- នៅពេលការធ្វើពាណិជ្ជកម្មខ្វះក្រមសីលធម៌ កម្ពុជាក្លាយទៅជាប្រទេសនៃគ្រឿងស្រវឹង
ភ្នំពេញ៖ ការនិយមទទួលទានស្រាបៀ និងស្រាបានកើនឡើង ជាលំដាប់នៅពេលបណ្ដាញផ្សព្វផ្សាយនៅកម្ពុជាបើកចំហដោយសេរីនូវការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ដែលមានការបំប៉ោងលើសពីការរំពឹងគិត។
មន្ត្រីជំនាញសុខាភិបាលមួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខ្ញុំឲ្យសួរទៅអ្នកផ្សាយពាណិជ្ជកម្ម គេកំពុងរិះគន់ខ្លាំងមែនទែន។ អស្ចារ្យយ៉ាងហើយ! ខ្ញុំអត់ដឹង ធ្វើយ៉ាងម៉េចនោះទេ»។ មន្ត្រីរូបនោះបានបន្តថា «ខ្ញុំគិតថា គ្រប់មជ្ឈដ្ឋានរួមទាំងអ្នកផ្សាយគួរតែគិតថា ការផ្សព្វផ្សាយមានប្រយោជន៍អី ប៉ះពាល់ដល់អ្នកណា»។
មន្ត្រីដដែលបាននិយាយដោយខឹងសម្បាថា «ការផ្សាយបានលុយ គេត្រូវការលុយចូលគេមិនគិតពីសុខភាពប្រជាជនទេ ការផ្សាយពន្លើសពីអ្វីជាការពិតគឺប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ»។
លោកវេជ្ជបណ្ឌិត លឹម ថៃហាង ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលយើងបានកំពុងអនុវត្តគោលនយោបាយ និងសេចក្ដីណែនាំទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនោះ។
លោកបានបន្តថា «ការផ្សព្វផ្សាយទាំងនោះគួរគិតពីសុខភាពប្រជាពលរដ្ឋ មិនត្រូវផ្សាយលើសពីការពិតនោះទេ។ ការផ្សាយគួរស្ថិតក្នុងកម្រិតណាមួយដើម្បីលក់ដាច់ ប៉ុន្តែកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ»។
លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណាការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយអាចធ្វើឲ្យបាយឆ្ងាញ់ ប៉ុន្តែបើលើសធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ។
លោកវេជ្ជបណ្ឌិត កែវ ពេជ្រសុវណ្ណ អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និយាយថា ពេលគ្រឿងស្រវឹងចូលក្រពះ ថ្លើមបានសំយោគ៩០ភាគរយ ហើយរាល់ជាតិពុលបញ្ចេញតាមការដកដង្ហើម ទឹកនោម ញើស នឹងធ្វើឲ្យខួរក្បាលមនុស្សប្រែប្រួល ដោយរាងកាយចុះខ្សោយ រលាកក្រពះ បាត់ការចងចាំ រលាកសរសៃប្រសាទ ញ័រដៃ ញ័រជើង ខ្លាញ់ក្នុងឈាម ឈាមឡើង សាច់ដុំចុះខ្សោយ លំពែងចុះខ្សោយ.... បង្កហិង្សាក្នុងគ្រួសារ។
