មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) បានឲ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ថា ខ្លួនបានរកឃើញថា មនប្រជាពលរដ្ឋប្រមាណ ៤៣% ដែលរស់នៅក្នុងឃុំគោលដៅចំនួន ៨៥ ស្ថិតក្រោមកម្មវិធីគាំទ្រកំណែទម្រង់រដ្ឋបាលមូលដ្ឋានល្អរបស់ USAIDដែលកំពុងអនុវត្តន៍ដោយអង្គការ PACT បានសម្ដែងអារម្មណ៍ថា ក្រុមប្រឹក្សាឃុំបានផ្ដល់អាទិភាពដូចអ្វីដែលពួកគេចង់បានដែរ។
ក្នុងរបាយការណ៍ស្ទង់មតិរបស់ខ្លួនដែលបានចែកដល់ក្រុមអ្នកសារព័ត៌មាននៅឯសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលខាងលើក៏បានបង្ហាញឲ្យដឹងដែរថា មានប្រជាពលរដ្ឋប្រមាណ ៦០% មានអារម្មណ៍ថា គេមានសេចក្ដីសុខជាងពីពេលមុន ប៉ុន្តែថា ទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅតែមានកម្រិតមិនទាន់ល្អនៅឡើយ។
លោក ហ៊ាន សុខុម ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់បានមានប្រសាសន៍ថា ការស្ទង់មតិនេះមិនសំដៅដល់ទង្វើអាក្រក់ ឬល្អរបស់ក្រុមប្រឹក្សាឃុំទេ ពោលគឺគ្រាន់តែចង់និយាយពីអ្វីដែលកំពុងមានក្នុងពេលសព្វថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើឲ្យប្រាកដថា តើគេគួរដើរទៅមុខទៀតដោយវិធីណាដែលអាចទទួលផលបានកាន់តែប្រសើរជាងនេះ។ លោក ហ៊ាន សុខុម បានថ្លែងថា៖ "គោលបំណងសំខាន់របស់យើងគឺចង់ឃើញលទ្ធផលដែលគេធ្វើអន្តរាគមន៍នៅក្នុងការអភិវឌ្ឍឃុំទាំងនោះថា តើទៅថ្ងៃមុខទៀតគេអាចនឹងមានការរីកចម្រើនជាផ្លែផ្កាយ៉ាងណា"។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៧ កម្មវិធីគាំទ្រកំណែទម្រង់រដ្ឋបាលមូលដ្ឋានល្អរបស់ USAID បានជ្រើសរើសយកខេត្តគោលដៅចំនួន ៨ ក្នុងចំណោមខេត្ត - ក្រុង ទាំង២៤ នៅទូទាំងប្រទេសដើម្បីជួយធ្វើឲ្យបានប្រសើរនូវកំណែទម្រង់មូលដ្ឋានក្នុងគោលដៅលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រកបដោយនិរន្ដភាពរវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ តាមរយៈការពង្រឹងការអនុវត្តការចូលរួម និងដំណើរការប្រជាធិបតេយ្យ។ ខេត្តទាំង ៨ នោះរួមមាន ខេត្តបាត់ដំបង តាកែវ ពោធិសាត់ កណ្ដាល កំពង់ធំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។
កញ្ញា យ៉ាន ធីតា នាយិកាផ្នែកវាយតម្លៃនៃអង្គការ Equal Access បានថ្លែងថា៖ "ខ្ញុំមិនគិតថា លទ្ធផលនៃការស្ទង់មតិនោះមានភាពវិជ្ជមានទាំងស្រុងទេ ពីព្រោះយើងនៅមិនទាន់ច្បាស់ថា តើអារម្មណ៍របស់អ្នកចូលរួមនោះ គាត់មានទំនុកចិត្តក្នុងការឆ្លើយទៅនឹងសំណួរបានត្រឹមកម្រិតណានៅឡើយ"។ កញ្ញាបានបន្ថែមថា៖ "យើងគិតថា ក្រុមប្រឹក្សាឃុំគួរតែមានការកែលម្អតទៅមុខទៀតទាក់ទងទៅនឹងការអនុវត្តអភិបាលកិច្ច ព្រោះថា បើគាត់នៅធ្វើដូចពេលបច្ចុប្បន្ននេះ គាត់នឹងពិបាកក្នុងការទទួលបានជោគជ័យនៅពេលអនាគតណាស់ ព្រោះថាលទ្ធផលនោះ ស្រង់ចេញតែពីឃុំគោលដៅប៉ុណ្ណោះមិនមែនពីឃុំទាំងអស់នៅទូទាំងប្រទេសទេ។ យើងយល់ស្របជាមួយការស្រាវជ្រាវនេះដែលថា ប្រជាជនមានការយល់ស្របច្រើនជាមួយក្រុមប្រឹក្សាឃុំ ប៉ុន្តែយើងក៏ត្រូវគិតថា អ្នកមិនមែនជាក្រុមឃុំគោលដៅក៏បានសម្ដែងមតិច្រើនដែរ"។
គួររម្លឹកថា តាមការស្ទង់មតិខាងលើបានបង្ហាញថា ឃុំមិនមែនគោលដៅ ប្រជាពលរដ្ឋពុំសូវមានការពេញចិត្តចំពោះការងាររបស់ក្រុមប្រឹក្សាឃុំទេ ពីព្រោះគេគិតថា ឃុំមិនបានឆ្លើយតបច្រើនដល់អ្វីដែលគេចង់បានជាអាទិភាពទេ។ ប្រទេសកម្ពុជាបច្ចុប្បន្នមានឃុំ - សង្កាត់ សរុបចំនួន ១ ៦២១ ក្នុងនោះឃុំ - សង្កាត់គោលដៅនៃការសិក្សា គឺមានចំនួនតែ ៨៥ ប៉ុណ្ណោះ។ នេះបើយោងតាមការរាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់។
លោក សូ សុខប៊ុនថេត មន្ត្រីកម្មវិធីនៃអង្គការមូលនិធិអាស៊ីបានឲ្យដឹងថា ដំណើរការប្រជាធិបតេយ្យនៅក្នុងក្រុមប្រឹក្សាឃុំនឹងបោះជំហានឆ្ពោះទៅមុខ ប៉ុន្តែចាំបាច់គេត្រូវការពេលវេលាដ៏សមស្របមួយមិនអាចឆាប់ដូចដែលយើងបានឃើញនោះទេ។ លោក សូ សុខប៊ុនថេត បានមានប្រសាសន៍ថា៖ "ខ្ញុំគិតថា លទ្ធផលនៃការស្រាវជ្រាវនេះមានសារៈសំខាន់ ពីព្រោះវាអាចផ្ដល់ព័ត៌មានឲ្យយើងទាក់ទងទៅនឹងគំនិតនៃការយល់ឃើញរបស់ប្រជាពលរដ្ឋទៅនឹងសកម្មភាពនៃការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ ក៏ដូចជាឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ក្រុមប្រឹក្សាឃុំចំពោះតួនាទីរបស់ខ្លួនឆ្លើយតបទៅនឹងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋផងដែរ"៕

