ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

30-06-2009 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នៅ​ពេល​ថ្មីៗ​នេះ ទាំង​ស្ថាប័ន​ស្ថាប័ន​រដ្ឋ​ និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​នានា​បាន​​បង្កើត​ចលនា​មួយ​រួមគ្នា​មួយ ដើម្បី​ជំរុញ​​លើក​ទឹក​ចិត្ត​​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រែប្រួល​ទម្លាប់ ឬក៏​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​​ដល់​ក្រុម​គ្រួសារ​នៅ​ឯ​មូលដ្ឋាន។

ចលនា​នេះ​មាន​គោលដៅ​សំខាន់​ចង់​ឲ្យ​ស្ត្រី​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​មុន​សម្រាល​និង​ក្រោយ​ពេល​សម្រាលកូន ហើយ​ជំរុញ​ឲ្យ​ពួកគេ​ទៅ​សម្រាល​កូន​នៅ​ឯ​មណ្ឌល​​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​។ ជាង​នេះ​ទៅ​ទៀត ចលនា​នេះ​ក៏​ចង់​ណែនាំ និង​ពន្យល់​ដល់​មាតា​ពី​ការ​នាំ​កូន​ទៅ​ទទួល​វ៉ាក់សាំង​​ឲ្យ​បាន​​គ្រប់​ចំនួន ពី​ការ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​តាម​បច្ចេកទេស​ទំនើប ពី​ការ​ពិនិត្យ​​​កំហាក​រក​មេរោគ​របេង និង​ពី​ការពារ​​ការ​ចម្លង​មេរោគ​ផ្សេងៗ​ពី​ម្ដាយ​ទៅ​កូន ព្រមទាំង​ចេះ​ជជែក​គ្នា​ពី​បញ្ហា​អេដស៍​នៅ​ក្នុង​គ្រួសារ ដែល​បញ្ហា​អេដស៍​នេះ​នៅ​តែ​ជា​ជា​បញ្ហា​ក្ដៅ​ដដែល​នៅ​ក្នុង​សង្គម

នេះ​ជា​ចលនា​មួយ​ដែល​ត្រូវ​តែ​លើកស្ទួយ និង​គាំ​ទ្រ​ឲ្យ​មាន​សកម្មភាព​កាន់​តែ​ច្រើន​ឡើង​ថែមទៀត ដើម្បី​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដល់​សមាជិក​គ្រួសារ ក៏ដូចជា​ក្នុង​គ្រួសារ​ទាំង​មូល​ដែរ។

កន្លង​មក មិន​ថា​ឡើយ​នៅ​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​ប៉ុណ្ណោះ​នោះ​ទេ សូម្បី​តែ​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន​ក្រុង​ខ្លះ​ ក៏​យើង​សង្កេត​ឃើញ​ថា មាន​សមាជិក​គ្រួសារ​ជាច្រើន ពិសេស​សមាជិក​ជា​ស្រី​ដែល​មាន​ជីវភាព​ក្រីក្រ​គ្មាន​ឱកាស​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​នោះ​ទេ ហើយ​ក៏​មាន​ស្ត្រី និង​កុមារ​ជា​ច្រើន​នាក់​ទៀត​គ្មាន​ឱកាស​ទទួល​សេវា​សុខភាព​តែ​ម្ដង។

បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​​បុគ្គលិក​​សុខាភិបាល​​​មាន​ជំនាញ​មាន​ត្រឹម​តែ ៤៤ ភាគរយ ដែល​បណ្ដាល​ឲ្យ​អត្រា​ស្លាប់​​របស់​មាតា​​មាន​ដល់ ២៧២ នាក់​ ក្នុង​ចំណោម​ទារក​កើត​​មួយ​សែន​នាក់ ហើយ​នេះ​ជា​អត្រា​គ្រោះថ្នាក់​​ខ្ពស់​ជាង​ប្រទេស​អាស៊ី​ដទៃ​ទៀត​​នៅ​ក្នុង​តំបន់។

ជា​ការពិត មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ខាង​លើ​នា​សតវត្ស​ទី ២១ នេះ ដែល​ពិភពលោក​កំពុង​តែ​មមាញឹក​នឹង​ការ​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​លើ​វិស័យ​នានា ទាំង​ផ្នែក​សុខភាព ទាំង​ផ្នែក​សង្គម ក៏​ដូច​ជា​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​គោល​បំណង​តែ​មួយ​គឺ​អភិវឌ្ឍន៍ និង​សុខុមាលភាព។

