មន្ត្រីក្រសួងសុខាភិបាលនៅក្នុងប្រទេសកម្ពុជាបានថ្លែងឲ្យដឹងថា ក្រុមនិស្សិតអាមេរិកាំងដែលធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់ប្រទេសកម្ពុជាដែល៤នាក់ក្នុងចំណោមពួកគេត្រូវបានពិនិត្យឃើញថា មានករណីឆ្លងជំងឺគ្រុនផ្ដាសាយ A/H1N1 នោះ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយមានសេរីភាពបន្ទាប់ពីវេជ្ជបណ្ឌិតបានបង្ហាញពីលទ្ធផលថា ក្រុមនិស្សិតអាមេរិកាំងទាំងនេះមិនមានករណីឆ្លងជំងឺគ្រុនផ្ដាសាយ A/H1N1 នេះទេ។
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មាន "ដើមអម្ពិល" តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៩ថា "ចំពោះក្រុមនិស្សិតទាំងនោះ មិនមានករណីឆ្លងជំងឺ A/H1N1 នេះទេ ហើយយើងបានអនុញ្ញាតឲ្យពួកគាត់ចាកចេញពីកន្លែងដែលយើងបានដាក់ពួកគាត់ដាច់ដោយឡែកពីគេ ហើយពួកគាត់មានលក្ខណៈធម្មតាដូចជាមនុស្សទូទៅដោយពុំមានករណីឆ្លងជំងឺនេះទេ"។
លោក លី សុវណ្ណ បានបន្តទៀតថា "ឥឡូវនេះគឺយើងអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរទៅទីណាក៏បានដែរ ពុំមានបញ្ហានោះទេ"។
គួរបញ្ជាក់ថា បើយាងតាមមន្ត្រីក្រសួងសុខាភិបាលដដែលនេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី០១ខែកក្កដាឆ្នាំ២០០៩ មានមនុស្សចំនួន៦នាក់បានឆ្លងជំងឺគ្រុនផ្ដាសាយ A/H1N1នៅក្នុងប្រទេសកម្ពុជាក្នុងនោះរួមមាននិស្សិតជនជាតិអាមេរិកាំងចំនួន៤នាក់ ជនជាតិហ្វីលីពីនម្នាក់ និងជនជាតិកម្ពុជាម្នាក់ ប៉ុន្តែពួកគេទាំងនេះ បានទទួលការព្យាបាលជាសះស្បើយឡើងវិញហើយ ពីក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត។
ក្រសួងសុខាភិបាលនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ពីលទ្ធផលនៃការឆ្លងជំងឺគ្រុនផ្ដាសាយA/H1N1 នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ បន្ទាប់ពីមាននិស្សិតមួយក្រុមមកពីសហរដ្ឋអាមេរិក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ហើយបន្ទាប់មកនិស្សិតម្នាក់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជននៅថ្ងៃទី២២ ខែមិថុនាហើយលទ្ធផល នៃការធ្វើតេស្ដពិសោធន៍បានបង្ហាញនៅថ្ងៃទី២៣ ខែមិថុនា បន្ទាប់មកទើបក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី២៤ ខែមិថុនាថា និស្សិតរូបនេះពិតជាបានឆ្លងនូវជំងឺគ្រុនផ្ដាសាយ A/H1N1 ពិតប្រាកដមែន ប៉ុន្តែត្រូវបានទទួលការព្យាបាលភ្លាមៗពីក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់មកនៅថ្ងៃទី២៥ ខែមិថុនា មាននិស្សិត៣នាក់ទៀតក្នុងចំណោមនិស្សិតទាំងអស់ ត្រូវបានបញ្ជាក់ថា មានករណីឆ្លងជំងឺគ្រុនផ្ដាសាយ A/H1N1។ ដោយឡែកករណីឆ្លងចុងក្រោយបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ទៅលើមនុស្ស២នាក់ ដែលម្នាក់ជាជនជាតិកម្ពុជា ប៉ុន្តែពួកគេទាំង៦នេះត្រូវបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត៕





