រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារទី៣០ ខែមិថុនាឆ្នាំ២០០៩ វេលាម៉ោង៨និង៥នាទីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ អង្គសភាមានកូរ៉ុមចំនួន៩១រូប។
របៀបវារៈមាន:
ពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារតាមជំរើសនៃអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ។
ពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាស្ដីពីការផ្ទេរទណ្ឌិត។
អង្គសភាបានអនុម័តទទួលយករបៀបវារៈទាំង២ខាងលើមកពិភាក្សាដោយសម្លេង៩៥/៩៥។
១- អត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពីការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារតាមជំរើសនៃអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ មាន២មាត្រា ត្រូវបានលោកជំទាវ ហូ ណូន ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភា។
សមាសភាពតំណាងរាជរដ្ឋាភិបាលអញ្ជើញមកការពារសេចក្ដីព្រាងច្បាប់ មានលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងសហការី។
នៅវេលាម៉ោង១០ និង៤១នាទី សម្លេងអនុម័តលើមាត្រា១ មាន៩៤លើ៩៦ នៅវេលាម៉ោង១០និង៤៣នាទី សម្លេងអនុម័តលើមាត្រា២ មាន៩៤លើ៩៦ នៅវេលាម៉ោង១០និង៤៤នាទី សម្លេងអនុម័តលើខ្លឹមសាររួម មាន៩៣លើ៩៦។
២- ការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ស្ដីពីការផ្ទេរទណ្ឌិត។
អត្ថបទសេចក្ដីព្រាងច្បាប់នេះ មាន២មាត្រា ត្រូវបានលោក អ៊ុន នីង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភា។ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងរាជរដ្ឋាភិបាល និងសហការី ជាអ្នកការពារសេចក្ដីព្រាងច្បាប់។
នៅវេលាម៉ោង១២និង៤៨នាទី សម្លេងអនុម័តលើមាត្រា១ មាន៩៣លើ៩៣។ នៅវេលាម៉ោង១២និង៥០នាទី សម្លេងអនុម័តលើមាត្រា២ មាន៩២លើ៩៣។ នៅវេលាម៉ោង១២និង៥១នាទី សម្លេងអនុម័តលើខ្លឹមសាររួម មាន៩២លើ៩៣ អង្គសភាបានផ្អាកការងារប្រជុំនៅវេលាម៉ោង១២និង៥៤នាទីនាថ្ងៃខែឆ្នាំដដែល៕