កត្តា​ទាំងនោះ​ទំនង​ជា​មក​ពី ទី​មួយ​គឺ​ភាព​ក្រីក្រ​ទាំង​ពលរដ្ឋ ទាំង​ស្ថាប័ន​រដ្ឋ។ ខណៈ​ដែល​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​អ្នក​រស់នៅ​តាម​តំបន់​ជនបទ​កំពុង​តែ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក រដ្ឋ​គ្មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​មណ្ឌល​សុខភាព​ឲ្យ​ពួក​គេ។ មែន​ហើយ នៅ​ក្នុង​តំបន់​មួយ​ចំនួន​គឺ​មាន​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ដែរ ប៉ុន្តែ​ទី​កន្លែង​ទាំង​នោះ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​សុក្រឹត ឬ​មាន​ភាព​ច្បាស់លាស់​គួរ​ឲ្យ​ទុក​ចិត្ត​បាន ហើយ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទាន់​ពេលវេលា​បាន​ដែរ។ ជាង​នេះ​ទៅ​ទៀត មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ជា​ច្រើន​នៅ​ឯ​មូលដ្ឋាន​គ្មាន​រថយន្ត​សង្គ្រោះ​អ្នក​ជំងឺ ឬ​ហៅ​ថា​ឡាន​សាមុយ​សម្រាប់​ដឹក​អ្នក​ជំងឺ​មក​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរ​ពេទ្យ​ធំៗ​នោះ​ទេ ហើយ​បណ្ដោយ​ឲ្យ​គ្រួសារ​របស់​អ្នក​ជំងឺ​ទទួល​រ៉ាប់រង​ដោយ​ខ្លួន​ឯង ដោយ​ទូរស័ព្ទ​ហៅ​ឡាន​សាមុយ​ពី​មន្ទីរ​ព្យាបាល​រោគ​ធំៗ​នៅ​ឯ​ទី​ប្រជុំ​ជន​ក្រុង។ ពេល​ខ្លះ​អ្នក​ជំងឺ​ក៏​បាន​បាត់បង់​ជីវិត​នៅ​មុន​ពេល​ដែល​ឡាន​សាមុយ​មក​ដល់ និង​អ្នកជំងឺ​ខ្លះ​ទៀត​ក៏​ដាច់​ខ្យល់​​នៅ​ក្នុង​ឡាន​សាមុយ​ដែល​កំពុង​បើក​ឆ្ពោះ​ទៅ​កាន់​មន្ទីរ​ព្យាបាល​រោគ​របស់​ខ្លួន​នោះ ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​ដុនដាប​ពេក។​

កត្តា​ទី​ពីរ​អាច​បណ្ដាល​មក​ពី​ការ​យល់​ដឹង​ពី​ការ​ថែ​ទាំ​សុខភាព​របស់​ពលរដ្ឋ​ ពិសេស​ស្ត្រី​នៅ​តាម​សហគមន៍​មូលដ្ឋាន​នៅ​មាន​កម្រិត។ ស្ត្រី​របស់​យើង​ភាគ​ច្រើន​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ក្រីក្រ​មិន​បាន​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​មុន​សម្រាល​និង​ក្រោយ​ពេល​សម្រាលកូន​នោះ​ទេ ហើយ​ដោយ​សារ​តែ​ភាព​ក្រីក្រ​ផង និង​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ផង ស្ត្រី​ខ្លះ​នៅតែ​សម្រាល​កូន​នៅ​ឯ​ផ្ទះ​ជា​មួយ​ឆ្មប​បុរាណ ដែល​ពេល​ខ្លះ​ឆ្មប​ទាំង​នោះ​មាន​ជំនាញ​មិន​ច្បាស់​លាស់ គ្មាន​ឧបករណ៍​គ្រប់គ្រាន់ និង​គ្មាន​បច្ចេកទេស​ខ្វះ​អនាម័យ ដូច​នៅ​ឯ​មណ្ឌល​​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​នោះ​ឡើយ​។

