ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១០ នៅស្នងការដ្ឋានខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងស្វែងយល់ពីបញ្ហាការធ្វើអាជីវកម្មលើបច្ចេកវិទ្យាទូរគមនាគមន៍នៅស្នងការដ្ឋានខេត្តដែលអញ្ជើញជាតិអធិបតីក្នុងពិធីនោះមានលោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីប៉ូលិសគ្រប់ប៉ុស្តិ៍ និងអាជីវកម្មជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ឃួន ប៊ុនហួន ស្នងការរងទទួលផែនសន្តិសុខនៃស្នងការរងទទួលផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត បានមានមតិថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអាជីវករទាំងអស់ដែលធ្វើអាជីវកម្មលើទូរគមនាគមន៍ (លក់កាត និងទូរស័ព្ទ) យល់ដឹងដើម្បីបានចូលរួមជាមន្ត្រីប៉ូលិសក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការប្រើទូរស័ព្ទដោយគ្មានអត្តសញ្ញាណហើយបង្កបទល្មើសក្នុងសង្គម។
លោកវរសេនីយ៍ត្រី ឈុន ច័ន្ទតារា ប្រធានការិយាល័យសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអាចសារាចរអន្តរក្រសួងលេខ ០០១ ចុះថ្ងៃទី៨ កក្កដា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍គ្រប់ប្រភេទ គឺស្ដីអំពីសំណុំបែបបទអតិថិជនប្រើប្រាស់សម្រាប់ជាវបណ្ដាញទូរគមនាគមន៍គ្រប់ប្រភេទ ក្នុងនោះសម្រាប់អតិថិជនសញ្ជាតិខ្មែរត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងមានសុពលភាព ឬត្រូវប្រើប្រាស់លិខិតសំគាល់ខ្លួនចំពោះមន្ត្រីរាជការគ្រប់ប្រភេទ ឬសង្ឃដីកា ចំពោះព្រះសង្ឃ។ ដោយឡែក អនីតិជន (ជនមិនគ្រប់អាយុ) ពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានការធានាពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលឲ្យបានត្រឹមត្រូវដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណឪពុកម្ដាយ ឬអាណាព្យាបាល។ ក្រៅពីឯកសារដែលបានកំណត់ខាងលើ មិនត្រូវបានទទួលស្គាល់សម្រាប់ប្រើប្រាស់ភ្ជាប់ជាវបណ្ដាញសេវាកម្មទូរគមនាគមន៍គ្រប់ប្រភេទជាដាច់ខាត។
លោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ បានមានមតិសំណេះសំណាលជាមួយក្រុមអាជីវករលើបញ្ហាបច្ចេកវិទ្យាទូរគមនាគមន៍ដែលចូលរួមដោយលោកឧត្ដមសេនីយ៍ ជំរុញឲ្យមន្ត្រីប៉ូលិសតាមមូលដ្ឋានធ្វើយ៉ាងណាត្រូវអនុវត្តន៍សារាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍គ្រប់ប្រភេទ។ រយៈពេលកន្លងមក ដោយមានការចូលរួមបានល្អតាមបទពិសោធន៍ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសកន្លងមកបានកត់សំគាល់ឃើញថា មានពួកឧក្រិដ្ឋជន និងជនទុច្ចរិតបានប្រើប្រាស់មធ្យោបាយតាមបច្ចេកវិទ្យាទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពភេរវកម្មឆ្លងដែន អំពើឆក់ប្លន់ ចាប់មនុស្សជំរិតទារប្រាក់ អំពើឃាតកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចលួចដំឡើង និងធ្វើអាជីវកម្មលើប្រព័ន្ធទូរគមនាគមន៍ខុសច្បាប់គ្រប់ប្រភេទការបញ្ជូនផ្សព្វផ្សាយរូបភាពអាសអាភាស និងអំពើអនាចារផ្សេងៗទៀត៕