អ្វីដែលជាប្រតិកម្មពីសំណាក់យុវវ័យនោះ កញ្ញា ពុទ្ធី រ័ត្ន អ្នកសម្របសម្រួលក្រុមប្រឹក្សាយុវជនកម្ពុជាបាននិយាយថា ការទទួលទានស្រាបៀ និងស្រា កើតមានគ្រប់កន្លែងដែលអ្នកទទួលទានភាគច្រើនជាបុរស។ កញ្ញាបានបន្តថា មូលហេតុដែលចូលចិត្តទទួលទាន បុរសគិតថាពេលជួបគ្នាយកស្រាមកផឹក ដើម្បីសប្បាយ ប៉ុន្តែយើងអាចយកការជជែកគ្នាលេង និងការពិភាក្សាបញ្ហាអ្វីមួយជាការសប្បាយជំនួសស្រាវិញ។
កញ្ញា រ័ត្ន បានបន្ថែមថា «ការប្រើប្រាស់គ្រឿងស្រវឹង មិនមែនជាការប្រសើរនោះទេ ព្រោះថាការទទួលទានជ្រុលអាចបង្កឲ្យមានអំពើហិង្សា អាចមានគ្រោះថ្នាក់នៅពេលបើកបរ ព្រោះនៅពេលគាត់ស្រវឹង ធ្វើឲ្យបាត់បង់ការគ្រប់គ្រងខ្លួនឯង»។
និយាយដល់ការកើនឡើងនៃយុវជនសេពគ្រឿងស្រវឹងនោះ កញ្ញា ពុទ្ធី រ័ត្នបានឲ្យដឹងថា «ខ្ញុំមានឃើញនូវនិន្នាការកើនឡើងនូវក្រុមយុវជនផឹកគ្រឿងស្រវឹងនៅទីក្រុង និងនៅតាមបណ្ដាខេត្តមួយចំនួនដែលពួកគេភាគច្រើនអាយុក្រោម៣០ឆ្នាំ»។
ការទទួលទានគ្រឿងស្រវឹងត្រូវបានរាយការណ៍ជាច្រើន នៅក្នុងគ្រោះថ្នាក់ចរាចរតាមដងផ្លូវនៅក្នុងប្រទេសស្ទើរតែរៀងរាល់ថ្ងៃ។
លោក មាស ចាន់ឌី មន្ត្រីកម្មវិធីសុវត្ថិភាពចរាចរនៃអង្គការជនពិការអន្តរជាតិបែលហ្ស៊ិក បានមានប្រសាសន៍ឲ្យដឹងថា កាលពីឆ្នាំ២០០៨ អ្នកបើកបរដោយមានទទួលទានគ្រឿងស្រវឹងមានរបួសចំនួន២៥,៧៩៦នាក់ និងស្លាប់១,៦៣៨នាក់ ក្នុងនោះបង្កដោយគ្រឿងស្រវឹងមានចំនួន១៤ភាគរយស្មើ១,៤៨៨លើក។
លោកបានបន្តថា ចំណែកអ្នករងគ្រោះដោយជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងមានចំនួន៣,៤២០នាក់ ដែលរងគ្រោះស្លាប់ និងរបួស។ លោកបានបន្ថែមថា អ្នកដែលជិះម៉ូតូដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងមានចំនួន៣,១៤៧នាក់ និងអ្នកបើកបររថយន្តមានពាក់ព័ន្ធគ្រឿងស្រវឹងមានចំនួន១៥៤ករណី។ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌល PDP-Center ថ្លែងថាតាមការស្រាវជ្រាវដោយអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋនៅខេត្ត-រាជធានី៧នៃប្រទេសកម្ពុជាបានរកឃើញថា ការស្រង់ស្ថិតិលើមនុស្ស ១,៤០០នាក់ គឺមួយគ្រួសារត្រូវចំណាយលុយលើគ្រឿងស្រវឹងពី១,១០០-៥,០០០រៀលក្នុងមួយថ្ងៃ ក្នុងនោះយុវវ័យនៅក្នុងចន្លោះអាយុ១៨ទៅ២៥ឆ្នាំ ចំនួន៥៨ ភាគរយដែលពួកគេកំពុងសិក្សាផងបានប្រើប្រាស់គ្រឿងស្រវឹង។
