ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សង្គម​កុំព្យូទ័រ​ជា​ការដ្ឋាន​នៃ​កំណើន​ និង​កំណែ​ទំរង់​វិស័យ​សាធារណៈ

រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៨​ សីហា​ ២០០៨ ៖​ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​សង្គម​កុំព្យូទ័រ​កម្ពុជា​ នាំ​វិបុលភាព​ដល់​កម្ពុជា​តាម​រយៈ​គមនាគមន៍​ ព័ត៌មាន​វិទ្យា​ សហការ​ជាមួយ​សមាគម​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​កម្ពុជា​ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​កេនតិចណូឡូជី​ និង​វិទ្យាស្ថាន​អ៊ុង​ បាន​រៀបចំ​វេទិកា​ស្ដីពី​ "បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​ ជា​ការដ្ឋាន​នៃ​កំណើន​ និង​កំណែទំរង់​វិស័យ​សាធារណៈ"​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០០៨​ វេលា​ម៉ោង​១​និង​៣០​នាទី​ រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ នៅ​បន្ទប់​ Exchange Program នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ -​ ជប៉ុន​ (CJCC) ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ វេទិកា​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ កេន ចាន់ថន​ ប្រធាន​ស្ថាបនិក​សង្គម​កុំព្យូទ័រ​កម្ពុជា​ និង​ជា​ប្រធាន​ស្ដីទី​សមាគម​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​កម្ពុជា។

លោក​ កេន ចាន់ថន​ បាន​មាន​ប្រសាសន៍​ថា​ "សព្វថ្ងៃ​នេះ​មាន​ភស្តុតាង​កាន់​តែ​ច្រើន​ឡើង​ដែល​បាន​បង្ហាញ​ពី​តួនាទី​គន្លឹះ​របស់​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​ (ICT)​ ជា​ការដ្ឋាន​នៃ​កំណើន​ និង​កំណែ​ទំរង់​វិស័យ​សាធារណៈ​ តាម​រយៈ​ការ​បង្កើត​ចំណូល​ និង​ការងារ​ ការ​ជំរុញ​ផលិតភាព​ និង​ការ​ប្រកួត​ប្រជែង​នៃ​ធុរកិច្ច​ និង​ការ​លើក​កំពស់​អភិបាល​កិច្ច​ល្អ​ គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​វិស័យ​សាធារណៈ"។​ វេទិកា​ពិភាក្សា​ផ្ដោត​លើ​ប្រធានបទ : ១-​ ប្រភព​កំណើន​ប្រកបដោយ​ចីរភាព​ជា​សាកល​ (Global Sourcing of Services for Achieving Sustainable & Inclusive Growth)​ ២-​ ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ព័ត៌មានវិទ្យា/សេវា​ដែល​ទាក់ទង​នឹង​ព័ត៌មាន​វិទ្យា​ (IT/ITES Industry Development)​ ៣- ស្ថាបត្យកម្ម​សហគ្រាស​នៃ​រដ្ឋាភិបាល​ជា​ការដ្ឋាន​នៃ​កំណើន​ (Government Eterprise Architecture as Enabler of Public Sector Reform)​ និង​ ៤-​ កម្មវិធី​ព័ត៌មានវិទ្យា​សំរាប់​វិស័យ​សាធារណៈ​ (ICT Applications for the Public Sector)។

អនុសាសន៍​ពី​កិច្ច​ពិភាក្សា​ នឹង​ជា​ធាតុ​ចូល​សំរាប់​របាយការណ៍​ប្រភព​នៃ​កំណើន​ (Source of Growth Report)​ ដែល​រៀបចំ​សំរាប់​វេទិកា​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ លើក​ទី​២​ (Second Cambodia Development Cooperation Forum)​ គ្រោង​នឹង​រៀបចំ​នៅ​ចុង​ឆ្នាំ​២០០៨​ ខាង​មុខ។

សង្គម​កុំព្យូទ័រ​កម្ពុជា​ (សកក) : ជា​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​ មាន​ទស្សនៈ​វិស័យ​ នាំ​វិបុលភាព​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា។​ សកក​ មាន​កម្មវិធី​សំខាន់ៗ​ចំនួន​៦ : (១)-​ ការ​ពិគ្រោះ​យោបល់​លើ​គោលនយោបាយ​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​ (២)-​ អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មានវិទ្យា​ (៣)-​ បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មានវិទ្យា​សំរាប់​ទាំងអស់​គ្នា​ (៤)-​ ការ​ជំរុញ​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មានវិទ្យា​ក្នុង​អាជីវកម្ម​ (៥)-ការ​អភិវឌ្ឍន៍​មាតិកា​ និង​ការ​គ្រប់គ្រង​ចំណេះដឹង​ (៦)-​ គំនិត​ផ្ដួចផ្ដើម​អំពី​ e-Cambodia។​ ព័ត៌មាន​បន្ថែម​ www.ccs.org.kh ។​ សមាគម​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​កម្ពុជា​ (សបគពក) : សមាគមន​សមាជិកភាព​ នៃ​អង្គភាព​អាជីវកម្ម​វិស័យ​ បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​នៅ​កម្ពុជា​ មាន​សមាជិក​ជា​ក្រុមហ៊ុន​ អង្គការ​ ផ្នែក​បច្ចេកវិទ្យា គមនាគមន៍​ ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍។​ សមាគម​ មាន​ទស្សនៈ​ វិស័យ : កម្ពុជា​ដែល​មាន​ការ​អភិវឌ្ឍន៍​ ឧស្សាហកម្ម​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​ប្រកបដោយ​ចីរភាព។​ ព័ត៌មាន​បន្ថែម​ www.ictcam.org.kh

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ អង្គារ 12 Aug 2008