ប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ជនពិការ និងយោធិនកាត់រំសាយនៅក្នុងខេត្តប៉ៃលិនប្រមាណ២៣២នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈជំនាញរយៈពេល៤ខែ ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ។
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញនេះ បានរៀបចំធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាមពុកក្រោម សង្កាត់ទទួលល្វាខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ ក្រោមអធិបតីភាពលោក ម៉ី មគ្គ អភិបាលខេត្តប៉ៃលិន។
លោក ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺចង់ឲ្យសិក្ខាកាមទាំងអស់មានចំណេះជំនាញផ្ទាល់ខ្លួន ហើយអាចយកចំណេះដឹងនេះទៅធ្វើជារបរកស៊ីចិញ្ចឹមជីវិត និងជួយរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារផងដែរ។ លោកអភិបាលរងបន្តថា ក្រោយពីបង្កបង្កើនផល ហើយទំនេរយើងមានជំនាញដែលបានមកពីរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចយកទៅរកស៊ីបាន។