ជួបជាមួយក្រុមយុវជនដែលនិយមគ្រឿងស្រវឹង និងមិននិយមពួកគេមានការចាប់អារម្មណ៍យ៉ាងណាពីបញ្ហានេះ។ យុវជន គង់ វិចិត្រ ដែលរៀននៅវិទ្យាល័យបឹងត្របែក បាននិយាយថា ខ្ញុំធ្លាប់ផឹកគ្រឿងស្រវឹងដូចជាស្រា ប៊ីយែរម្ដងម្កាលដែលពេលមានពិធីជួបជុំមិត្តភ័ក្ដិ ប៉ុន្តែវាមិនធ្វើឲ្យខ្ញុំញៀននោះទេ។
យុវជនរូបនោះបានទទួល ស្គាល់ថា ធ្លាប់មានពេលស្រវឹងយូរៗម្ដង ប៉ុន្តែមិនដែលមានគ្រោះថ្នាក់នៅពេលបើកបរនោះទេ ព្រោះខ្លួនគេតែងតែប្រុងប្រយ័ត្នជានិច្ចនៅពេលស្រវឹង។
គង់ វិចិត្របានបន្តថា ការផឹកស្រា មិនស្រួលនោះទេ តែវាសប្បាយនៅពេលជួបមិត្តភ័ក្ដិ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ពេលផឹកស្រវឹងខ្លាំងម្ដងៗ អាចធ្វើឲ្យខូចសុខភាព ព្រោះពេលស្រវឹងម្ដងៗខណៈពេលស្វាងធ្វើឲ្យឈឺក្បាល ឬក្រពះជាដើម។
ប៉ិច ចន្ថា និស្សិតមួយរូបដែលអះអាងថា សិក្សានៅសកលវិទ្យាល័យបញ្ញាសាស្ត្រ បាននិយាយឲ្យដឹងថា «ខ្ញុំគិតថា គ្រឿងស្រវឹងមិនមែនជារឿងប្លែកនោះទេ ហើយសម្រាប់យុវជនមិនមែនតែខ្មែរទេ ទាំងបរទេសក៏និយមដែរ ប៉ុន្តែសំខាន់អ្នកទទួលទានអាចគិតថាផឹកកម្រិតណាអាចគ្រប់គ្រងខ្លួនឯងបាន ដើម្បីបង្ការគ្រោះថ្នាក់។
ប៉ិច ចន្ថា បានអះអាងថា ខ្លួនមិនដែលគ្រោះថ្នាក់ចរាចរដោយសារគ្រឿងស្រវឹងនោះទេ ប៉ុន្តែមិត្តភ័ក្ដិគេធ្លាប់ជួបគ្រោះថ្នាក់ចរាចរ។
ស៊ិន នារីរតន៍ រៀននៅវិទ្យាល័យទទួលទំពូង បាននិយាយឲ្យដឹងថា នាងមិនដែលទទួលទានគ្រឿងស្រវឹងទេ ប៉ុន្តែនាងធ្លាប់ឃើញមិត្តភ័ក្ដិរៀនសាលាជាមួយគ្នាផឹក។ នាងបាននិយាយបន្តថា សម្រាប់ប្រពៃណីខ្មែរស្ត្រីផឹកស្រាមិនល្អនោះទេ ហើយស្រាមិនមានអ្វីឆ្ងាញ់នោះទេតាមមើទៅ។
ស៊ិន នារីរតន៍ បានបន្ថែមថានាងឃើញស្ទើររាល់ថ្ងៃនូវក្រុមយុវជនផឹកគ្រឿងស្រវឹង ហើយឪពុកម្ដាយរបស់នាងក៏ធ្លាប់ផឹកគ្រឿងស្រវឹងពេលដែលគាត់ជួបជុំមិត្តភ័ក្ដិគាត់។
កញ្ញា អ៊ួង រស្មី អនុប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យនិយាយថា សេពគ្រឿងស្រវឹងនាំឲ្យមនុស្សប្ដូរឥរិយាបថ ដូចពាក្យតំណាលខ្មែរបុរាណដែលថា៖ ១-ស្រាយចិញ្ចើម ២-សម្បើមយក្ស ៣-អារក្សធំ ៤-រងំចិត្ត ៥-រហិតខ្លួន ៦-ស្ងួនចំណី ៧-សម្ដីខ្មោច ៨-អសោចកេរិ៍ ៩-ចង្អេរបក់ ១០-បន្តក់ទឹក.... ដែលបញ្ជាក់ផលវិបាកនៃការប្រើគ្រឿងស្រវឹង៕