ទីបី កត្តា​វប្បធម៌​ និង​បទដ្ឋាន​សង្គម​តឹងតែង​​ដែល​នៅ​តែ​ប្រកាន់​យក​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​មួយ​ចំនួន ពិសេស​អ្នក​នៅ​តាម​តំបន់​ជនបទ ក៏​អាច​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុខភាព ដូច​ជា​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវ​ភេទ ការ​រួមភេទ​ដោយ​សុវត្ថិភាព​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ ឬ​ក៏​ការពារ​មិន​ឲ្យ​មាន​កូន​ដោយ​ចៃដន្យ​នោះ​គឺ​មិន​ត្រូវ​បាន​និយាយ​ជា​ចំហ​ឡើយ។ ស្ត្រី​មាន​ការ​ខ្មាស​អៀន​មិន​ហ៊ាន​និយាយ​ជា​សាធារណៈ សូម្បី​តែ​នៅ​ក្នុង​សមាជិក​គ្រួសារ​របស់​ខ្លួន​ពី​បញ្ហា​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវ​ភេទ ការ​រួមភេទ​ដោយ​សុវត្ថិភាព​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ ឬ​ក៏​ការពារ​មិន​ឲ្យ​មាន​កូន​ដោយ​ចៃដន្យ​នោះ។ ឧទាហរណ៍​មួយ​ដ៏​តូច សូម្បី​តែ​ម្ដាយ​ភាគច្រើន​ក៏​មិន​ដែល​បាន​និយាយ​ប្រាប់​កូន​ស្រី​របស់​ខ្លួន​ពី​ការ​មក​រដូវ​របស់​មនុស្ស​ស្រី​នៅ​ពេល​ពេញ​វ័យ​នោះ​ដែរ គឺ​ទុក​ឲ្យ​កូន​ស្រី​បាន​ដឹង​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​ខ្លួន​បាន​ជួប​នឹង​បញ្ហា គឺ​បណ្ដោយ​តាម​ធម្មជាតិ ដោយ​មិន​បាន​ផ្ដល់​ការអប់រំ ណែនាំ​ទុក​ជា​មុន។

ឯ​កត្តា​ទីបួន​ក៏​អាច​ទាក់​ទិន​នឹង​អំពើ​ពុក​រលួយ និង​ខ្វះ​ក្រម​សីលធម៌​របស់​គ្រូពេទ្យ និង​បុគ្គលិក​មួយ​ចំនួន​របស់ មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ខ្លះ​ដែរ។ មាន​ពេល​ខ្លះ​ទៀត សូម្បី​តែ​មន្ទីរ​ពេទ្យ​ជំនាញ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ពោះ​ក៏​មាន។ ឧទាហរណ៍​ករណី​ថ្មី​បំផុត​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា មាន​មរណភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះធ្វើ​ឲ្យ​ក្រុម​គ្រួសារ​​ និង​សាច់​ញាតិ​នៃ​សព​មាន​ប្រតិកម្ម​ និង​បាន​ចាត់​ទុក​ថា​ ជា​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ស្ត្រី​​និង​កូន​ក្នុង​ផ្ទៃ​ដោយ​ទុក​ចោល​រហូត​ដល់​ឈឺ​ពោះ​ប្រកាច់​បែក​ពពុះ​មាត់​ស្លាប់​នៅ​លើ​គ្រែ​យ៉ាង​អាណោចអាធ័ម។ ពេល​ខ្លះ​ទៀត គ្រូ​ពេទ្យ​ជំនាញ​មួយ​ចំនួន​គិត​តែ​ពី​លុយ បើ​​គ្មាន​លុយ​ទុក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ដោយ​មិន​អស់​ចិត្ត

ឯគ្រូ​ពេទ្យ​ខ្លះ​ត្រូវ​បាន​សាធារណៈ​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ថា ជា​​ពេទ្យ​​​មុខ​លុយ គ្មាន​សីលធម៌ គឺ​មិន​មែន​ជា​គ្រូពេទ្យ​មនុស្សជាតិ​នៅ​ឋាន​មនុស្ស​លោក​ឡើយ តែ​ជា​គ្រូពេទ្យ​នៅ​ឋាន​យមបាល ព្រោះ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន។

