ភ្នំពេញ៖ ក្រៅពីផ្សារមូលបត្រប្រទេសកម្ពុជាកំពុងបានណែនាំឲ្យស្គាល់នូវ "ផ្សារសញ្ញាប័ណ្ណរដ្ឋ" មួយទៀតដែលក្នុងវិស័យនេះផ្សារមូលបត្រត្រូវបានជួយរៀបចំបង្កើតដោយប្រទេសកូរ៉េ ហើយផ្សារសញ្ញាប័ណ្ណរដ្ឋត្រូវបានជួយដោយប្រទេសជប៉ុន។ កាលពីថ្ងៃអង្គារទី៣០មិថុនាឆ្នាំ២០០៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនបានរៀបចំធ្វើសិក្ខាសាលាមួយដើម្បីហៅមន្ត្រីស្ថាប័ននានាមានគ្រឹះស្ថានអប់រំផងឲ្យមកស្វែងយល់អំពី "ផ្សារសញ្ញាប័ណ្ណរដ្ឋ" ទាំងអំពីអត្ថប្រយោជន៍និងការវិនិយោគទៅលើវា។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងប្រាប់សិក្ខាកាមថា ដំណើរការអភិវឌ្ឍន៍ទីផ្សារសញ្ញាប័ណ្ណរដ្ឋនៅកម្ពុជា កំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិហើយថា ការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋនឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃធនធានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់គម្រោងអភិវឌ្ឍន៍របស់រដ្ឋ។
លោកមានប្រសាសន៍ថា និយាយបែបនេះ ពុំមែនមានន័យថា រដ្ឋាភិបាលនឹងប្រើប្រាស់យន្តការទីផ្សារសញ្ញាប័ណ្ណរដ្ឋ ដើម្បីកៀរគរហិរញ្ញប្បទានជំនួសឲ្យប្រើប្រាស់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទេ ហើយក៏ពុំមែនមានន័យថា រដ្ឋាភិបាលនឹងប្រើប្រាស់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ជារហូតនោះដែរ។ លោកមានប្រសាសន៍ថា មូលបត្ររដ្ឋនឹងជួយជាប្រភពហិរញ្ញប្បទានបម្រុងដ៏សំខាន់មួយសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល។
លោក គាត ឈន់ មានប្រសាសន៍ឲ្យដឹងថា ជាទ្រឹស្ដីទីផ្សារសញ្ញាប័ណ្ណរដ្ឋនឹងជួយលើកតម្កើងការអភិវឌ្ឍន៍ផ្សារទុនរបៀបច្រើនយ៉ាងហើយដែលសំខាន់បំផុតនោះ ទីផ្សារនេះនឹងជំរុញឲ្យមានការបង្កើតនូវខ្សែកោងទិន្នន័យគ្មានហានិភ័យមួយ ដោយដើរតួជាបទដ្ឋានប្រៀបធៀបសម្រាប់វិស័យឯកជន និងអ្នកបោះផ្សាយសញ្ញាប័ណ្ណដែលគ្រប់គ្រងដោយរដ្ឋ។ លោកមានប្រសាសន៍ដែរថា ការបោះផ្សាយសញ្ញាប័ណ្ណ នឹងបង្កើនសក្ដានុពលនៃចំនួនអ្នកវិនិយោគនិយាយឲ្យចំគឺអ្នកទិញសញ្ញាប័ណ្ណនឹងមានចំនួនកាន់តែច្រើនឡើងៗ ដោយសារថាតម្លៃចារឹកនៃសញ្ញាប័ណ្ណមានទំហំតូចហើយតាមរយៈនេះអ្នកបោះផ្សាយនឹងទទួលបានមូលនិធិដែលមានទំហំសម្រាប់គាំទ្រគម្រោងវិនិយោគរយៈកាលវែងរបស់ខ្លួន តាមរយៈការកេណ្ឌប្រមូលមូលនិធិពីប្រាក់សន្សំតូច និងធំគ្រប់មជ្ឈដ្ឋាន។
លោកបានឲ្យដឹងដែរថា បច្ចុប្បន្នការអភិវឌ្ឍន៍ទីផ្សារសញ្ញាប័ណ្ណរដ្ឋនៅកម្ពុជា ស្ថិតក្នុងដំណាក់កាលនៃការរៀបចំក្របខ័ណ្ឌបទបញ្ញត្តិការកសាងធនធានមនុស្សនិងស្ថាប័ននិងការអប់រំចំណេះដឹងសាធារណៈអំពីដំណើរការទីផ្សារនេះ៕





