតសភាកម្ពុជាមានការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតអាហារូបករណ៍សម្រាប់មន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា និងទី២ ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវសម្រាប់អ្នកសិក្សាទូទៅ។គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មានជូនដល់អ្នកស្រាវជ្រាវ អ្នកកំពុងសិក្សាថ្នាក់បណ្ឌិត និងអ្នកដែលមានបំណងសិក្សាថ្នាក់បណ្ឌិតឲ្យបានយល់ពីគោលការណ៍នៃការសិក្សា និងចង់បង្ហាញពីមោទនភាពរបស់កម្ពុជា ដែលបានរៀបចំចងក្រងសៀវភៅនេះឡើង។
លោកបណ្ឌិត សុខ ទូច ប្រធានគណៈកម្មការប្រតិបត្តិនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា គោលបំណងនៃការរៀបចំសៀវភៅ "គោលការណ៍សិក្សាថ្នាក់បណ្ឌិត និងនីតិវិធីក្នុងការរៀបចំនិក្ខេបបទនេះ គឺសម្រាប់ជាមូលដ្ឋានក្នុងការចូលសិក្សាថ្នាក់បណ្ឌិត និងតម្រង់ទិសដៅបេក្ខជនបណ្ឌិតទាំងអស់ឲ្យដើរតាមមាគ៌ាមួយដែលអាចនាំឲ្យសម្រេចបាននូវការស្រាវជ្រាវ និងការរៀបចំនិក្ខេបបទមួយបានជោគជ័យ និងមានគុណភាពខ្ពស់។
តាមរយៈសៀវភៅគោលការណ៍សិក្សាថ្នាក់បណ្ឌិត និងការរៀបចំនិក្ខេបបទនេះដើម្បីទទួលបានសញ្ញាប័ត្របណ្ឌិតមួយដ៏មានតម្លៃតាមនិយាមអន្តរជាតិ បេក្ខជនបណ្ឌិតទាំងអស់ត្រូវធ្វើការការពារគម្រោងស្រាវជ្រាវរបស់ខ្លួនជា៣ដំណាក់កាល ដែលចាប់ផ្ដើមចេញពីការការពារមុខវិជ្ជាអប្បបរមាដែលគណៈប្រតិភូនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវបានរៀបចំឡើង២ដងរួចមកហើយ គឺជំនាន់ទី១ វគ្គទី១ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៨ និងជំនាន់ទី១ វគ្គទី២ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០០៨។
ក្រៅពីនេះ បេក្ខជនបណ្ឌិតទាំងអស់ត្រូវធ្វើការការពារគម្រោងនិក្ខេបបទរបស់ខ្លួនចំនួន៣លើកទៀត គឺការការពារគម្រោងការការពារកម្រិតមូលដ្ឋាន និងការការពារកម្រិតជាតិ។
ដើម្បីឲ្យស្នាដៃបោះពុម្ពផ្សព្វផ្សាយមានលក្ខណៈត្រឹមត្រូវតាមនិយាមអន្តរជាតិគណៈកម្មការប្រតិបត្តិនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតបង់វិភាគទានស្រាវជ្រាវរាជបណ្ឌិតសភាកម្ពុជា បានធ្វើសេចក្ដីណែនាំក្នុងការសរសេរ ដូចមាននៅក្នុងសៀវភៅ "គោលការណ៍សិក្សាថ្នាក់បណ្ឌិត និងនីតិវិធីរៀបចំនិក្ខេបបទនេះ។ ការរៀបចំនេះរួមមាន ការរៀបចំនិក្ខេបបទនេះ។ ការរៀបចំរចនាសម្ព័ន្ធនិក្ខេបបទ ការរក្សាទុក និងតម្កល់ឯកសារយោង និងវិធីសាស្ត្រក្នុងសរសេរ ជាពិសេសការយោងឯកសារ។
ដូច្នេះ សៀវភៅ "គោលការណ៍សិក្សាថ្នាក់បណ្ឌិត និងនីតិវិធីរៀបចំនិក្ខេបបទ" គឺជាមាគ៌ាដ៏ពិសិដ្ឋមួយសម្រាប់បេក្ខជនបណ្ឌិត និងអ្នកស្រាវជ្រាវ និងសមត្ថភាពរបស់បេក្ខជនបណ្ឌិតទាំងពីរវគ្គ មជ្ឈដ្ឋានអ្នកសិក្សាជាច្រើនបានសំណូមពរឲ្យរាជបណ្ឌិតសភាកម្ពុជា បើកការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ ជំនាន់ទី១ វគ្គទី៣ បន្ថែមទៀត ដែលនឹងប្រព្រឹត្តទៅនៅខែ វិច្ឆិកា ឆ្នាំ ២០០៨ ខាងមុខ៕