ដោយ​សារ​តែ​កត្តា​អវិជ្ជមាន​ខាង​លើ​នេះ​ហើយ ទើប​យើង​ពិត​ជា​គាំទ្រ​ដល់​ចលនា​ដែល​នាំ​ឲ្យ​មាន​ការ​ណែនាំ​និង​​ការ​បញ្ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ទទួល​​សេវា​ព្យាបាល​​ទាន់​ពេលវេលា និង​ចំ​ទីកន្លែង ដែល​ជា​​កាយ​វិការ​សប្បុរស​របស់​ក្រុម​ភ្នាក់ងារ​ទ្រទ្រង់​សុខភាព​​ភូមិ​ និង​សមាគម​ថែទាំ​​សុខភាព​គ្រួសារ​នានា​នៅ​ទូទាំង​ប្រទេស។

ជា​ការ​ពិត នៅ​ក្នុង​សង្គម​គ្រួសារ​មួយ បើ​មាន​សមាជិក​ជា​ស្ត្រី ពិសេស​ស្ត្រី​ដែល​ជា​មេផ្ទះ ជា​មាតា​កំពុង​ថែ​ទាំ​កូន​មាន​បញ្ហា​សុខភាព នោះ​ក្រុម​គ្រួសារ​ទាំង​មូល​នឹង​ជួប​បញ្ហា ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​ទាំង​មូល។ ចុះ​បើ​ក្រុម​គ្រួសារ​ភាគ​ច្រើន​មាន​បញ្ហា​នោះ តើ​សង្គម​ទាំងមូល​នឹង​ជួប​ផលវិបាក​យ៉ាង​ណា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច?

យើង​ទាំង​អស់​គ្នា ទាំង​ស្ថាប័ន​ស្ថាប័ន​រដ្ឋ​ និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​ត្រូវ​រួម​គ្នា​ជួយ​ជំរុញ​​​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​​ដល់​ក្រុម​គ្រួសារ​នៅ​ឯ​មូលដ្ឋាន ដោយ​លើក​ទឹក​ចិត្ត​​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ស្ត្រី​ឲ្យ​មាន​ការ​ប្រែប្រួល​ទម្លាប់ អាកប្បកិរិយា និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន ដោយ​ឲ្យ​ពួកគេ​បាន​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​មុន​សម្រាល​និង​ក្រោយ​សម្រាលកូន និង​បាន​ទៅ​សម្រាល​កូន​នៅ​ឯ​មណ្ឌល​​សុខភាព។ មិន​តែ​ប៉ុណ្ណោះ ត្រូវ​ជួយ​ផ្សព្វផ្សាយ និង​ផ្ដល់​ការ​អប់រំ​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​ពី​ចំណេះ​ដឹង​ទូទៅ និង​ផ្នែក​ច្បាប់ ដើម្បី​ឲ្យ​ស្ត្រី​បាន​យល់​កាន់​តែ​ទូលំទូលាយ និង​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​នៅ​ក្នុង​គ្រួសារ​ទាំង​នៅ​ក្នុង​សង្គម។ ជាង​នេះ​ទៅ​ទៀត ការ​ពង្រឹង​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ជា​កត្តា​ដ៏​ចម្បង ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​មហា​ជន និង​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទាន់​ពេល ហើយ​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ត្រូវ​តែ​ទទួល​ពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋ ប្រសិន​បើ​ត្រូវ​បាន​គេ​​រក​ឃើញ​ថា មាន​កំហុស និង​ការ​ធ្វេសប្រហែស​ដោយ​ចេតនា​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ។​

បើ​ស្ត្រី​មាន​ការ​យល់​ដឹង​ពី​សុខភាព​ទាំង​ខ្លួន​ឯង​ផង និង​សុខភាព​កូន​ចៅ​ផង នោះ​គ្រួសារ​ទាំង​មូល​នឹង​មាន​សុខភាព​ល្អ និង​មាន​សេចក្ដី​សុខសាន្ត។ បើ​គ្រួសារ​ភាគ​ច្រើន​មាន​ចំណុច​ទាំង​នេះ​ហើយ នោះ​សង្គម​ទាំង​មូល​ក៏​មាន​សេចក្ដី​សុខ និង​សុភមង្គល​ដែរ។ ហេតុ​នេះ​ត្រូវ​រួម​គ្នា​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់ស្រ្តី ដែលជា​​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៅ​ក្នុង​គ្រួសារ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​នៅ​ក្នុង​សង្គមទាំងមូល៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច