ភ្នំពេញ៖ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានបើកវេទិកា សំណួរចម្លើយរវាងគ្រូ និងសិស្ស ប្រមាណជាង២០០នាក់ ក្នុងអត្ថន័យនៃក្ដីស្រលាញ់។
ឆ្លងតាមរយៈនៃវេទិកា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានបញ្ជាក់ទៅកាន់សិស្សានុសិស្សថា ជារៀងរាល់ឆ្នាំបាន ធ្វើឲ្យយុវជនមួយចំនួនកំពុងតែច្រឡំ ដោយបង្វែរអត្ថន័យទិវានៃក្ដីស្រឡាញ់ឲ្យទៅជាសកម្មភាពពពាក់ពពូន មិនសមស្របប្រាសចាកពីសីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងនោះបានបង្ហាញពីទិដ្ឋភាព ទាំងគូៗ ឌុបគ្នា ឈូឆរ ទៅវិញទៅមកដោយសម្ដែងនូវភាពជ្រួលជ្រើមរវាងដៃគូស្នេហារបស់ ពួកហើយសិស្សភាគច្រើនអវត្តមាននៅក្នុងសាលារបស់ពួកគេ។
ភាពកង្វល់របស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនេះ បានឲ្យដឹងទៀតថា ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតថ្ងៃបុណ្យនៃក្ដីស្រឡាញ់ នាពេលខាងមុខនេះ គឺនៅតាមផ្ទុះសំណាក់មួយចំនួនមានសភាពអ៊ូអរគួរឲ្យភ័យខ្លាច។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបែបនេះ ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធបានសហការគ្នារៀបចំប្រមូលមតិយោបល់ពីយុវជនមួយចំនួន ដើម្បីរៀបចំរឿងខ្លីទប់ស្កាត់រាល់ទង្វើខុសឆ្គងដែលយុវវ័យមួយចំនួនកំពុងតែងតែប្រព្រឹត្ត។
ក៏ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត ខៀវ សិរីវុឌ្ឍា អ្នកសម្របសម្រួលកម្មវិធីក៏បានបញ្ជាក់ ឲ្យដឹងដែរថា បើតាមការស្រាវជ្រាវពីប្រវត្តិទៅតាមប្រទេសជាច្រើន បានបង្ហាញនូវអត្ថន័យ ប្រហាក់ប្រហែលគ្នានូវទឹកចិត្តការស្រឡាញ់ចំពោះអ្នកដែលយើងស្រឡាញ់មិនសំដៅតែដៃគូស្នេហានោះទេ គឺអ្នកដែលរស់នៅជុំវិញខ្លួនយើង។
លោកស្រី អ៊ឹង កន្ថាផាវី ក៏បានសង្កត់ធ្ងន់ឲ្យក្មួយៗ យុវវ័យដឹងថា ទំនៀមទម្លាប់ប្រពៃណីខ្មែរក៏មានក្ដីស្រឡាញ់នេះដែរ ក៏ប៉ុន្តែក្មួយៗមិនសូវចាប់អារម្មណ៍។ យុវវ័យគឺជាទំពាំងស្នងឫស្សី និងជាគ្រាប់ពូជដ៏សំខាន់សម្រាប់បណ្ដុះគំនិតប្រាជ្ញាស្មារតី ក្នុងការអភិវឌ្ឍន៍ខ្លួនឯងគ្រួសារ និងសង្គមជាតិ។
ការអភិវឌ្ឍន៍ប្រទេសពឹងអាស្រ័យទៅលើធនធានមនុស្សដោយផ្សាភ្ជាប់សីលធម៌របស់នៅល្អ បើមានចំណេះដឹងហើយគ្មានសីលធម៌នោះទេ ក៏មិនអភិវឌ្ឍន៍ខ្លួនឯងបានឡើយ។
លោកនាយកវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានឲ្យដឹងថា តម្លៃនៃវេទិកានេះពិតជាធ្វើឲ្យយុវជនបានយល់ច្បាស់ ហើយរួមគ្នាកែប្រែ រាល់ទស្សនៈឥរិយាបថ និងអត្តចរិតអវិជ្ជមានកន្លងមកដែលយុវវ័យបានប្រព្រឹត្តនាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះឲ្យសមស្របតាមក្រមសីលធម៌ប្រពៃណី និងទំនៀមទម្លាប់ដើម្បីលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរបានឲ្យបានផូរផង់ជាដរាប៕





